• អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ស្នើ​កម្ពុជា​លុប​សេចក្ដីព្រាងច្បាប់​គ្រប់គ្រង​សមាគម​-​អង្គការ​

    • ថ្ងៃចេញផ្សាយ ៥-ឧសភា-២០១៥

    ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) នៅ​ថ្ងៃ​ច័ន្ទ ទី​២៧ ខែមេសា ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យឡើងវិញ​ចំពោះ​សេចក្ដីព្រាងច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​ក្រៅ រដ្ឋាភិបាល ដែលជា​ច្បាប់​មួយ​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិសេរីភាព​បំពេញការងារ​របស់​ស​មា​គម និង អង្គការក្រៅរដ្ឋាភិបាល​។​​សំណើ​របស់​អង្គការសិទ្ធិមនុស្ស​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​អនុម័ត​ច្បាប់​នេះ​នៅ​ខែឧសភា ខាងមុខ​។ កាលពី​ថ្ងៃទី​៥ ខែមេសា លោក ហ៊ុន សែន អះអាងថា លោក​នឹង​ប្រើប្រាស់​ច្បាប់​ថ្មី​នេះ ដើម្បី​ដាក់ទោស​ទណ្ឌ​ដល់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ណា​ដែល​មិន​គោរព និង​ធ្វើតាម​ច្បាប់​។​​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ លោក ប្រ៊ែ​ដ អាដាម (Brad Adams) បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃ​ច័ន្ទ នេះ​ថា រដ្ឋាភិបាល​ត្រូវតែ​ដាក់​សេចក្ដីព្រាងច្បាប់​ជា សាធារណៈ និង​ត្រូវ​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​។ លោក​ក៏​ស្នើ​ឲ្យ​ប្រទេស​ម្ចាស់ជំនួយ​ត្រូវ​បញ្ជាក់ប្រាប់​រដ្ឋាភិបាល​ក​ម្ពុ​ជា ឲ្យ​ច្បាស់លាស់​ថា ម្ចាស់ជំនួយ​នឹង​ជំទាស់​រាល់​សកម្មភាពរ​បស់​រដ្ឋាភិបាល​ដែលមាន​បំណង​ចង់​លុបឈ្មោះ​អង្គការ​សង្គម​ស៊ីវិល និង​ទង្វើ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សិទ្ធិសេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​។​​លោក ប្រ៊ែ​ដ អាដាម ក៏បាន​ចោទ​ជា​សំណួរ​ទៅលើ​វប្បធម៌​សន្ទនា​របស់លោក ហ៊ុន សែន ដោយសារតែ​លោក ហ៊ុន សែន បាន​លាក់បាំង​ព័ត៌មាន​សេចក្ដីព្រាងច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​មិន​ឲ្យ​មានការ​ពិភាក្សា​ជា​សាធារណៈ ហើយ​លោក​មានបំណង​ចង់​ប្រើប្រាស់​ច្បាប់​នេះ​ដើម្បី​បំបាត់​សំឡេង​ប្រឆាំង​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៥ ។​