• ពលរដ្ឋ​នៅ​កំពង់ស្ពឺ​ចោទ​ក្រុមហ៊ុន​ស្ករស លី យ៉ុង​ផាត់ បង្ហូរ​កាកសំណល់​ចូល​ស្ទឹង​

    • ថ្ងៃចេញផ្សាយ ២៧-មីនា-២០១៥

    ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្ព​ង់ ខេត្តកំពង់ស្ពឺ ចោទប្រកាន់​ក្រុមហ៊ុន​ផលិត​ស្ករស​របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ ថា​បាន​បង្ហូរ​សារធាតុ​នៃ​កាកសំណល់​ចេញពី​រោងចក្រ​ចូល​ទឹកស្ទឹង និង​អូរ​ធម្មជាតិ ដែល​អ្នកស្រុក​តែង​ប្រើប្រាស់​ប្រចាំថ្ងៃ​។​​ចំណែក​ភាគី​តំណាង​ក្រុមហ៊ុន​ស្ករស លោក លី យ៉ុង​ផាត់ វិញ​បញ្ជាក់ថា សារធាតុ​ដែល​បែកធ្លាយ​ចេញពី​ធុង​នោះ គឺមាន​ជាតិ​ស្ករ​សុទ្ធ ពុំ​បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​សុខភាព​ទេ​។​​ប្រជាពលរដ្ឋ​អះអាងថា គិត​មកដល់ពេលនេះ ទឹក​នៅតាម​ដងអូរ​ធ​ម្ម​ជាតិ និង​នៅតាម​ស្ទឹង បាន​ប្រែ​ពណ៌​ពី​ថ្លា​ទៅជា​ខ្មៅ បណ្ដាល​ឲ្យ​ត្រី​ងាប់​ជា​បន្តបន្ទាប់ ចំណែក​មនុស្ស និង​សត្វ ប្រើប្រាស់​ទឹក​នោះ​លែងកើត​។​​អ្នកភូមិ​រស់នៅ​ភូមិ​តា​កោង ឃុំ​អម​លាំង លោកស្រី គឹម ចេង ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៥ ខែមីនា ថា ចាប់តាំងពី​ក្រុមហ៊ុន​ស្ករស​របស់ លោក លី យ៉ុង​ផាត់ បាន​បញ្ចេញ​កាកសំណល់​នៃ​អំពៅ​ដែល​ផលិត​ចេញពី​រោងចក្រ​រួច ធ្វើ​ឲ្យ​ទឹក​ដែល​ប្រជាពលរដ្ឋ​តែង​ប្រើ​ប្រចាំថ្ងៃ គឺមាន​ជាតិពុល ប្រើ​លែង​បាន​។ លោកស្រី​បន្តថា ឥឡូវនេះ​ដោយសារ​ទឹកស្ទឹង​ប្រើ​ពុំ​កើត ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោម​ខ្សែទឹក​រាប់ពាន់​គ្រួសារ កំពុង​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់​។ បញ្ហា​ដែល​កំពុង​ប្រឈម​ចំពោះមុខ​នៅពេលនេះ នូវ​មិន​គិតពី​សត្វ​គោ ក្របី និង​ការផ្គត់ផ្គង់​បន្លែ​ផ្លែឈើ​នៅឡើយ​ផង​៖ «​សំឡេង​»​។​​ប្រជាពលរដ្ឋ​និយាយថា បញ្ហា​នេះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើងៗ​ចាប់តាំងពី​ថ្ងៃទី​១៣ មីនា ក្រោយពី​កើតហេតុ​កាលពី​ដើមខែ​នេះ​រួចមក​។ មាន​ភូមិ​ចំនួន​៨ ក្នុង​ឃុំ​អម​លាំង នៅក្រោម​ខ្សែទឹក កំពុង​រង​ផលប៉ះពាល់​ខ្លាំង ដែលមាន​ពលរដ្ឋ​រាប់ម៉ឺន​គ្រួសារ​។ ទន្ទឹមនេះ​នៅមាន​ស្រុក​ចំនួន​៤ ផ្សេងទៀត រួមមាន​ស្រុក​ថ្ព​ង់ និង​ស្រុក​ឧ​ត្តុ​ង្គ ក្នុង​ខេត្តកំពង់ស្ពឺ ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ក៏​កំពុង​ប្រឈម​ណាស់ដែរ​។ លើសពីនេះ​ទៀត អ្នក​ដែល​យក​ត្រី​ពី​ក្នុង​ស្ទឹង​មក​ហូប បង្ក​ឲ្យ​រាករូស​ធ្ងន់ធ្ងរ​ក្នុងដំណាក់កាល​ចុងក្រោយ​នេះ​។​​មេឃុំ​អម​លាំង កញ្ញា តឹក នី​ម មកពី​គណបក្ស សម រង្ស៊ី ទទួលស្គាល់ថា ពិតជា​មាន​សារ​ធាតុគីមី​ដែល​បង្ហូរ​ចេញពី​រោងចក្រ​របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ ពិតមែន​។ កញ្ញា​បន្តថា ក្រោយពី​មានប្រតិកម្ម​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន​បាន​អន្តរាគមន៍​ម្ដង​រួចមកហើយ ក៏ប៉ុន្តែ​បញ្ហា​នៅតែ​កើតមាន​ដដែល​៖ «​សំឡេង​»​។​​រស់នៅ​ភូមិ​គោក ឃុំ​អម​លាំង លោក ចាន់ សុខឿន បញ្ជាក់ថា សារធាតុ​ដែល​ហូរ​ចេញពី​ក្រុមហ៊ុន​ស្ករស​របស់ លោក លី យ៉ុង​ផាត់ នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​អ្នករស់នៅ​ក្រោម​ខ្សែទឹក​។លោក​បន្ថែមថា ត្រី​ងាប់​ជា​បន្តបន្ទាប់ ទឹក​ប្រែ​ពណ៌​ខ្មៅ ដោយឡែក​មនុស្ស​កើត​កមរមាស និង​ចុង​ក្រោយនេះ គោ និង​សត្វពាហនៈ​ផ្សេងទៀត​ដែល​ផឹកទឹក​នេះ បាន​ពុល​ងាប់​ជា​ហូរហែ​។ ជាងនេះទៀត ទឹក​មាន​ធុំ​ក្លិនស្អុយ​ភាយ​ចេញពី​ទឹក បង្ក​ឲ្យ​អ្នករស់នៅ​ក្បែរ​ស្ទឹង​ពិបាក​ទ្រាំ និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវដង្ហើម​។​​វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការបំភ្លឺ​បន្ថែម​ពី​អភិបាលរង​ស្រុក​ថ្ព​ង់ លោក គាវ លាង​គា បានទេ ដោយ​ទូរស័ព្ទ​ចូល តែ​លោក​ព្យាយាម​ផ្ដាច់​ជាច្រើន​ដង​នៅ​ថ្ងៃទី​២៥ ខែមីនា​។​​ភាគី​តំណាង​ក្រុមហ៊ុន​ស្ករស​របស់ លោក លី យ៉ុង​ផាត់ លោក ស៊ិន ស​ត្ថា ទទួលស្គាល់ថា ពិត​ជាមាន​បញ្ហា​កើតឡើង​យ៉ាង​ដូច្នេះ​មែន ក៏ប៉ុន្តែ​លោក​បញ្ជាក់ថា សារធាតុ​នេះ​វា​ពុំមែន​បង្កប់​ដោយ​ជាតិគីមី​ទេ​។ ផ្ទុយទៅវិញ មូលហេតុ​ដែល​នាំ​ឲ្យ​ជះឥទ្ធិពល​អាក្រក់​នៅក្នុង​ទឹក ដោយសារតែ​ជាតិ​ស្ករ​ហូរ​ចេញពី​ធុង​វា​មាន​កម្ដៅ​ខ្លាំង​។ លោក​បដិសេធ​ទៀតថា ក្រុមហ៊ុន​ពុំមាន​ចេតនា​ធ្វើបាប​ពលរដ្ឋ​ទេ វា​គឺជា​កំហុស​បច្ចេកទេស​សុទ្ធសាធ​៖ «​សំឡេង​»​។​​លោក អំ សំអាត មន្ត្រីជាន់ខ្ពស់​អង្គការ​លីកាដូ (Licadho) យល់ឃើញថា ក្រុមហ៊ុន​ត្រូវ​ហ៊ាន​ទទួលខុសត្រូវ​ចំពោះមុខ បើ​ទោះ​ហេតុការណ៍​កើតឡើង​នោះ​វា​ជា​កំហុស​បច្ចេកទេស ឬ​ជា​កំហុស​ចេតនា​ក៏ដោយ​៖ «​សំឡេង​»​។​​តំណាង​ភាគី​ក្រុមហ៊ុន​ផលិត​ស្ករស​របស់ លោក លី យ៉ុង​ផាត់ អះអាងថា នៅពេលនេះ​ភាគី​ក្រុមហ៊ុន​បាន​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ហើយ​។ ដោយឡែក​កិច្ច​ការដែល​នៅ​សេសសល់ គឺ​កំពុង​សហការ​ជាមួយ​អាជ្ញាធរ បើកទឹក​ពី​ប្រភព​ផ្សេង​ដើម្បី​បោសសម្អាត​អ្វីដែល​បង្ក​ឲ្យ​មាន​បញ្ហា​ចេញ​៕​ដកស្រង់​ចេញពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ​២០១៥ ។​