• កម្មករ​ជាង​១​ម៉ឺន​នាក់​នឹងធ្វើ​យុទ្ធនា​ការជំរុញ​ឲ្យ​ចាប់​ឣ្ន​ក​បាញ់សម្លាប់​កម្មករ​

    • ថ្ងៃចេញផ្សាយ ៣០-មេសា-២០១៥

    សហព័ន្ធ​សហជីព​មួយចំនួន​អះអាងថា កម្មករ​ជាង​១​ម៉ឺន​នាក់​នឹងធ្វើ​យុទ្ធនាការ​ក្នុង រាជធានី​ភ្នំពេញ​នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ចាប់​ជនដៃដល់​បាញ់​កម្មករ មក​ផ្តន្ទាទោស និង​ទាមទារ​លក្ខខណ្ឌ​ការងា​មួយចំនួនទៀត ខណៈ​រដ្ឋាភិបាល​ប្រកា​សបិទ​ការស៊ើបអង្កេត​ករណី​ចាញ់​ប្រហារ​នេះ ។​​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កក​ម្មក​រ លោក ប៉ាវ ស៊ីណា ឲ្យ VOD ដឹង​នៅ​ថ្ងៃទី​២៩ ខែមេសា​នេះ​ថា កម្មករ​ប្រមាណ​ជា​៤​ពាន់​នាក់ មកពី​សហជីព​ជា​ដៃគូ​ផ្សេងៗ​គ្នា នឹង​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ចូលរួម​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា ឆ្នាំ​២០១៥​នេះ ។​​ ​លោក​ថា ក្នុង​ពិធី​នោះ​ពួកគេ​នឹងត្រូវ​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ដើម្បី​ជំរុញ​ឲ្យ​ទម្លាក់ចោល​បទ​ចោទ​លើ​ប្រធាន​សហជីព ធ្វើការ​លើកកម្ពស់​សិទ្ធិ​កម្មករ ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​លើសពី​១២៨​ដុល្លារ​ដែលមាន​ស្រាប់ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ចាប់​ជនដៃដល់​ដែល​បាញ់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង កាលពី​ជាង​មួយឆ្នាំ​មុន​មក​ផ្តន្ទាទោស ដើម្បី​រក​យុត្តិធម៌​ឲ្យ​អ្នក​ដែល​បាន​ស្លាប់ និង​គ្រួសារ​ជនរងគ្រោះ ។ លោក​បញ្ជាក់ថា «​យុទ្ធនាការ​យើង​ធ្វើ​ដើម្បី​ជំរុញ​ឲ្យ​គាត់​ស្វែងរក បើ​យើង​មិន​ធ្វើ​ទេ គាត់​អាច​នឹង​បំភ្លេច​បញ្ហា​ហ្នឹង​ចោល​» ។​​លោក សុខ ឈុន​អឿង ដែលជា​ក្រុមការងារ​របស់​សហភាព​ការងារ​កម្ពុជា​អះអាងថា កម្មករ​ប្រមាណ​ជា​៧​ពាន់​នាក់ នឹង​ជួបជុំគ្នា​មុខ​វត្ត​បទុម ជិត​ផ្ទះ​នាយករដ្ឋមន្ត្រី តាម​ការគ្រោងទុក បន្ទាប់មក​នឹង​ហែ​ញត្តិ ទៅ​ដាក់​នៅ​រដ្ឋសភា ទាមទារ​លក្ខខណ្ឌ​ការងារ​១៦​ចំណុច ដូចជា រដ្ឋាភិបាល​ត្រូវ ព​ន្លឿ​ន​បង្កើត​ឲ្យ​មាន​តុលាការ​ការងារ ទាមទារ​ប្រាក់​ឈ្នួល​កម្មករ​ដល់​១៧៧​ដុល្លារ​ក្នុង​មួយខែ លុបចោល​ច្បាប់​រឹតបន្តឹង​សេរីភាព​សហជីព និង​ជំរុញ​ឲ្យ​វែកមុខ​អ្នកបាញ់​កម្មករ​មក​ផ្តន្ទាទោស ។ លោក​ថា​«​ខាង​សាលាក្រុង​អនុញ្ញាត​ឲ្យ​នៅ​សួន​(​ទីលាន​)​ប្រជាធិបតេយ្យ អត់​ត្រូវ​គ្នា​ទេ អ៊ីចឹង​ដំណើរ​របស់​យើង​ធ្វើ​រួមគ្នា​ឡើងទៅ​ក្រសួងមហាផ្ទៃ​ជា​អ្នកសម្រេច​ចុងក្រោយ ប៉ុន្តែ​យើង​ដឹង​ចា​រិត​ខាង​គាត់​ហ្នឹងហើយ ហើយ​យើង​ក៏​តាំងចិត្ត​ខាង​ចា​រិត​របស់​យើង​ថា មិន​ឲ្យ​ក៏​ធ្វើ ឲ្យ​ក៏​ធ្វើ​» ។​​កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ កម្មករ​យ៉ាងតិច​៥​នាក់ ត្រូវគេ​បាញ់​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​ផ្លូវ​វ៉េងស្រេង ក្នុង​រាជធានី​ភ្នំពេញ ក្រោយមក​ក៏មាន​ការស្លាប់​បន្តបន្ទាប់​ទៀត ខណៈ​ជិត​៤០​នាក់​ផ្សេងទៀត​បាន​របួស ។ ការបាញ់​បង្ក្រាប​ដោយ​ហិង្សា​នោះ ធ្វើឡើង​ពេល​កម្មករ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​១៦០​ដុល្លារ ។​​ ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ អះអាងថា ក្រុមកម្មករ​ដែល​ដឹកនាំ​ដោយ​លោក ប៉ាវ ស៊ីណា ត្រូវបាន​អនុញ្ញាត​ឲ្យ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ប៉ុន្តែ​អនុ​ញ្ញ​ត​ឲ្យ​ហែ​ក្បួន​តែម​នុស្ស​មួយក្រុម​ប៉ុណ្ណោះ ។ លោក ឡុង ឌី​ម៉​ង់ ចំណែក​ការសុំ​ទីតាំង​ជួបជុំ​នៅមុខ​វត្ត​បទុម​វ​ត្តី ស្ថិតក្នុង​ការពិចារណា​នៅឡើយ ។​​សារលិខិត​របស់លោក​នាយករដ្ឋមន្ត្រី ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២០១៥​នេះ បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ព​ន្លឿ​ន​ការបង្កើត​តុលាការ​ការងារ​នេះ ដើម្បី​ផ្តល់​ទំនុកចិត្ត​បន្ថែមទៀត​ដល់​វិនិយោគទុន ព្រមទាំង​បាន​សន្យា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ដល់​១៦០​ដុល្លារ​ក្នុង​មួយខែ នៅ​ឆ្នាំ​២០១៨ ។​​ចំណែក​ព្រឹត្តិការណ៍​នៅ​ផ្លូវ​វ៉េងស្រេង​វិញ មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​អះអាងថា គណៈកម្មការ​ចម្រុះ​បាន​បិទ​បញ្ចប់​នៃ​ការស៊ើបអង្កេត​ហើយ ។ ប៉ុន្តែ​មិន​ប្រកាស​ពី​ឈ្មោះ​ជនដៃដល់​ដែល​បាញ់​កម្មករ​ទេ ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ​២០១៥ ។​