• ជនរងគ្រោះ​នៃ​ការ​គប់​គ្រាប់បែក​នៅមុខ​អតីត​រដ្ឋសភា នៅតែ​ទទូច​សុំ​រក​យុត្តិធម៌​

    • ថ្ងៃចេញផ្សាយ ៣១-មីនា-២០១៥

    ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដោយ​គប់​គ្រាប់បែក​កាលពី​ឆ្នាំ​១៩៩៧ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅថ្ងៃនេះ បានចាប់ផ្ដើម​ឡើង​ដោយ​ការសូត្រ​ធម៌​ពី​ព្រះសង្ឃ​ប្រមាណ​ជា​៥០​អង្គ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​នៃ​ជនរងគ្រោះ​ចំនួន​១៦​រូប ដែល​គេ​បាន​តាំង​រូបថត​និង​ឈ្មោះ នៅ​ពីមុខ​ចេតិយ​ពណ៌​មាស​។ បន្ទាប់មក គឺជា​ការឡើង​ថ្លែង​សារ​ជា​បន្តបន្ទាប់ ដែល​ដំបូង​ឡើយ​គឺជា​សារ​របស់លោក សឺ​ន ស៊ូ​ប៊ែ​រិ៍ ប្រធាន​គណបក្ស​ សម រ​ង្ស៊ី និង​បន្ទាប់មក​គឺជា​សេចក្ដីថ្លែងការណ៍​របស់​លោក​ កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ភាគច្រើន ខ្លឹមសារ​នៃ​សេចក្ដីថ្លែងការណ៍​ថ្ងៃនេះ គឺ​គ្មានអ្វី​ក្រៅពី​ការទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​តុលាការ ស្វែងរក​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ​ទាំងនេះ​ទេ​។​​លោក សំ ជឿន តំណាង​ជនរងគ្រោះ​បាន​ថ្លែងថា អស់​រយៈពេល​១៨​ឆ្នាំ​ហើយ ដែល​ឃាតករ និង​អ្នក​នៅ​ពីក្រោយ​នៃ​សំណុំរឿង​គប់​គ្រាប់បែកដៃ​នៅមុខ​អតីត​មន្ទីរ​រដ្ឋសភា​ចា​ស់​នេះ មិនទាន់​ត្រូវបាន​នាំយកមក​កាត់ទោស​នោះទេ​។​​ចំណែកឯ​លោក ​កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែង​សុំទោស​ចំពោះ​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ និង​ក្រុមគ្រួសារ​របស់​ពួកគេ ដែល​បាន​ស្លាប់​និង​របួស​ដោយ​អំពើ​គប់​គ្រាប់បែកដៃ​នេះ​។ ប៉ុន្តែ​លោក កឹម សុខា បាន​សន្យាថា នឹងមិន​បញ្ចប់​ត្រឹម​ការ​សូមទោស​នោះទេ ដោយ​លោក​នឹង​បន្ត​ការតស៊ូ ទាមទារ​ស្វែងរក​យុត្តិធម៌​បន្តទៅទៀត តែ​ជាការ​ទាមទារ​ដោយ​អហិង្សា និង​សន្តិវិធី​។​​គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​៣០​មីនាឆ្នាំ​១៩៩៧ ព្រឹត្តិការណ៍​គប់​គ្រាប់បែក​មួយ បានកើត​ឡើង​នៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ចំនួន​៤​គ្រាប់ ទៅលើ​ហ្វូង​បាតុករ ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​។ ជា​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ដែល​កាលណោះ គឺជា​ប្រធាន​គណបក្ស​ជាតិខ្មែរ​។ នៅក្នុង​ព្រឹត្តិការណ៍​នោះ មាន​មនុស្ស​១៦​នាក់​ស្លាប់ និង​ជាង​២០០​នាក់​រងរបួស ក្នុងនោះ​ក៏មាន​លោក​ សម រង្ស៊ី ដែរ​។ ការ​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​ជនរងនៅ​ថ្ងៃទី​៣០​មីនា​នេះ គឺជា​ឆ្នាំ​ទី​១៨​ហើយ ដែល​គណបក្សប្រឆាំង​តែងតែ​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ និង​ក៏​ជា​ឱកាស​ដើម្បី​បំពង​សំឡេង ស្វែងរក​យុត្តិធម៌ ជូន​ដល់​ជនរងគ្រោះ​ថែមទៀត​៕​ដកស្រង់ពីវិទ្យុបារាំងអន្តរជាតិ ចេញផ្សាយថ្ងៃទី៣០ ខែមីនា​​​​​​​​ ឆ្នាំ២០១៥ ។