• អាដហុក​ប្តឹង​ចៅក្រម និង​ព្រះរាជអាជ្ញារង​ដែល​ឃុំខ្លួន​ពលរដ្ឋ​ក្នុង​ជម្លោះដីធ្លី​

    • ថ្ងៃចេញផ្សាយ ២១-ឧសភា-២០១៥

    ​នៅក្នុង​សន្និសីទ​នៅ​ថ្ងៃ​ពុធ​នេះ សមាគម​អាដហុក​បានប្រកាស​ប្តឹង​ព្រះរាជអាជ្ញារង លោក សុខ កែវ​បណ្ឌិត និ​ងចៅក្រម​សាលាដំបូង​ខេត្តសៀមរាប លោក គី ឫទ្ធី ទៅ​ក្រុមប្រឹក្សា​វិ​ន័យ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលា​សាលឧទ្ធរណ៍ ប្រធាន​តុលាការ​កំពូល និង​ក្រសួងយុត្តិធម៌​ជាដើម ។​​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា ថ្លែងថា ការចាប់​ឃុំខ្លួន​ប្រជាពលរដ្ឋ​ពីរ​នាក់​ទាក់ទង​រឿង​ដីធ្លី កន្លងមក គឺ​ចៅក្រម និង​ព្រះរាជអាជ្ញារង​ខេត្តសៀមរាប គឺ​ធ្វើ​ខុស​នីតិវិធី​ច្បាប់ ជាពិសេស​រំលោភ​លើ​វិជ្ជាជីវៈ​របស់ខ្លួន ។ លោក​បន្តថា ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យឡើងវិញ​អំពី​ភាពខុស​ឆ្គង​របស់​ចៅក្រម​ស៊ើបអង្កេត និង​ព្រះរាជអាជ្ញារង​ដើម្បី​ដាក់ពិន័យ ។ លោក​មានប្រសាសន៍ថា «​យើង​អត់​អាច​ប្រើប្រាស់​ប្រព័ន្ធ​ធ្វើ​បដិវត្តន៍​ទេ កុំ​ឲ្យ​យើង​ច្រឡំ​ថា បើ​ស្ថាប័ន​ហ្នឹង​មាន​ភាពលម្អៀង យើង​យល់ថា ស្ថាប័ន​ហ្នឹង​វា​លម្អៀង វា​មិន​ឯករាជ្យ យើង​នៅតែ​ប្តឹង ដោយសារ​អី ដោយសារ​ច្បាប់​តម្រូវ​ឲ្យ​យើង​ប្តឹង ក៏ប៉ុន្តែ​ប្រសិនជា​លោក​លម្អៀង លោក​មិន​គោរព​តាម​វិជ្ជាជីវៈ អាហ្នឹង​យើង​នឹង​បង្ហាញជូន​សាធារណជន​ទៀតថា ស្ថាប័ន​តុលាការ​នេះ​មិន​ឯករាជ្យ​ទេ លម្អៀង​ត្រង់នេះ លម្អៀង​ត្រង់នោះ អានេះ​យើង​នឹង​បង្ហាញជូន​ទៀត ។ ប៉ុន្តែ​នៅពេល​យើង​មិនទាន់​ដាក់ពាក្យ​ប្តឹង​ផង យើង​មិនអាច​ចោទថា ស្ថាប័ន​ហ្នឹង​លម្អៀង ឬ​មិន​លម្អៀង មិន​ធ្វើការ យើង​មិនអាច​សន្និដ្ឋាន​បានទេ សំខាន់​គឺ​យើង​ដាក់ជូន​កិច្ចការ​ឲ្យ​គាត់​សិន បើ​គាត់​មិន​ធ្វើ​ឬ​គាត់​ចាត់តាំង ចាត់ចែង​ទៅ​វា​ខុស​នីតិវិធី រំលោភ​នីតិវិធី រំលោភច្បាប់ អាហ្នឹង​ចាំ​យើង​និយាយ​ទៀត ប៉ុន្តែ​ជាបឋម​យើង​មិនអាច​ចោទ​បានទេ​» ។​​លោក នី ចរិយា បន្ថែមថា តាម​ការស៊ើបអង្កេត និង​ការសាកសួរ​ប្រជាពលរដ្ឋ​ដែល​រង​ការចាប់ខ្លួន ឲ្យ​ដឹងថា សហគមន៍​តាខ្មៅ ឬ​សហគមន៍​វៀតណាម​នោះបាន​ឈូសឆាយ​ចូល​ដី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ភូមិ​ជប់​រំដេង ឃុំ​ក​ន្តួ​ត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ហួស​ព្រំដែន​ដែល​អាជ្ញាធរខេត្ត​នេះ​អនុញ្ញាត​ឲ្យ​សហគមន៍​វៀតណាម​អភិវឌ្ឍ​ត្រឹម​ផ្ទៃដី​ទំហំ​៤១៩​ហិកតា​ប៉ុណ្ណោះ ។​​ ​​ចំណែក​មេធាវី​ការពារ​ក្តី​ពលរដ្ឋ​ពីររូប​នោះ​គឺ កញ្ញា ពូក យ៉ា​រ៉ា​ន់ មានប្រសាសន៍ថា ចៅក្រម និង​ព្រះរាជអាជ្ញារង​ខេត្តសៀមរាប គ្មាន​មូលដ្ឋាន​ច្បាប់​ក្នុង​ការចាប់​កូនក្តី​របស់ខ្លួន​ឡើយ ។ យ៉ាងណាក៏ដោយ កញ្ញា នឹងដាក់​ពាក្យបណ្តឹង​ឲ្យ​កូនក្តី​របស់គាត់​បាន​នៅក្រៅ​ឃុំ ។ កញ្ញា​បន្ថែមថា «​ខ្ញុំ​យល់ថា គឺ​គ្មាន​មូលដ្ឋាន​ផ្លូវច្បាប់​ក្នុងការ​ចោទប្រកាន់​កូនក្តី​ខ្ញុំ ទី​១ ។ ទី​២ គ្មាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់ថា កូនក្តី​នាង​ខ្ញុំ បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់ ។ ខ្ញុំ​នឹងដាក់​ពាក្យ​ធានា​នៅក្រៅ​ឃុំ​បន្តទៀត ។ ខ្ញុំ​អត់​អាច​កំណត់​បានទេ​» ។​VOD មិនអាច​សុំ​ការឆ្លើយតប​ពី​ព្រះរាជអាជ្ញារង លោក សុខ កែវ​បណ្ឌិត បាន​នៅឡើយ​ទេ​ដោយ​ទូរ​សព្ទ​ចូល​គ្មាន​អ្នកទទួល ។ ចំណែក​ចៅក្រម​ស៊ើបសួរ លោក គី ឫទ្ធី ទូរ​សព្ទ​របស់លោក​មិនអាច​ហៅចូល​បាន ។​​យ៉ាងណាក៏ដោយ លិខិត​បំភ្លឺ​កម្រាស់​៥​ទំព័រ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ដ​សៀមរាប ចុះ​ថ្ងៃទី​១៥ ខែឧសភា​នេះ​ឲ្យ​ដឹងថា ការចាប់ខ្លួន​ពលរដ្ឋ​ស្រុក​ស្វាយ​លើ​ពីរ​នាក់​ដាក់ពន្ធនាគារ កាលពី​ខែមករា ឆ្នាំ​២០១៥​កន្លងមក​នោះ ធ្វើឡើង​ទៅតាម​នីតិវិធី​ច្បាប់ ដោយ​មិនមាន​ការប្រព្រឹត្ត​អំពើពុករលួយ ឃុបឃិត​គ្នាយ​កដី​ពលរដ្ឋ​ខ្មែរ ប្រគល់​ឲ្យ​ជនជាតិ​វៀតណាម​នោះឡើយ ។ លិខិត​បាន​ចាត់ទុកថា ការលើកឡើង​របស់​ស​មា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​១២ ខែឧសភា​របស់លោក នី ចរិយា ជា​រូបភាព​មួយ​លាប​ពណ៌​គ្នា និង​មាន​ចរិត​ញុះញង់​ឲ្យ​មានការ​រើស​អើ​ស​ពូជសាសន៍ ដែល​ធ្វើ​ឲ្យ​ការផ្សព្វផ្សាយ​ព័ត៌មាន មានការ​យល់ច្រឡំ​ធ្ងន់ធ្ងរ​ទៅលើ​ស្ថាប័ន​អនុវត្ដ​ច្បាប់ ៕ដក​ស្រង់​ពី​សារ​ព័ត៍​មាន​សម្លេង​ប្រ​ជា​ធិប​តេយ្យ ចេញ​ផ្សាយ​ថ្ងៃ​ទី​​២០ ខែ​ឧស​ភា ឆ្នាំ​២០១៥។