• ជនជាតិដើម​ភាគតិច​មកពី​ព្រះវិហារ​និង​មណ្ឌលគិរី ស្នើ​ជាថ្មី​ឲ្យ​រដ្ឋាភិបាល​ដក​ដី​សម្បទា​ន​ពី​ក្រុមហ៊ុន​

    • ថ្ងៃចេញផ្សាយ ៨-មករា-២០១៥

    ជនជាតិដើម​ភាគតិច​នៅ​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ និង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ស្នើ​ជាថ្មី​ម្ដងទៀត​ឲ្យ​រដ្ឋាភិបាល​ដក​ដី​ដែល​បានធ្វើ​សម្បទាន​ទៅ​ឲ្យ ក្រុមហ៊ុន​ឡាន​ហ្វេ​ង ក្រុមហ៊ុន​រូ​យ​ហ្វេ​ង និង​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ មកវិញ ដោយ​ចោទថា​ក្រុមហ៊ុន​ទាំងនោះ​ធ្វើការ​អភិវឌ្ឍន៍​មិន​គោរព​ច្បាប់​ភូមិបាល ឈូសឆាយ​កម្ទេច​ចម្ការ​ដំណាំ​វិលជុំ​របស់​ពួកគេ ។​​ការអំពាវនាវ​នេះ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ស្នាក់ការ​របស់​អង្គការ Ngo Forum នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ។​​តំណាង​ជនជាតិដើម​ភាគតិច​គួ​យមក​ពី​ភូមិ​ស្រែ​ព្រាង ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ លោក អ៊ុក ពឿ​ន ថ្លែងថា ក្រុមហ៊ុន​ឡាន​ហ្វែ​ង និង​ក្រុមហ៊ុន​រូ​យ​ហ្វេ​ង មិនដែល​គោរព​ច្បាប់​ទេ ដោយ​គាត់​អះអាងថា​ក្រុមហ៊ុន​នេះ​បាន​ចូលធ្វើការ​ឈូសឆាយ​ដីស្រែ​ចម្ការ របស់​ប្រជាពលរដ្ឋ និង​បំផ្លាញ​ទំនៀមទម្លាប់ និង​ជីវិត​រស់នៅ​របស់​ជន​ជាតិ​ដើម​ភាគតិច ។​​តំណាង​ជនជាតិដើម​ភាគតិច​ព្នង​មកពី​ភូមិ​ចក់​ចារ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី លោក ភៅ អាន រៀបរាប់ថា ចាប់តាំងពី​ក្រុមហ៊ុន​វៀតណាម​ប៊ិ​ញ​ភឿ​ក​១​ចូលទៅ​ឈួ​ស​ឆាយ​ព្រៃ​សហគមន៍ និង​ដំណាំ​ស្រែចម្ការ​របស់​ពួកគាត់ ធ្វើ​ឲ្យ​ស្ថានភាព​ប្រជាពលរដ្ឋ​នៅ​ទីនោះ​មាន​ភាពដុនដាប ព្រោះ​សហគមន៍​ជនជាតិដើម​ភាគតិច​ទាំងនោះ​គិតតែ​ចេញទៅ​តវ៉ា​ដើម្បី​ដីធ្លី របស់ខ្លួន មិនបាន​ប្រកបមុខរបរ​អ្វី​នោះទេ ។ លោក​បន្តថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ជួយ​ដោះស្រាយ​ពួកគេ​ទេ នោះគេ​នឹង​បន្ត​តវ៉ា​រហូត ហើយ​ឈប់​គាំទ្រ​បក្ស​កាន់អំណាច ។​​ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​ជនជាតិដើម​ភាគតិច​មកពី​ខេត្ត​ទាំងពីរ នេះ​ឲ្យ​ដឹងថា អាជ្ញាធរ ខេត្តព្រះវិហារ និង​ខេត្តមណ្ឌលគិរី មិនដែល​ជួយ​ការពារ​ពលរដ្ឋ​ទេ ផ្ទុយទៅវិញ​គឺ​ការពារ​ក្រុមហ៊ុន​ដែល​ទទួលបាន​សម្បទាន​ដី​សេដ្ឋកិច្ច ដោ​យមក​គំរាម​ចាប់​ដាក់គុក សំឡុត បំភិតបំភ័យ ចោទប្រកាន់​សហគមន៍​ជនជាតិដើម​ភាគតិច ដែល​ពួកគេ​ការពារ​ដី និង​ព្រៃឈើ​របស់ខ្លួន ។​ ​សេចក្តីថ្លែងការណ៍​រួម​ឲ្យ​ដឹងថា ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ នៅ​ខេត្តមណ្ឌលគិរី និង​ក្រុមហ៊ុន​ឡាន​ហ្វេ​ង និង​រូ​យ​ហ្វេ​ង នៅ​ខេត្តព្រះវិហារ នៅតែ​បន្ត​លួច​ឈួ​ស​ឆាយដី​សហគមន៍​ទាំងយប់​ទាំង​ថ្ងៃ​រាល់ថ្ងៃ ។​VOD​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន និង​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិ​ត្យ សុធា បានទេ​ដោយ​ទូរ​សព្ទ​មិនមាន​អ្នកទទួល ។​​ប្រធាន​ផ្នែក​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ឡា​ត់ គី មានប្រសាសន៍ថា រដ្ឋាភិបាល​ត្រូវតែ​ចាត់ការ​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​មិន​គោរព​ច្បាប់ ព្រោះ​ក្រុមហ៊ុន​គ្រាន់តែ​ជា​ភាគី​មួយ​ចូលមក​វិនិយោគ​ប៉ុណ្ណោះ ដូច្នេះ​ក្រុមហ៊ុន​ត្រូវតែ​គោរព​សិទ្ធិ​ម្ចាស់​ប្រទេស ។ លោក​បន្តថា ចំពោះ​អាជ្ញាធរ​ថ្នាក់ក្រោម​ត្រូវអនុវត្ត​តាម​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ ខ្លួន មិនមែន​ការពារ​ឲ្យ​តែ​ក្រុមហ៊ុន​ដើម្បី​លាភសក្ការៈ​នោះទេ ៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចេញផ្សាយថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ ។