• អាដហុក​ទាមទារ​ឲ្យ​តុលាការខេត្ត​ព្រះវិហារ​ដោះ​លែង​ប្ដី​ប្រពន្ធ​តវ៉ា​រឿង​ដីធ្លី​និង​កូនតូច​

    • ថ្ងៃចេញផ្សាយ ១៥-មករា-២០១៥

    តុលាការខេត្ត​ព្រះវិហារ បានសម្រេច​ឃុំខ្លួន​អ្នក​តវ៉ា​ដីធ្លី ពីរ​នាក់​ប្ដី​ប្រពន្ធ និង​កូនស្រី​តូច​ម្នាក់​អាយុ ៨​ខែ នៅក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន នៅ​ថ្ងៃ​ពុធ ទី​១៤ ខែមករា​។ ការសម្រេច​ឃុំខ្លួន​នេះ ធ្វើ​ឲ្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (adhoc) ប្រចាំខេត្ត​ព្រះវិហារ មានប្រតិកម្ម​ថា គឺជា​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្តព្រះវិហារ កំពុង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ប្ដី​ប្រពន្ធ​ពីរ​នាក់ ដែលជា​អ្នកភូមិ​ពោធិ៍​ទាប ឃុំ​ម្លូព្រៃ​១ នៃ​ស្រុក​ឆែប ឲ្យ​មាន​សេរីភាព​វិញ​។​​ការទាមទារ​នេះ បន្ទាប់​សមត្ថកិច្ច​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែមករា កន្លងទៅ ហើយ​ស្ត្រី​ជា​ប្រពន្ធ​បានកើត​មាន​អាកា​រៈទាស់​សរសៃ គ្មាន​ទឹកដោះ​បំបៅកូន​តូច​ដែល​ជាប់ឃុំ​ជាមួយ​។​​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្តព្រះវិហារ គឺ​លោក ឡោ ចាន់​។ លោក​មានប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​១៤ ខែមករា ថា លោក​ទាមទារ​ឲ្យ​តុលាការ​ត្រូវតែ​ដោះលែង​បុរស​ឈ្មោះ សន វុទ្ធី និង​ស្ត្រី​ឈ្មោះ លឹម សុខ​ឃីម អាយុ ៤៥​ឆ្នាំ​ជាបន្ទាន់​៖ «​យើង​ឃើញថា​ឃុំ ហ្នឹង​វា​ដូច​អយុត្តិធម៌​ដែរ ឃុំ​ទាំង​ប្ដី​ទាំង​ប្រពន្ធ ហើយ​អាណិត​ក្មេងស្រី​តូច​អាយុ ៨​ខែ​ដែល​កំពុងតែ​ជាប់​នៅ​ពន្ធនាគារ​ដូចគ្នា ជាពិសេស​គាត់​ទាស់សរសៃ​ទៀត កូន​គាត់​ទើបបាន ៨​ខែ កូន​គាត់​យំ​អត់​មាន​ទឹកដោះ​បៅ​»​។​​ការចាប់​អ្នកភូមិ​ពោធិ៍​ទាប ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ ធ្វើឡើង​បន្ទាប់​គាត់​ដឹកនាំ​អ្នកភូមិ​តវ៉ា​រឿង​ដីធ្លី​ប្រឆាំងនឹង ក្រុមហ៊ុន​ចិន ឈ្មោះ រួយ ហ្វេ​ង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ខ្លះទៀត​។​​ទោះយ៉ាងណា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រះវិហារ ដែលជា​អ្នក​កាន់​សំណុំរឿង​ក្តី​នេះ លោក ឡុង ស៊ីថា បដិសេធ​មិន​ពន្យល់​ជុំវិញ​ការឃុំខ្លួន​អ្នកភូមិ​ពីរ​នាក់​នោះ ដោយ​ចោទប្រកាន់​ពីបទ​អ្វី​ឡើយ ដោយ​លោក​គ្រាន់តែ​ប្រាប់ថា កំពុង​ជាប់រវល់​ប្រជុំ​។​​ចំណែក​អភិបាលរង​ស្រុក​ឆែប លោក សួស សេរី ឲ្យ​ដឹងថា អ្នកភូមិ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ចូលទៅ​សង់​ខ្ទម​ខុសច្បាប់​លើដី​គម្រប ព្រៃឈើ​របស់​រដ្ឋ​៖ «​អាជ្ញាធរ​ធម្មតា​ជា​អាណាព្យាបាល​របស់​ប្រជាពលរដ្ឋ ត្រូវតែ​សម្របសម្រួល​មុននឹង​ឈានដល់​ការចាប់ខ្លួន ប៉ុន្តែ​គាត់​អត់​ស្ដាប់​ទេ​។ បើកាលណា​ខ្ញុំ​សម្របសម្រួល​មិនបាន មានតែ​ចាត់វិធានការ​ផ្លូវច្បាប់​»​។​​នៅ​ល្ងាច​ថ្ងៃ​ពុធ នេះ សហគមន៍​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅក្នុង​ស្រុក​ឆែប និង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​លើកគ្នា​ទៅ​តវ៉ា​នៅមុខ​តុលាការ ខេត្តព្រះវិហារ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នកភូមិ​ពីរ​នាក់​ប្ដី​ប្រពន្ធ ដែលមាន​កូនតូច​អាយុ ៨​ខែ​ចេញពី​ពន្ធនាគារ​វិញ​៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ។