• សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ស៊ើបអង្កេត​ករណី​ស្ត្រី​បឹងកក់ ៣​នាក់​បោក​ក្បាល​ក្នុង​ពន្ធនាគារ​ព្រៃ​ស​

    • ថ្ងៃចេញផ្សាយ ១០-មេសា-២០១៥

    សង្គម​ស៊ីវិល ចាត់ទុក​ការ​ឌឺដង​របស់​មន្ត្រី​ឆ្មាំ​ពន្ធនាគារ​ព្រៃ​ស (​ម​២) ដែល​ធ្វើ​ឲ្យ​ស្ត្រី​បឹងកក់​កំពុង​ជាប់ឃុំ បោក​ក្បាល​ខ្លួនឯង​ឲ្យ​រងរបួស គឺជា​ករណី​រំលោភសិទ្ធិ និង​ជា​កត្តា​ជំរុញ​ឲ្យ​មានការ​ធ្វើអត្តឃាត​។​​មន្ត្រី​សង្គម​ស៊ីវិល នៅ​ថ្ងៃទី​៤ មេសា បានទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​ជាបន្ទាន់​មួយ ដើម្បី​ស្រាវជ្រាវ​ជុំវិញ​ករណី​ស្ត្រី​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ៣​នាក់ រងរបួស​ក្បាល​ក្នុងពេល​ប៉ះទង្គិច​ពាក្យសម្ដី​ជាមួយ​មន្ត្រី​ឆ្មាំ​ពន្ធនាគារ ដែល​ពួកគេ​សុំ​ចេញ​ក្រៅ​បន្ទប់​យក​ខ្យល់អាកាស​។​​អ្នកគ្រប់គ្រង​បច្ចេកទេស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា អង្គការ លីកាដូ នឹងធ្វើ​ការស្រាវជ្រាវ និង​ពិនិត្យមើល​ករណីនេះ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​មាន​គណៈកម្មការ​ស៊ើបអង្កេត​ចំពោះ​ឆ្មាំ​ពន្ធនាគារ​នេះ​យកទៅ​ផ្ដន្ទាទោស ដែលជា​ដើមហេតុ​នៃ​ការជំរុញ និង​លើកទឹកចិត្ត​ឲ្យ​មានការ​ធ្វើអត្តឃាត ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទណ្ឌិត​។ លោក​ថា បើសិនជា​រកឃើញថា មន្ត្រី​ឆ្មាំ​ពន្ធនាគារ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ជំរុញ​ឲ្យ​មានការ​ធ្វើអត្តឃាត មន្ត្រី​រូបនេះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៖ «​ករណី​ទាំងអស់នេះ​ទាមទារ​ឲ្យ​មានការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជាបន្ទាន់​។ នៅក្នុង​ច្បាប់​ពន្ធនាគារ​បានកំណត់​ហើយ បើ​មាន​ឧប្បត្តិហេតុ​កើតឡើង​ក្នុង​ពន្ធនាគារ​ត្រូវ​ចាត់ទុកថា​ជា​ករណី​ត្រូវតែមាន​គណៈកម្មការ​ឯក​រាជ្យ​ស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់​»​។​​លោក អំ សំអាត បញ្ជាក់ទៀតថា សមាសភាព​ពី​គណៈកម្មការ​មានមក​ពី​ព្រះរាជអាជ្ញា អគ្គនាយកដ្ឋាន​ពន្ធនាគា​រ និង​ក្រសួងយុត្តិធម៌ ជាដើម​។​​ស្វាមី អ្នកស្រី ទេព វ​ន្នី លោក អ៊ូ គង់​ជា អះអាងថា កាលពី​ថ្ងៃ​សុក្រ ទី​៣ មេសា គ្រួសារ​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស បាន​បោក​ក្បាល​នឹង​ជញ្ជាំង ខណៈ​ពួកគេ​មាន​ជម្លោះ​ពាក្យសម្ដី​ជាមួយ​ឆ្មាំ​ពន្ធនាគារ​ពីរ​នាក់ ដែល​គេ​ហៅថា សេព រិ​ទ្ធិ និង​សេព ម៉ៅ មាន​អត្តលេខ​១៦ និង​អត្តលេខ​១៨ បន្ទាប់ពី​ស្ត្រី​ទាំងនោះ​ចង់​ចេញទៅ​ក្រៅ​បន្ទប់ ដើម្បី​ស្រូបយក​ខ្យល់អាកាស ហើយ​មន្ត្រី​ឆ្មាំ បដិសេធ​។ កំហឹង​ដែល​នាំ​ឲ្យ​ស្ត្រី​ទាំងនោះ​បោក​ក្បាល​នឹង​ជញ្ជាំង ដោយសារតែ​ឆ្មាំ​បាន​ប្រាប់​ស្ត្រី​ទាំងនោះ​ឲ្យ​សម្លាប់ខ្លួន​ទៅ បើ​ចង់​ចេញទៅ​ក្រៅ ទើប​ធ្វើ​ឲ្យ​ស្ត្រី​សកម្មជន​ដីធ្លី​បីនាក់ សម្រេចចិត្ត​បោក​ក្បាល​នឹង​ជញ្ជាំង​បណ្ដាល​ឲ្យ​របួសធ្ងន់​។​​ស្ត្រី​រងគ្រោះ​ទាំងនោះ​រួមមាន អ្នកស្រី ទេព វ​ន្នី បាក់ធ្មេញ និង​ពក​ក្បាល អ្នកស្រី បូ ឆវី បែកក្បាល និង​អ្នកស្រី គង់ ចន្ថា បែកក្បាល​ពីរ​កន្លែង​ដេរ​ពីរ​ថ្នេរ​។​​ស្វាមី អ្នកស្រី ទេព វ​ន្នី លោក អ៊ូ គង់​ជា បាន​គាំទ្រ​ឲ្យ​មាន​ចំណាត់ការ​ស្រាវជ្រាវ​នេះ ដើម្បី​មាន​ភាពយុត្តិធម៌​។ លោក​ថា ការទាមទារ​របស់​គ្រួសារ​លោក និង​ស្ត្រី​ដទៃទៀត ដែល​ចង់​ចេញ​ក្រៅ​បន្ទប់​ឃុំឃាំង​នោះ ដោយសារ​មាន​ភាពមិនប្រក្រតី​ក្នុង​ពន្ធនាគារ ដែល​ខាង​ពន្ធនាគារ​ដាក់ពិន័យ​មិន​ឲ្យ​អ្នកទោស​ទាំងអស់​ចេញ​សម្រាកលំហែ​ក្រៅ​ពន្ធនាគារ​ចំនួន ២​ថ្ងៃ​មកហើយ ដោយ​ទម្លាក់កំហុស​ថា មាន​ភាព​រញ៉េរញ៉ៃ​ដោយសារ​អ្នក​បឹងកក់​៖ «​មាន​បញ្ហា​គេ​គាប​មនុស្ស​ក្នុង​ហ្នឹង​ពីរ​ថ្ងៃ​ហើយ គាប​អ្នកទោស​ទាំងអស់​អត់​ឲ្យ​ចេញមក​កន្លែង​យក​ខ្យល់អាកាស​ទេ​»​។​​វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​ប្រធាន​ពន្ធនាគារ​ព្រៃ​ស លោក ក្លូត ដា​រ៉ា ដើម្បី​បំភ្លឺ​បញ្ហា​នេះ ប៉ុន្តែ​ជំនួយការ​របស់លោក​ទ​ទួល​ទូរស័ព្ទ​ហើយ ហើយ​ប្រាប់ថា​លោក​រវល់​។ នៅ​ថ្ងៃទី​៤ មេសា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ លោក គុយ ប៊ុនសន ក៏​មិនអាច​ទាក់ទង​បាន ដោយ​លោក​មិន​លើក​ទូរស័ព្ទ​។​​ប៉ុន្តែ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ លោក ស៊ីវ ម៉ូ​វ ថ្លែងថា លោក​មិន​បានដឹង​ព័ត៌មាន​នេះ​នៅឡើយ​។ ទោះយ៉ាងណា ករណីបែបនេះ លោ​កថា​នឹងមាន​ការស្រាវជ្រាវ​ជៀសវាង​ការ​ចោទ​ដាក់គ្នា​៖ «​ត្រូវតែ​ធ្វើ​អធិការកិច្ច​ហើយ​គេ​មិន​ឲ្យ​មាន​បញ្ហា​កើតឡើង​ទេ រក​នរណា​ខុស​នរណា​ត្រូវ​កន្លងមក​ដោះស្រាយ​អ៊ីចឹង​»​។​​បន្ថែម​ពីលើ​នេះ ពាក់ព័ន្ធ​នឹង​ករណី​មន្ត្រី​ឆ្មាំ​ពន្ធនាគារ​ព្រៃ​ស​ដែរ វិទ្យុ​អាស៊ីសេរី បានទទួល​សំបុត្រ​ពី​អ្នកទោស​ដែលមាន​ស្នាម​មេដៃ​ជាង ៤០​នាក់ បាន​សរសេរ​ស្នើ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ និង​ក្រសួងយុត្តិធម៌ អន្តរាគមន៍​ទៅ​មន្ត្រី​ឆ្មាំ​ពន្ធនាគារ​ព្រៃ​ស ឈ្មោះ ឃួន ស៊ីថា ដែល​ពួកគេ​ចោទថា តែង​ជេរប្រមាថ ប្រើពាក្យ​សម្ដី​អសុរោះ​មកលើ​អ្នកទោស​ជា​ស្ត្រី រួមទាំង​ពិន័យ​មិន​ឲ្យ​ជួប​ក្រុមគ្រួសារ​ដែល​មក​សួរសុខទុក្ខ​ឡើយ​។ ជាងនេះទៅទៀត មន្ត្រី​ឆ្មាំ​នោះ​តែង​ផ្ដល់​មធ្យោបាយ​ឲ្យ​អ្នកទោស​ខ្លះ ឲ្យ​ទូរស័ព្ទ​ប្រើប្រាស់ និង​ជួយ​លាក់​បំពួន​ពី​ប៉ូលិស​ទៀត ផង​។ មន្ត្រី​ឆ្មាំ​ដដែល ធ្លាប់​ផ្លាស់ប្ដូរ​មកពី​ពន្ធនាគារ​ម​១ ដោយហេតុ​ផល​នេះ​ដូចគ្នា ប៉ុន្តែ​ពុំមាន​ការកែប្រែ​ឡើយ​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ ២០១៥ ។​