• UN​ស្នើ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​ផែនការ​ជាតិ​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​

    • ថ្ងៃចេញផ្សាយ ៩-មេសា-២០១៥

    គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ដែលមាន ទីតាំងនៅ​ទីក្រុង ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ក្នុងការ​រៀបចំ​ជា​ផែនការ​សកម្មភាព​ថ្នាក់ជាតិ​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍ ។​​ក្រោយ​ពេលដែល​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​ត្រួតពិនិត្យ​លើក​ទី​២ ស្តីពី​របាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅក្នុង​សម័យប្រជុំ​ប្រចាំឆ្នាំ​របស់ខ្លួន កាលពី​ថ្ងៃទី​១៧ និង​១៨ ខែមីនា គណៈកម្មាធិការ​នេះ​បានចេញ​ផ្សាយ​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ម្សិលមិញ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ។​​នៅក្នុង​របាយការណ៍​នោះ គណៈកម្មាធិការ​បានលើកឡើង​ថា បើទោះបីជា​ភាគី​កម្ពុជា​បាន​អះអាងថា កម្ពុជា​ពុំមាន​ការរើសអើង​ប្រឆាំង​អ្នកណាម្នាក់​ក៏ដោយ ក៏​របាយការណ៍​ស្ដីពី​ការរើសអើង និង​អំពើហិង្សា​ប្រឆាំងនឹង​ជនជាតិ​វៀតណាម​នៅតែ​ជា​កង្វល់ ។​​របាយការណ៍​បន្តថា «​ភាគី​រដ្ឋ [​កម្ពុជា​] គួរតែ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការវាយប្រហារ​ប្រកាន់​ជាតិ​សាសន៍​ប្រឆាំង​ជនជាតិ​វៀតណាម ។ ភាគី​រដ្ឋ​ក៏​គួរតែ​ពិចារណា​ការរៀបចំ​ផែនការ​សកម្មភាព​ជាតិ​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍​ផងដែរ​» ។​​គួរ​រំ​ឮ​កថា មុន​បញ្ចប់​បេសកកម្ម​៦​ឆ្នាំ​នៅ​កម្ពុជា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែ​ឌី កាលពី​ចុងខែ​មករា បាន​សម្ដែង​ការព្រួយបារម្ភ​ពី​ភាព​តានតឹង​រវាង​ជាតិ​សាសន៍​ផ្សេងគ្នា​នៅ​កម្ពុជា ដែល​លោក​ថា​អាច​កើតមាន​នាពេល​អនាគត ។​​ឆ្លើយតប​នឹង​ការលើកឡើង​របស់លោក ស៊ូ​ប៊ែ​ឌី អនុប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​មានប្រសាសន៍ថា លោក​យល់ថា បញ្ហា​ភាព​តានតឹង​រវាង​ជាតិ​សាសន៍​មិនអាច​កើតមានឡើង​នៅ​ប្រទេស​កម្ពុជា​នោះទេ ដោយ​លោក​ថា ប្រជាជន​កម្ពុជា​ជា​ពូជសាសន៍​មួយ​ដែលមាន​ចិត្ត​ទូលាយ និង​ការគោរព ។​​ចំណែក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច បាន​លើកឡើងថា លោក​មិនមាន​ការព្រួយបារម្ភ​ពី​បញ្ហា​នេះ​ទេ ដោយ​លោក​លើកឡើងថា ប្រទេស​កម្ពុ​ជាមាន​ជាតិ​សាសន៍​ច្រើន​រស់នៅ​រួមគ្នា​យូរយារ​ណាស់​មកហើយ ៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៥ ។​​