• អាជ្ញាធរខេត្ត​ស្ទឹងត្រែង​រារាំង​ក្រុមយុវជន​មិន​ឲ្យ​ចូល​មើល​ស្ថានភាព​ព្រៃ​ឡង់​

    • ថ្ងៃចេញផ្សាយ ១៨-ឧសភា-២០១៥

    ​អ្នកដឹកនាំ​ក្រុមយុវជន ទៅ​ពិនិត្យមើល​ស្ថានភាព​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ ខេត្តស្ទឹងត្រែង បាន​ចោទ​អាជ្ញាធរខេត្ត​នេះ ថា​រារាំង​ពួកគេ​មិន​ឲ្យ​ចូល​តំបន់​នោះ និង​ហៅ​ទង្វើ​របស់​អាជ្ញាធរ​ថា​ខុសច្បាប់​រដ្ឋធម្មនុញ្ញ ។​​អ្នកស្រាវជ្រាវ​ពី​ការអភិវឌ្ឍន៍​សង្គម លោក កែម ឡី ដែល​ដឹកនាំ​ក្រុមយុវជន ព្រះសង្ឃ មន្ត្រី​សង្គម​ស៊ីវិល​ប្រមាណ​៥០​នាក់ បាន​ប្រាប់​VOD​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ នៅពេល​គាត់ និង​ក្រុមយុវជន​ធ្វើដំណើរ​ចូលទៅ​ដល់​ស្រុក ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង អាជ្ញាធរ​បានចេញ​មក​រារាំង​ពួកគាត់ មិន​ឲ្យ​ធ្វើដំណើរ​បន្តទៅ​តំបន់​ព្រៃ​ឡង់​នោះទេ ក្រោម​ហេតុផល ជា​បញ្ជា​របស់​ថ្នាក់លើ ។ លោក កែម ឡី ហៅ​ចំណាត់ការ​របស់​អាជ្ញាធ​រទាំង​នោះ​ថា ធ្វើ​ខុសច្បាប់ និង​ទំនង​ជាមាន​អាថ៌កំបាំង​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​នោះ ។​​លោក កែម ឡី បន្តថា «​ខក​តែ​ស្ទឹងត្រែង​ហ្នឹង​ទេ ខេត្ត​ផ្សេងៗ​ឲ្យ​ចូល​អញ្ចឹង​ណា៎ ប្រហែលជា​ស្ទឹងត្រែង​ហ្នឹង​មានរឿង​រសើប​ច្រើន​ទាក់ទង​នឹង​បទល្មើស​ព្រៃឈើ ឬមួយ​ក៏​ដី​សម្បទាន​សង្គមកិច្ច​» ។​VOD មិនអាច​សុំ​ការបំភ្លឺ​ពី​អភិបាលខេត្ត​ស្ទឹងត្រែង លោក កុល សំអុល ពាក់ព័ន្ធ​នឹង​ការរារាំង​ក្រុមយុវជន​នេះ​បានទេ ។ ចំណែក​អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់​លោក ថោង សារ៉ាន់ ជា​អ្នកដឹកនាំ​សមត្ថកិច្ច​ទៅ​រារាំង​ក្រុមយុវជន​នោះ ក៏​VOD​មិនអាច​ទាក់ទង​បានដែរ ។ រីឯ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង លោក ម៉ៅ តារា សុំ​មិន​អត្ថាធិប្បាយដោយ​លោក​អះអាងថា ជាប់រវល់​ប្រជុំ ។​​ទោះយ៉ាងណា បើតាម​សារព័ត៌មាន​ឌឺ​ខេ​ម​បូ​ឌា​ដេលី​ចុះផ្សាយ​នៅ​ថ្ងៃទី​១៤ ឧសភា​នេះ បាន​ស្រង់​សម្តី​របស់​អភិបាលរង​ខេត្តស្ទឹងត្រែង លោក ដួង ពៅ មក​ចុះផ្សាយ​ថា «​លោក​មិនបាន​អនុញ្ញាត​ឲ្យ​អ្នក​ទាំងនោះ​ចូលទៅក្នុង​ព្រៃ​ឡង់ ពីព្រោះ​ពួកគេ​បានមក​ទីនេះ​ដោយ​មិនមាន​ការអនុញ្ញាត និង​មិនបាន​ជូនដំណឹង​ដល់​អាជ្ញាធរ អំពី​គោលបំណង​របស់​ពួកគេ​» ។​​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក នី ចរិយា យល់ថា បើ​ក្រុមយុវជន​ទាំងនោះ​គ្រាន់តែ​មានបំណង​ពិនិត្យ​ស្ថានភាព​ព្រៃឈើ និង​ជួយ​ការពារ​ធនធានធម្មជាតិ ហើយ​អាជ្ញាធរ​រដ្ឋាភិបាល​រារាំង​បែបនេះ ជាការ​រំលោភ​លើ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់បង់​ប្រជាប្រិយភាព​នៅ​អាណត្តិ​ក្រោយនេះ ។ លោក​បន្តថា «​អ្វីដែល​មន្ត្រី​ថ្នាក់ក្រោម​ឱវាទ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ការចូលរួម​ថែរក្សា​របស់​ប្រជាជន​អញ្ចឹង ខ្ញុំ​គិតថា​ជា​ផ្នែក​មួយ​ដែរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ជាពិសេស​គណបក្សកាន់អំណាច​ក្នុង​ការយក​នូវ​ប្រជាប្រិយ​ភាព​ក្នុងការ​បោះឆ្នោត​ខាងមុខនេះ​» ។​​បើតាម​លោក កែម ឡី ឲ្យ​ដឹងថា តាម​គម្រោង​ក្រុមយុវជន​ទាំងនោះ​នឹង​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ព្រៃ​ឡង់​ចំនួន​៤​ខេត្ត គឺ​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ធំ និង​ខេត្តព្រះវិហារ ។​​ទាក់ទង​នឹង​បញ្ហា​ឃ្លាំមើល​ការកាប់បំផ្លាញ​ព្រៃឈើ​នេះដែរ ប្រធាន​សមាគម​ការពា​រ​ព្រៃឈើ​មួយ​ឈ្មោះថា ចលនា មាតា​ធម្មជាតិ លោក អា​ឡិច ដែលជា​ជនជាតិ​អេ​ស្ប៉ា​ញ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​បណ្តេញចេញ​ពី​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្រោម​ហេតុផល​ទិដ្ឋាការ​របស់លោក​បាន​ផុតកំណត់ ។ ចំណែកឯ​លោក​ ឈុត វុទ្ធី អតីត​ប្រធាន​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ ត្រូវបាន​កងកម្លាំងរ​ដ្ឋា​ភិ​បាល​បាញ់សម្លាប់ ខណៈ​លោក​បាន​ដឹកនាំ​អ្នកកាសែត​ចុះ​ថតរូប​ភាព​កាប់បំផ្លាញ​ព្រៃឈើ ។​​ដកស្រង់​ពីសារ​ព័​ត៍​មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៥​។​