• រដ្ឋមន្ត្រីគាំទ្រការចាត់វិធានការផ្លូវច្បាប់លើអ្នកជេរប្រមាថតាមបណ្ដាញទំនាក់ទំនងសង្គម

    • ថ្ងៃចេញផ្សាយ ២៥-ឧសភា-២០១៥

    កាលពី​ម្សិលមិញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានលើកឡើង​ថា លោក​គាំទ្រ​ការផ្ដន្ទាទោស​ចំពោះ​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​ជេរប្រមាថ​មន្ត្រី​រដ្ឋាភិបាល ក្រោយពេល​អ្នកនាំពាក្យរ​ដ្ឋា​ភិ​បាល​ម្នាក់​បានស្នើ​ឲ្យ​មាន​វិធានការ​បែបនេះ​កាលពី​សប្ដាហ៍​មុន​នៅក្នុង​លិខិត​ផ្ញើជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​​លោក ខៀវ កាញារីទ្ធ ដែលជា​អ្នក​ចូលចិត្ត​លេង​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ដែល​តែងតែ​បង្ហោះ​ព័ត៌មាន និង​សារ​ជា​ភាសា​ខ្មែរ អង់គ្លេស និង​បារាំង​នោះ បានលើកឡើង​នៅក្នុង​សារ​តាម​ហ្វេ​ស​ប៊ុ​កមួយ​កាលពី​ម្សិលមិញ​ថា លោក​គាំទ្រ​រដ្ឋាភិបាល​ក្នុងការ​ចាត់វិធានការ​ផ្លូវច្បាប់​លើ​អ្នកណា​ដែល​បង្ហោះ​សារ​ជេរប្រមាថ​តាម​អ៉ី​ន​ធើ​ណិ​ត​។​​លោក​បានសរសេរថា “​ប្រសិនបើ​លោកអ្នក​យល់ឃើញថា ខ្លួន​ត្រូវបាន​គេ​ជេរប្រមាថ គឺ​ទង្វើ​បែប​ហ្នឹង​វា​ស្ថិត​ចូលក្នុង​ក្រមព្រហ្មទណ្ឌ​រួចទៅហើយ​”​។ លោក​បាន​បន្ថែមថា ការផ្ដន្ទាទោស​គឺជា​វិធានការ​ដ៏​សាក​សម​មួយ​ចំពោះ​អ្នក​ដែល​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក្នុង​ផ្លូវ​មិន​សមរម្យ​។​​នៅពេល​ត្រូវបាន​សួរថា តើ​អ្នក​ដែល​ជេរប្រមាថ​មេដឹកនាំ​រដ្ឋាភិបាល​តាម​អ៉ី​ន​ធើ​ណិ​ត​គួរតែមាន​ការផ្ដន្ទាទោស​ក្រោម​ក្រមព្រហ្មទណ្ឌ​ដែរឬទេ លោក​បាន​មានប្រសាសន៍ថា “​ប្រសិនបើ​រដ្ឋាភិបាល​យ​ក​ករណី​ហ្នឹង​ទៅ​តុលាការ វា​គួរតែមាន​ហើយ​”​។​​យោងតាម​មាត្រា ៣០៥ ដល់ ៣០៨ នៃ​ក្រមព្រហ្មទណ្ឌ ការបរិហារកេរ្តិ៍ ឬ​ការជេរប្រមាថ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១០០.០០០​រៀល ដល់​១០.០០០.០០០​រៀល ហើយ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន រូបភាព ឬ​វីដេអូ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក៏​ដូចគ្នា​ដែរ​។​​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ផ្ញើលិខិត​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ស្នើ​ឲ្យ​ពួកគាត់​អនុវត្ត​ក្រមព្រហ្មទណ្ឌ​លើ​អ្នក​ដែល​ចែករំលែក​សារ​បរិហារកេរ្តិ៍ ឬ​ជេរប្រមាថ​តាម​អ៉ី​ន​ធើ​ណិ​ត​។​​លោក ផៃ ស៊ី​ផាន បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ទាំងពីរ​ចាត់វិធានការ​ផ្លូវច្បាប់​លើ​អ្នក​ដែល​គ្មាន​បំណងល្អ និង​គ្មាន​ក្រមសីលធម៌ ពីបទ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទៅ​វាយប្រហារ ជេរប្រមាថ និង​បរិហារកេរ្តិ៍​មន្ត្រីរាជការ និង​មេដឹកនាំ​រដ្ឋាភិបាល​។​​លិខិត​របស់លោក ផៃ ស៊ី​ផាន មាន​ខ្លឹមសារ​បន្ត​ដូច្នេះ​ថា “​ការប្រមាថ និង​ការ​បរិហារ​បង្កាច់​កេរ្តិ៍ គឺ​មិន​ស្ថិតនៅក្នុង​សេរីភាព​ក្នុងការ​បញ្ចេញ​មតិយោបល់​ឡើយ ក៏ប៉ុន្តែ​វា​ជាការ​រំលោភសិទ្ធិ និង​សេចក្ដីថ្លៃថ្នូរ​របស់​បុគ្គ​ល​ដែល​ត្រូវ​ទទួលបាន​ការគោរព រួមទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ​”​។​​នៅក្នុង​កិច្ច​សម្ភាស​កាលពី​សប្ដាហ៍​មុន លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា លោក​មានការ​ព្រួយបារម្ភ​ជាពិសេស​ចំពោះ​ការជេរប្រមាថ​ដែល​លើកឡើងថា មន្ត្រី​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​វៀតណាម និង​ចំពោះ​រូបភាព​របស់​មេដឹកនាំ​រដ្ឋាភិបាល​ដែល​គេ​យកទៅ​កាត់ត​ជា​រូប​អាសអាភាស ឬក៏​កាត់ត​ក្នុង​ផ្លូវ​មិនល្អ​ផ្សេងៗ​ទៀត​។​​លោក ប្រាក់ សុខុន បានលើកឡើង​កាលពី​ម្សិលមិញ​ថា ក្រសួង​របស់លោក​កំពុងតែ​ពិនិត្យមើល​សំណើ​របស់លោក ផៃ ស៊ី​ផាន​។​​លោក​បាន​មានប្រសាសន៍ថា “​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានស្នើ​ឲ្យ​អ្នកជំនាញ​សិក្សា​ពី​នីតិវិធី​បច្ចេកទេស និង​ផ្លូវច្បាប់​”​។​​លោក​បាន​បន្ថែមថា “​ពាក់ព័ន្ធ​នឹង​នីតិ​វិធិ​ផ្លូវច្បាប់ យើង​កំពុងតែ​ពិចារណា​ថា​តើ​បុគ្គល​ដែលជា​ជនរងគ្រោះ​នៃ​ការជេរប្រមាថ ឬ​ការបរិហារកេរ្តិ៍​គួរតែ​បញ្ជូន​បណ្ដឹង​ផ្ទាល់ខ្លួន​ទៅ​តុលាការ ហើយ​បន្ទាប់មក​តុលា​ការចេញ​សេចក្ដី​បង្គាប់​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​ឬ​យ៉ាងណា​”​។​​លោក ប្រាក់ សុខុន បានលើកឡើង​ទៀតថា ក្រសួង​របស់លោក​អាច​ចាត់វិធានការ​ផ្លូវច្បាប់​លើ​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ប្រសិនបើ​ខ្លួន​ទទួលបាន​សេចក្ដី​បង្គាប់​ឬ​បទបញ្ជា​ពី​រដ្ឋាភិបាល រដ្ឋសភា ឬ​ពី​តុលាការ ប៉ុន្តែ​ថា វា​អាចមាន​ការលំបាក​ក្នុងការ​ស្វែងរក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បុគ្គល​ដែលមាន​គណនី​របស់ខ្លួន​តាម​អ៉ី​ន​ធើ​ណិ​ត​។​​លោក​បាន​មានប្រសាសន៍​បន្ថែមថា “​វា​មានការ​លំបាក​ណាស់​។ សម្រាប់​ហ្វេ​ស​ប៊ុ​ក និង​បណ្ដាញ​ទំនាក់ទំនង​សង្គម វា​លំបាក​ណាស់​ក្នុងការ​ស្វែងរក​អ្នក​វាយប្រហារ​។ ចំពោះ​ហ្វេ​ស​ប៊ុ​ក យើង​ត្រូវតែ​ស្នើ​រក [​អត្តសញ្ញាណ​របស់​ម្ចាស់​គណនី​] តាមរយៈ​សហរដ្ឋអាមេរិក​។ យើង​មិនអាច​ធានាបាន​ឡើយ​ថា ពួកគេ​នឹង​ជួយ​យើង​នោះ​”​។​​លោកស្រី មូរ សុខ​ហួរ សមាជិកសភា និង​ជា​ប្រធាន​ទទួលបន្ទុក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ការ​គំរាម​របស់​រដ្ឋាភិបាល​ក្នុងការ​នាំយក​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទៅកាន់​តុលាការ គឺ​វា​មិនមែនជា​លទ្ធិប្រជាធិបតេយ្យ​ឡើយ​។​​លោកស្រី​បាន​មានប្រសាសន៍ថា ”​អ្វីដែល​លោក ផៃ ស៊ី​ផាន និង​រដ្ឋាភិបាល​កំពុង​ធ្វើ​គឺ​វា​មិន​ត្រឹមត្រូវ​ទេ​។ ខ្ញុំ​គិតថា ក្នុងនាម​ជា​មន្ត្រី​រដ្ឋាភិបាល ពួកគេ​ត្រូវតែ​ត្រៀមខ្លួន​ទទួលយក​ការរិះគន់ ហើយ​ការរិះគន់​ខ្លះ​អាច​ធ្ងន់ធ្ងរ​ខ្លាំង​”​។​​លោកស្រី​បាន​មានប្រសាសន៍​ទាក់ទិន​នឹង​សារ និង​រូប​ភាពមិន​សមរម្យ​ដែល​គេ​បង្ហោះ​នៅលើ​អ៉ី​ន​ធើ​ណិ​ត​ថា “​នេះ​មិនមែនជា​ការបរិហារកេរ្តិ៍​ទេ​។ ខ្ញុំ​គិតថា វា​មិនមែន​ជាការ​អុជអាល​ឲ្យ​ផ្ទុះ​អំពើហិង្សា​ទេ អស់លោក​គ្រាន់តែ​មើល​ហើយ​កុំ​គិតទុក​ក្នុង​ចិត្ត​ទៅ​វា​រួចហើយ​”​។​​តែ​ទោះជា​យ៉ាងណា លោក ផៃ ស៊ី​ផាន បានលើកឡើង​ម្ដងទៀត​កាលពី​ម្សិលមិញ​ថា សំណើ​នេះ​ធ្វើឡើង​ដោយ​ផ្អែកលើ​ច្បាប់​ដែលមាន​ស្រាប់​។​​លោក​បាន​មានប្រសាសន៍ថា “​ដូច​អ្វីដែល​ខ្ញុំ​បាន​ពន្យល់​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ថា លិខិត​របស់ខ្ញុំ​បាន​ពន្យល់​យ៉ាងច្បាស់​អំពី [​តុល្យភាព​] រវាង​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​សិទ្ធិមនុស្ស ដើម្បី​ការពារ​ភាពថ្លៃថ្នូរ​របស់​បុគ្គល​”​។​​លោក​បាន​បន្ថែមថា “​ខ្ញុំ​គ្រាន់តែ​បាន​ពន្យល់ថា ការរិះគន់​ក្នុងន័យ​ស្ថាបនា​គឺ​វា​គ្មាន​បញ្ហា​អ្វី​ទេ​។ ប្រសិនបើ​វា​ជា​រូប​គំនូរជីវចល គ្មាន​បញ្ហា​ទេ​។ ប៉ុន្តែ​ប្រសិនបើ​មាន​គេ​កាត់ត​រូប​ស្រាត​ដាក់​មុខ​របស់​លោកស្រី មូរ សុខ​ហួរ តាម​អ៉ី​ន​ធើ​ណិ​ត​វិញ​នោះ តើ​លោកស្រី​គិត​យ៉ាងម៉ិច​វិញ​ដែរ​?”​។​​លោកស្រី មូរ សុខ​ហួរ បាន​លើកឡើងថា រឿង​ទាំង​អស់ហ្នឹង​វា​មិនមែន​ថ្មី​សម្រាប់​លោកស្រី​ទេ​។​​លោកស្រី​បាន​មានប្រសាសន៍ថា “​វា​ធ្លាប់​កើត​ឡើងលើ​រូបខ្ញុំ​ពីមុនមក​រួចទៅហើយ វា​មាន​រូបភាព​អាក្រក់ៗ​ជាង​អ្វីដែល​អស់លោក​ស្រមើស្រមៃ​មកលើ​រូបខ្ញុំ​ទៅទៀត​។ អ្វីដែល​ខ្ញុំ​ត្រូវធ្វើ​គឺ​គ្រាន់តែ​មើល​ហើយ​ចោល​ទៅបាន​ហើយ​”៕​ដកស្រង់​ពីសារ​ព័​ត៍​មាន​ខេ​ម​បូ​ឌា​ដេលី ចេញផ្សាយ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥​។​