• លោក ហ៊ុន សែន មិន​ឆ្លើយ​រឿង​ពលរដ្ឋ​រងគ្រោះ​ដោយ​ការសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​នៅ​ស្ទឹងត្រែង​

    • ថ្ងៃចេញផ្សាយ ១-មេសា-២០១៥

    លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ឆ្លើយតប​ទៅនឹង​រឿង​ពលរដ្ឋ​រងគ្រោះ ដោយ​ការសាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ឡើយ ព្រោះ​លោក​និយាយថា ការសាងសង់​ស្ពាន​ជា​សមិទ្ធផល​ធំធេង ហេតុ​អី​ត្រូវ​និយាយ​រឿង​តូច​មួយ​បែបនេះ​។​​ថ្លែង​ក្នុង​បទ​សម្ភាស​ខ្លី​មួយ​ក្រោយ​ពិធី​សម្ពោធ​ស្ពាន ក្នុង​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​០១ មេសា លោក ហ៊ុន សែន បដិសេធ​ឆ្លើយ​នឹង​សំនួរ របស់​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ឡើយ ទាក់ទង​នឹង​រឿង​ពលរដ្ឋ​មួយ​គ្រួសារ មិនទាន់​ទទួលបាន​សំណង​ពី​ការសាងសង់​ស្ពាន​នេះ​។​​សំឡេង​៖​ ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង លោកស្រី មុំ យ៉ែម រៀបរាប់​អះអាង និង​បង្ហាញ​ឯកសារ​ថា លោកស្រី​មាន​ជម្លោះដីធ្លី​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ដែល​ដី​នោះ​ស្ថិតនៅក្នុង​តំបន់​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ដែល​ត្រូវ​ទទួលបាន​សំណង​ពី​រដ្ឋាភិបាល​។​​ប៉ុន្តែ​ក្នុងពេល​សំណុំ​រឿងនេះ ស្ថិតក្នុង​ដៃ​តុលាការ បែរជា​ភាគី​ជម្លោះ គឺ​លោក ទូច រដ្ឋា ជា​មន្ត្រី​អាវុធហត្ថ​នោះ ជា​អ្នកទទួលបាន​សំណង​ទៅវិញ​។​​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៥ ។​