• គ្រួសារ​ទាហាន​មួយក្រុម​ស្នើ​រដ្ឋសភា​ទប់ស្កាត់​ការបណ្តេញ​ចេញពី​លំនៅឋាន​

    • ថ្ងៃចេញផ្សាយ ៣០-មេសា-២០១៥

    ​ពលរដ្ឋ​មួយក្រុម​ដែល​អះអាងថា ជា​គ្រួសារ​ទាហាន​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋសភា​នៅថ្ងៃនេះ ប្រឆាំងនឹង​ការបណ្តេញ​ចេញពី​លំនៅឋាន ដោយ​ពួកគេ​សំអាងថា បានរស់នៅ​លើដី​នោះ​ជាង​២០​ឆ្នាំ​ហើយ តែ​អាជ្ញាធរ​បញ្ជា​ឲ្យ​រុះរើ​នៅត្រឹម​ចុងខែ​មេសា​នេះ ។ ​ ​ក្រុម​ស្ត្រី​អ្នក​តវ៉ា​ប្រាប់​អ្នកសារព័ត៌មាន​មុខ​ម​ន្ទី​រដ្ឋសភា នា​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥​នេះ​ថា ពួកគេ​បានមក​រស់នៅ​ទីតាំង​ឃ្លាំង​មួយកន្លែង ស្ថិតក្នុង​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ អំឡុង​ឆ្នាំ​១៩៨៨ និង​៨៩ ដោយមាន​ការអនុញ្ញាត​ពី​អគ្គមេបញ្ជាការ​របស់ខ្លួន ។​​ស្ត្រី​អ្នក​តវ៉ា​អះអាង​ទៀតថា នៅពេល​ថ្មីៗ​នេះ ទីចាត់ការ​បច្ចេកទេស​នៃ​អគ្គបញ្ជាការដ្ឋាន បញ្ជា​ឲ្យ​ពួកគេ​ទាំង​៤៨​គ្រួសារ​រុះរើ​ផ្ទះ​ចេញ​ដោយ​ទុកពេល​ត្រឹម​ថ្ងៃទី​៣០​ខែមេសា​នេះ​។​​ក្រុមអ្នកតវ៉ា​បញ្ជាក់ថា ការតម្រូវ​ឲ្យ​ចាក​ចេញពី​ទីតាំង​ចាស់​នោះ ពួកគេ​ទទួលបាន​សំណង​៥០០០​ដុល្លារ ប៉ុណ្ណោះ​ក្នុង​មួយ​គ្រួសារ ប៉ុន្តែ​ពួកគេ​ទាមទារ​២​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ចេញទៅ​រស់នៅ​កន្លែង​ថ្មី ។​​អ្នកនាំពាក្យ​អគ្គបញ្ជាការដ្ឋាន​នៃ​ក្រសួងការពារជាតិ លោក ញាណ មនោ អះអាងថា ឃ្លាំង​K8 ជាការ​ទទួលខុសត្រូវ​របស់​អគ្គ​ភស្តុភា​នៃ​ក្រសួងការពារជាតិ និង​ជំរុញ​ឲ្យ​ទៅ​សួរ​នាយកដ្ឋាន​ជំនាញ​វិញ ។​VOD មិនអាច​ទាក់ទង​មន្ត្រី​នៅ​អគ្គនាយកដ្ឋាន​ភស្តុភា​បានទេ ខណៈ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាតិ ទូរ​សព្ទ​គ្មាន​អ្នកទទួល ។​​ប៉ុន្តែ​បើតាម​លិខិត​អន្តរាគមន៍​របស់​ប្រធានរដ្ឋសភា លោក ហេង សំរិន ចុះ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៥ ផ្ញើជូន​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ លោក ទៀ បាញ់ បានស្នើ​ឲ្យ​ពិនិត្យ​នឹង​ដោះស្រាយ​ករណីនេះ តាម​ការគួរ ដើម្បី​ឲ្យ​ពួកគាត់​បាន​បន្ត​រស់នៅ​ដី​នោះ​តទៅទៀត ឬ​ទទួលបាន​នូវ​គោលនយោបាយ​ដ៏​សមរម្យ​ដែល​ពួកគេ​អាច​ទទួលយកបាន ។​​លិខិត​ផ្ញើជូន​លោក ទៀ បាញ់ របស់​រដ្ឋសភា​ដដែល​បញ្ជាក់ថា តាម​ការចុះ​អ​ង្គេ​តរបស់​គណៈកម្មការ​ទី​១​រកឃើញថា អ្នកមាន​ជម្លោះ​នោះ​មាន​ខ្លះ​ជា​ប្រជាពលរដ្ឋ ខ្លះ​ជា​យោធា ខ្លះ​ជា​គ្រួសា​យោធា​ពលី និង​គ្រួសារ​យោធិន​ចូលនិវត្តន៍ ។​​លិខិត​ឲ្យ​ដឹង​ទៀតថា គ្រួសារ​ទាហាន​ទាំងនោះ ខ្លះ​បានមក​រស់នៅ​ឃ្លាំង​K8 នេះ​នៅ​ឆ្នាំ​១៩៨៨-៨៩ និង​ខ្លះទៀត​នៅ​ឆ្នាំ​១៩៩៣ ៕​​​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៥ ។​