• អង្គការសិទ្ធិមនុស្សអន្ដរជាតិ៖ សេចក្ដីព្រាងច្បាប់បោះឆ្នោតកម្ពុជារំលោភលើសិទ្ធិមនុស្សជាមូលដ្ឋាន

    • ថ្ងៃចេញផ្សាយ ១៧-មីនា-២០១៥

    ​លោក Brad Adams នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្ដរជាតិ​បាន​ឲ្យ​ដឹង​តាមរយៈ​សេចក្ដីថ្លែងការណ៍ ចុះ​ថ្ងៃទី​១៦​មីនា​ថា សេចក្ដីព្រាង​សេចក្ដីស្នើច្បាប់​ស្ដីពី​ការបោះឆ្នោត និង​សេចក្ដីព្រាង​សេចក្ដីស្នើច្បាប់ គជប ដែល​រៀបចំ​ដោយ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ បានដាក់​កម្រិត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ ព្រមទាំង​ការជួបជុំ ហើយ​ជាពិសេស វា​បានដាក់​កម្រិត​សិទ្ធិសេរីភាព​របស់​អង្គការ សមាគម​នានា​។លោក​បន្តថា ប្រសិនបើ​សេចក្ដីព្រាងច្បាប់​ទាំងនេះ​ត្រូវបាន​អនុម័ត​ដោយ​គ្មាន​ការកែប្រែ នោះ​ការបោះឆ្នោត​នៅ​កម្ពុជា​នាពេល​អនាគត ទំនងជា​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ឡើយ​។ នេះ​បើតាម​លោក Brad Adams​។​​នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​អន្ដរជាតិ​មួយ​នេះ បានលើកឡើង​ទៀតថា វា​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បានដាក់​បញ្ចូល​បទបញ្ញត្តិ​ទាំងនេះ ទៅក្នុង​សេចក្ដីព្រាងច្បាប់​។ ប៉ុន្តែ​គេ​ត្រូវតែ​បន្ទោស​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្សប្រឆាំង ដែល​បាន​ព្រមព្រៀង​ឲ្យ​មាន​ការដាក់ទោសទណ្ឌ និង​ដាក់​កម្រិត​ចំពោះ​ការបញ្ចេញមតិ ព្រមទាំង​ការកំណត់​សិទ្ធិ​របស់​សាធារណជន​ក្នុងការ​ធ្វើ​យុទ្ធនាការ​ប្រមូលផ្ដុំ​នានា​។​​បើតាម​លោក Brad Adams នៅក្នុង​សេចក្ដីព្រាងច្បាប់​ថ្មី​នេះ គ្មានអ្វី​ដែល​អាច​រារាំង​មិន​ឲ្យ​គណបក្សកាន់អំណាច រៀបចំ​ចាត់ចែង​ម៉ាស៊ីន​បោះឆ្នោត​នាពេលខាងមុខ ឲ្យ​បាន​តិចជាង​អំឡុងពេល​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣​នោះឡើយ​។ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់តែ​បាន​ប្ដេជ្ញាចិត្ត​គោរព​ស្តង់ដារ​សិទ្ធិមនុស្ស​អន្ដរជាតិ បាន​គាំទ្រ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​គណបក្សកាន់អំណាច បន្ត​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ និង​បង្ខូច​លទ្ធផល​បោះឆ្នោត​តទៅទៀត​។ នេះ​បើតាម​លោក​ ​BradAdams​។​គួរ​ជម្រាបជូន​ថា សេចក្ដីថ្លែងការណ៍​រប​ស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្ដរជាតិ​នាពេលនេះ ចេញផ្សាយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេលដែល​សេចក្ដីព្រាង​សេចក្ដីស្នើ​ច្បាប់បោះឆ្នោត នឹងត្រូវ​បញ្ជូនទៅ​រដ្ឋ​សភា​អនុម័ត​នៅ​ថ្ងៃទី​១៩​ខែមីនា​ខាងមុខ​។ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ការបោះឆ្នោត​នៅ​កម្ពុជា ក៏បាន​សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​សេចក្ដីព្រាងច្បាប់​ទាំងពីរ​នេះដែរ ដោយ​អះអាងថា ច្បាប់បោះឆ្នោត​ថ្មី​នោះ បម្រើ​ប្រយោជន៍​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ច្រើនជាង​ប្រយោជន៍​ប្រជាពលរដ្ឋ​ទូទៅ​៕​ដកស្រង់ចេញពីវិទ្យុបារាំង ចេញផ្សាយថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៥