• តុលាការ​សាកសួរ​សក​ម្ម​ជន​ប្រឆាំង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ម្នាក់​

    • ថ្ងៃចេញផ្សាយ ១០-មេសា-២០១៥

    ​កាលពី​ថ្ងៃ​សុក្រ សាលាដំបូង​ខេត្តកោះកុង​បាន​សាកសួរ​អ្នកភូមិ​នៅ​តំបន់​ជ្រលង​អា​រ៉ែ​ង​ម្នាក់ ដែល​បាន​ជំទាស់​ទៅនឹង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជុំវិញ​ការចោទប្រកាន់​ពីបទ​កាប់​ឈើ​ខុសច្បាប់ ប៉ុន្តែ​មិនទាន់​ធ្វើការ​ចោទប្រកាន់​នៅឡើយ​ទេ​។​​តុលាការ​បាន​កោះហៅ​លោក វ៉ែន វ៉ន កាលពី​ខែកុម្ភៈ​ឆ្លើយតប​ទៅនឹង​ពាក្យបណ្ដឹង​របស់​រដ្ឋបាល​ព្រៃឈើ​ដែល​ចោទប្រកាន់​រូបគាត់​ពីបទ​កាប់​ឈើ​ខុសច្បាប់​នៅក្នុង​តំបន់​ជ្រលង​នេះ ប៉ុន្តែ​បាន​ពន្យារពេល​កាលបរិច្ឆេទ​សវនាការ​ដើម ដោយ​ទុកពេល​ឲ្យ​គាត់​រៀបចំ​ឯកសារ​បន្ថែ​ម​ទៀត​។​​បន្ទាប់ពី​ត្រូវបាន​សាកសួរ​កាលពី​ថ្ងៃ​សុក្រ លោក វ៉ែន វ៉ន បាន​និយាយថា លោក​ព្រះរាជអាជ្ញា ប៊ូ ប៊ុន​ហ៊ាង បាន​សាកសួរ​រូបគាត់​ជុំវិញ​ការចោទប្រកាន់​របស់រ​ដ្ឋ​បាល​ព្រៃឈើ ហើយ​គាត់​បានបញ្ជាក់​ឡើងវិញ​ថា គាត់​បាន​ទិញ​ឈើ​ដែលមាន​បញ្ហា​នេះ​ពី​អ្នកភូមិ ហើយ​បាន​យក​ឈើ​នេះ​ទៅប្រើ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​សហគមន៍​។​​គាត់​បាន​និយាយថា ” ព្រះរាជអាជ្ញា​រូបនេះ​មិនទាន់​បានធ្វើការ​ចោទប្រកាន់​នៅឡើយ​ទេ ពីព្រោះ​ករណីនេះ​ស្ថិតក្នុង​ការពិចារណា​នៅឡើយ​”​។​​លោក វ៉ែន វ៉ន បាន​និយាយថា តុលាការ​កំពុង​បន្ត​ករណីនេះ ពីព្រោះ​គាត់​បាន​ចូលរួម​ការតវ៉ា​ប្រឆាំង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ឆាយ​អា​រ៉ែ​ង ដែល​នឹង​បង្ខំ​រូបគាត់ និង​អ្នកភូមិ​ជនជាតិដើម​ភាគតិច​ជង​រាប់រយ​នាក់​ទៀត​ឲ្យ​ចាក​ចេញពី​តំបន់​នេះ ដែល​ពួកគាត់​បានរស់នៅ​ច្រើន​ជំនាន់​មកហើយ​។​​ក្រឡាបញ្ជី​តុលាការ ឈិន ឡុង បានបញ្ជាក់​កាលពី​ម្សិលមិញ​ថា លោក វ៉ែន វ៉ន មិន​ត្រូវបាន​ចោទប្រកាន់​ទេ​កាលពី​ថ្ងៃ​សុក្រ​។ លោក ប៊ុន​ហ៊ាង ព្រះរាជអាជ្ញា​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​៕​ដកស្រង់​ពី​សារពត៌មាន​ខេ​ម​បូ​ឌា ដេលី ចេញផ្សាយ​ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១៥ ។​