• អាជ្ញាធរខេត្ត​ស្វាយរៀង​រារាំង​រថយន្ត​សហជីព​ដែល​គ្រោង​មក​តវ៉ា​នៅ​ភ្នំពេញ​

    • ថ្ងៃចេញផ្សាយ ១០-ឧសភា-២០១៥

    ​រថយន្ត​ដែល​ដឹក​មន្ត្រី​សហជីព​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ខេត្តស្វាយរៀង​ចំនួន​៩​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្តស្វាយរៀង​ឃាត់ទុក នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​មន្ត្រី​សហជីព​អះអាងថា​ជាការ​រារាំង​ពួកគាត់​មិន​ឲ្យ​មក​រាជធានី​ភ្នំពេញ​ដើម្បី​តវ៉ា​។​​លោក ជា ឧ​ត្ត​ម មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ប្រចាំខេត្ត​ស្វាយរៀង មានប្រសាសន៍ថា​រថយន្ត​ត្រូវ​ឃាត់ទុក​នៅ​ម៉ោង​៥​និង​៥០​នាទី​ទៀបភ្លឺ នៅពេល​ពួកគាត់​កំពុង​ប្រមូលគ្នា​ដើម្បី​ឡើងមក​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ និង​ស្ថានទូត​ជប៉ុន ប្រឆាំងនឹង​រោងចក្រ​មួយ​ឈ្មោះ​ Nissey​។ លោក​បន្តថា​រថយន្ត​ត្រូវបាន​បញ្ជូនទៅ​គយ​ស្នងការ​ពន្ធដារ​ខេត្ត ដោយ​កម្លាំង​នគរបាល​អះអាងថា​អ្នកបញ្ជា​រថយន្ត​មិនមាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​។ បើតាម​លោក ជា ឧ​ត្ត​ម ក្នុងពេល​ឃាត់​រថយន្ត​នោះ មន្ត្រី​សហជីព​១​នាក់ និង​អ្នកបើកបរ​ត្រូវបាន​នាំមក​សាកសួរ​។ លោក​បន្តថា​រហូតមក​ដល់ពេលនេះ មន្ត្រី​សហជីព​ត្រូវបាន​ឲ្យ​មក​ផ្ទះ​វិញ នៅសល់តែ​អ្នកបញ្ជា​រថយន្ត​តែប៉ុណ្ណោះ​។ ​លោក ជា ឧ​ត្ត​ម ឲ្យ​ដឹង​ទៀតថា​រហូតមក​ដល់ពេលនេះ កម្មករ​ប្រមាណ​៥០០​នាក់​កំពុង​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​អ្នកបើកប​រថយន្ត​មកវិញ​។​ កន្លងទៅ កម្មករ​រោងចក្រ​ផលិត​នាឡិកា ​Nissey​ នៅ​ក្រុង​បាវិត បានចេញ​មុខ​តវ៉ា​ដោយ​ស្នើ​ឲ្យ​អភិបាលខេត្ត​ជំរុញ​ទៅ​ថៅកែ​រោងចក្រ​ធានា​សុ​វត្តិភាព​ការងារ និង​ផ្ដល់​លក្ខខណ្ឌ​ការងារ​មួយចំនួន ដូចជា​ផ្ដល់ប្រាក់​៥០​ភាគរយ​ឲ្យ​ស្ត្រី​សម្រាលកូន បញ្ឈប់​ការគាបសង្កត់ និង​លក្ខខណ្ឌ​មួយចំនួនទៀត​។ កម្មករ​អះអាង ថា ថៅកែ​រោងចក្រ​មិនបាន​គោរព​តាមច្បាប់​ការងារ ហើយ​តែងតែ​បង្ខំ​កម្មករ​ឲ្យ​ធ្វើការ​ថែម​ម៉ោង និង​បញ្ឈប់​កម្មករ​គ្មាន​មូលហេតុ​។​VOD​មិនទាន់​អាច​សុំ​ការបញ្ជាក់​ពី​ភាគី​រោងចក្រ និង​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​បាន​នៅឡើយ​ទេ​។​​គួរ​បញ្ជាក់ថា​រោងចក្រ​Nissey ស្ថិតក្នុង​ភូមិ​ព្រៃ​ទុប ឃុំ​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​។ កម្មករ​បាននាំគ្នា​តវ៉ា​ចាប់ពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៥​មក​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ​២០១៥​។​