-
អង្គការលីកាដូ៖ រដ្ឋាភិបាលចង់ប្រើប្រាស់ច្បាប់ ដើម្បីកាត់បន្ថយទស្សនៈរិះគន់
- ថ្ងៃចេញផ្សាយ ១៨-ឧសភា-២០១៥
នៅក្នុងរបាយការណ៍កម្រាស់៣០ទំព័រ ដែលចេញផ្សាយនៅថ្ងៃអាទិត្យម្សិលមិញ អង្គការ ការពារសិទ្ធិមនុស្សលីកាដូ បានបង្ហាញអំពីការរកឃើញថ្មីរបស់ ខ្លួន ជុំវិញការគម្រាមកំហែង ចំពោះសេរីភាពសារព័ត៌មាន។ បើតាមរបាយការណ៍របស់អង្គការលីកាដូ រដ្ឋាភិបាលកម្ពុជាចង់ប្រើប្រាស់ច្បាប់ ដើម្បីកាត់បន្ថយនូវទស្សនៈរិះគន់នានា ខណៈដែលការប្រើប្រាស់អ៊ីនធឺណែតនៅកម្ពុជា មានការកើនឡើងខ្លាំង។របាយការណ៍របស់អង្គការលីកាដូ ក្រោមចំណងជើង ដំណើរឃ្លាតចេញពីអ៊ីនធឺណេត៖ ការគម្រាមកំហែងចំពោះសេរីភាពលើប្រព័ន្ធអ៊ីនធឺណែតដែលទើបរកឃើញថ្មីនៅកម្ពុជា បានបង្ហាញថា ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជានៅចុងឆ្នាំ២០១៣ មានចំនួន៣,៨លាននាក់ កើនឡើងជាង១០ដងបើធៀបនឹងឆ្នាំ២០១០។បើតាមអង្គការលីកាដូ ការ ប្រើប្រាស់អ៊ីនធឺណេតដែលមានការកើនឡើងខ្លាំងនៅកម្ពុជាដូច្នេះ បានជំរុញឲ្យមានការផ្លាស់ប្ដូរបរិយាកាសព័ត៌មាននិងការបញ្ចេញមតិដោយបើកចំហ និងសេរី នៅក្នុងប្រទេស។របាយការណ៍ដដែលបានបន្តថា ប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត ដើម្បីចែករំលែកព័ត៌មានសង្គម ដូចជាការរំលោភយកដីធ្លី អំពើហិង្សាពីសំណាក់នគរបាល អំពើពុករលួយ និងការកាប់បំផ្លាញព្រៃឈើជាដើម។ ក៏ប៉ុន្តែ សេរីភាពតាមប្រព័ន្ធអ៊ីនធឺណេតដែលទើបរកឃើញថ្មីៗនេះ បច្ចុប្បន្នកំពុងស្ថិតក្រោមការគម្រាមកំហែង។ អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតមួយចំនួនត្រូវគេប្ដឹងដោយសារតែការបញ្ចេញទស្សនៈតាមអ៊ីនធឺណេត។ នេះបើតាមអង្គការលីកាដូ។អង្គការការពារសិទ្ធិមនុស្សនេះ បានអះអាងថា រដ្ឋាភិបាលចង់ប្រើប្រាស់ច្បាប់ ដើម្បីកាត់បន្ថយទស្សនៈរិះគន់។ អ្នកស្រី ណាលី ពីឡូក នាយិកាអង្គការលីកាដូ បានលើកឡើងថា សេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យា និងសេចក្ដីព្រាងច្បាប់ស្ដីពីប្រព័ន្ធទូរគមនាគមន៍ បានបង្ហាញពីការព្យាយាមរបស់គណបក្សកាន់អំណាច ក្នុងការគ្រប់គ្រងពេញលេញទៅលើប្រព័ន្ធអ៊ីនធឺណេតនិងទូរគមនាគមន៍នៅកម្ពុជា។តាមរយៈរបាយការណ៍កម្រាស់៣០ទំព័រនេះ អង្គការលីកាដូ បានអំពាវនាវឲ្យរដ្ឋាភិបាលផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ចុងក្រោយបំផុតដែលគ្រប់គ្រងរាល់ទម្រង់នៃសកម្មភាពតាមអ៊ីនធឺណេត ព្រមទាំងអនុវត្តដំណើរការធ្វើសេចក្ដីព្រាងច្បាប់នេះ ប្រកបដោយតម្លាភាព។ លីកាដូក៏បានអំពាវនាវឲ្យរដ្ឋសភាជាតិ បដិសេធចោលនូវច្បាប់ទាំងឡាយណា ដែលដាក់កំហិតធ្ងន់ធ្ងរទៅលើសិទ្ធិជាមូលដ្ឋាន ក្នុងការទទួលបានសេរីភាពនៃការបញ្ចេញមតិផងដែរ៕ដកស្រង់ពីវិទ្យុបារាំងអន្តរជាតិ ចេញផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥។