• លោក ផៃ ស៊ី​ផាន លើកឡើងថា អ្នកលេង​ហ្វេ​ស​ប៊ុ​ក​អាច​ប្រឈម​នឹង​ការចោទប្រកាន់​បទ​ព្រហ្មទណ្ឌ​

    • ថ្ងៃចេញផ្សាយ ២១-ឧសភា-២០១៥

    កាលពី​ម្សិលមិញ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​ប្រើពាក្យ​ប្រមាថ និង​បរិហារកេរ្តិ៍​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ដោយ​ទំនងជា​រំលោភ​លើ “​វប្បធម៌​នៃ​ការសន្ទនា​” ថ្មី​រវាង​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​។​​លោក ផៃ ស៊ី​ផាន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ជា​លក្ខណៈ “​លិខិត​ចំហ​ចំពោះ​ជន​អគតិ និង​អសីលធម៌​” ថា ក្នុងពេល​ថ្មីៗ​នេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាន​ប្រើពាក្យ​រំលោភបំពាន​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​តាម​អី​ុ​ន​ធើ​ណិ​ត​។​​លោក ផៃ ស៊ី​ផាន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា “​ក្នុង​រយៈពេល​ថ្មីៗ​នេះ លោក​បាន​សង្កេតឃើញថា ជន​មួយចំនួន​បាន​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​សង្គម​ដើម្បី​ប្រើពាក្យ​អសុរោះ ប្រមាថ​មាក់ងាយ បំផ្លើស និង​វាយប្រហារ​បរិហារ​បង្កា​ច់​កេរ្តិ៍​ដល់​មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​មួយចំនួន​”​។​​លោក​បាន​សរសេរ​បន្ត​ថា “​ការប្រមាថ និង​ការ​បរិហារ​បង្កាច់​កេរ្តិ៍ គឺ​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ទម្ងន់ទោស​ជា​ធរមាន​ស្រាប់​។ ការប្រមាថ និង​ការ​បរិហារ​បង្កាច់​កេរ្តិ៍ គឺ​មិន​ស្ថិតនៅក្នុង​សេរីភាព​ក្នុងការ​បញ្ចេញ​មតិយោបល់​ឡើយ ក៏ប៉ុន្តែ វា​ជាការ​រំលោភសិទ្ធិ​និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល ដែល​ត្រូវ​ទទួលបាន​ការគោរព​រួមទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ​”​។​​លោក​បាន​សរសេរ​ទៀតថា “​យើងខ្ញុំ​នឹង​ចាត់វិធានការ​ណាមួយ​ទាំង​ផ្លូវ​បច្ចេកទេស និង​ផ្លូវច្បាប់ ដើម្បី​រក្សា​សេរីភាព​ក្នុងការ​ប្រើប្រាស់​Online”​។​​នៅពេល​ទាក់ទង​តាម​ទូរស័ព្ទ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ​បាន​លើកឡើងថា លោក​មានការ​ព្រួយបារម្ភ​ជាពិសេស​ចំពោះ​ការប្រើ​ពាក្យ​ប្រមាថ​ដ៏​អសុរោះ ពី​អ្នកគាំទ្រ​គណបក្សប្រឆាំង ដែលជា​រឿយៗ​តែងតែ​ចោទប្រកាន់​រដ្ឋាភិបាល​ថា នៅតែ​បន្ត​បម្រើ​ផលប្រយោជន៍​វៀតណាម​នោះ​។​​លោក ផៃ ស៊ី​ផាន បាន​មានប្រសាសន៍ថា “​ពួកគេ​បាន​និយាយ​ជា​សាធារណៈ​ថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺជា​វៀតណាម ហើយ​ថា ស្ត្រី​ទី​១ [​លោកស្រី ប៊ុនរ៉ានី​] គឺជា​កូនស្រី​នៃ​វៀតណាម​ខាងជើង ហើយ​សូម្បីតែ​ខ្ញុំ​ក៏​ពួកគេ​លាប​ពណ៌​ថា​ជា​វៀតណាម​ដែរ​”​។​​លោក​បាន​មានប្រសាសន៍​បន្ថែមថា “​យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើពាក្យ​សមរម្យ ខណៈ​យើង​កំពុង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ការសន្ទនា​។ការដាក់ទោសទណ្ឌ​មានចែង​រួចហើយ​នៅក្នុង​ក្រមព្រហ្មទណ្ឌ​”​។​​យោងតាម​មាត្រា​៣០៥​ដល់​៣០៨ នៃ​ក្រុម​ព្រហ្មទណ្ឌ ការបរិហារកេរ្តិ៍ ឬ​ការជេរប្រមាថ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១០០.០០០​រៀល ដល់​១០.០០០.០០០​រៀល ឬ​ប្រហែល​២៥​ដុល្លារ ដល់​២.៥០០​ដុល្លារ​។​​​នៅពេល​ត្រូវបាន​សួរ​បន្ថែមថា តើ​រដ្ឋាភិបាល​នឹង​ចាត់វិធានការ “​បច្ចេកទេស​” អ្វី​ចំពោះ​អ្នក​ដែល​សរសេរ​ពាក្យ​ប្រមាថ និង​អសុរោះ​តាម​ហ្វេ​ស​បុក លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា រដ្ឋាភិបាល នឹង​ស្នើ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ឲ្យ​បិទ​គណនី​ដែល​ប្រើពាក្យ​មិន​សមរម្យ​ទាំងនេះ​។​​លោក​បាន​មានប្រសាសន៍ថា “​យើង​ត្រូវតែ​និយាយ​ទៅកាន់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ឲ្យ​លុបចោល ឬក៏​បិទ អ្នកលេង​ហ្វេ​ស​ប៊ុ​កណា ដែល​ប្រើពាក្យ​មិន​សមរម្យ​។ យើង​បិទ​គណនី​ពួកគេ​រួច​តាមរក​ម្ចាស់​គណនី​”​។​​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា តើ​គណបក្សប្រឆាំង​គាំទ្រ​ការអំពាវនាវ​បែបនេះ​របស់លោក ផៃ ស៊ី​ផាន ឬក៏​អត់​ឡើយ​។​​លោក​បាន​មានប្រសាសន៍ថា “​ខ្ញុំ​មិនអាច​ធ្វើ​អត្ថាធិប្បាយ​បានទេ បើ​មិន​បានឃើញ​ខ្លឹមសារ​នោះ​។ មានការ​សរសេរ​ជាច្រើន​តាម​ហ្វេ​ស​ប៊ុ​ក ខ្លះ​ល្អ ខ្លះ​មិនល្អ​។ តែ​ទោះ​ជាយ៉ា​​ង​ណា​ប្រសិនបើ​ការរិះគន់​នោះ​គ្រាន់តែ​ជាការ​រិះគន់​ធម្មតា នេះហើយ​គឺ​សង្គម​ប្រជាធិបតេយ្យ​នោះ​”​។​​លោក ប៉ាង សុឃឿន ដែលជា​អ្នក​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា “​ខ្មែរ​សុវណ្ណ​ភូមិ​” បាន​ការពារ​ការប្រើ​ពាក្យ​ប្រមាថ​លើ​មេដឹកនាំ​រដ្ឋាភិបាល ហើយ​ថា លោក​សង្ស័យថា ការព្រមាន​របស់លោក ផៃ ស៊ី​ផាន នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​កាន់តែខ្លាំង​ទៅវិញ​ទេ​។​​លោក សុឃឿន បាន​និយាយ​ដោយ​សំដៅ​ដល់​លិខិត​ក្នុងពេល​ថ្មីៗ​ដែល​លោក ហោ ណាំហុង បាន​លើកឡើងថា ដី​មាន​វិវាទ​មួយកន្លែង​នៅតាម​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ​ជា​របស់​វៀតណាម​នោះ​ថា “​គេ​ដឹងថា លោក ហោ ណាំហុង គឺជា​នរណា​ហើយ ប៉ុន្តែ គេ​បាន​ហៅ​លោ​កថា ជា​វៀតណាម​ដោយសារ​សេចក្តីថ្លែងការណ៍​ក្នុងពេល​ថ្មីៗ​របស់លោក​”​។​​លោក សុឃឿន បាន​និយាយ​បន្ថែមថា “​វា​ដូចជា​ពាក្យ​ដែល​ខ្មែរ​តែងតែ​ប្រើ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ណាមួយ ដែល​មិន​បម្រើ​ផលប្រយោជន៍​ជាតិ ប៉ុន្តែ បែរជា​បម្រើ​ផលប្រយោជន៍​បរទេស​ទៅវិញ​អ៊ីចឹង​ដែរ​”​។​​លោក​បាន​និយាយ​បន្ថែមទៀត​ដោយ​សំដៅលើ​លិខិត​របស់លោក ផៃ ស៊ី​ផាន ថា “​ការព្រមាន និង​ការ​គំរាម​បែបនេះ​មិនអាច​ពន្លត់​កំហឹង​ពលរដ្ឋ និង​បញ្ឈប់​ការប្រមាថ​លើក​ក្រោយៗ​ទៀត​បានឡើយ ប៉ុន្តែ វា​នឹងធ្វើ​ឲ្យ​មាន​ការឆេះ​កំហឹង និង​ធ្វើ​ឲ្យ​មានការ​ប្រមាថ​កាន់តែខ្លាំង​ឡើងទៅ​វិញ​ទេ​”៕​​ដកស្រង់​ពីសារ​ព័​ត៍​មាន​ខេ​ម​បូ​ឌា​ដេលី ចេញផ្សាយ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥​។​