• សមត្ថកិច្ច​ចាប់ខ្លួន លោក ស ចន្ថា ដែល​លោក ឈូក បណ្ឌិត ទម្លាក់កំហុស​រឿង​បាញ់​កម្មករ​នៅ​ក្រុង​បាវិត​

    • ថ្ងៃចេញផ្សាយ ២៥-ឧសភា-២០១៥

    ​មន្ត្រី​សង្គម​ស៊ីវិល​អះអាងថា មន្ត្រីនគរបាល​មួយរូប​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ដែល​អតីត​អភិបាលក្រុង​បាវិត ឈូក បណ្ឌិត ធ្លាប់​ឆ្លើយ​ដាក់ថា ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​បាញ់​កម្មករ​ឲ្យ​រងរបួស​៣​នាក់ កាលពី​ជាង​៣​ឆ្នាំមុន​នោះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ បន្ទាប់ពី​សាលាដំបូង​ខេត្ត​នេះ បានចេញ​ដីកា​ជាថ្មីទៀត​ឲ្យ​តាម​ចាប់ខ្លួន ។​​មន្ត្រី​សម្របសម្រួល​របស់​អង្គការ​លីកាដូ ប្រចាំខេត្ត​ស្វាយរៀង លោក នុត បូព៌​ណ្ណា​រ័ត្ន ឲ្យ VOD ដឹង​នៅ​ថ្ងៃ​ចន្ទ ទី​២៥ ខែឧសភា​នេះ​ថា នាយផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ក្រុង​បាវិត លោក ស ចន្ថា ពេលនេះ​កំពុង​ត្រូវបាន​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ លោក​ថា «​និយាយ​រួម​រឿង​គាត់ គេ​ទម្លាក់កំហុស​លើ​គាត់ ដំបូង​គេ​ឲ្យ ឈូក បណ្ឌិត រួចខ្លួន​លើកលែងទោស ឈូក បណ្ឌិត លើកលែង​ការចោទប្រកាន់ ឈូក បណ្ឌិត ក្រោយមក​ទម្លាក់កំហុស​លើ ស ចន្ថា ដល់ពេល​មាន​មេធាវី​ប្តឹង​មក​ឧទ្ធរណ៍ បាន​គេ​ឲ្យ​ចោទ ឈូក បណ្ឌិត ឡើងវិញ​» ។​​មន្ត្រី​សង្គម​ស៊ីវិល​រូបនោះ​ឲ្យ​ដឹង​ទៀតថា អំឡុង​ឆ្នាំ​២០១៣ លោក ស ចន្ថា ត្រូវ​ចៅក្រម​សាលាដំបូង​ខេត្តស្វាយរៀង ចោទថា​បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ផ្តន្ទាទោស​៦​ខែ បន្ទាប់ពី​តុលា​ការរក​មិន​ឃើញថា មន្ត្រី​រូបនោះ​បាន​ដក​កាំភ្លើងខ្លី​បាញ់​កម្មករ​ឲ្យ​រងរបួស ដូច​ការឆ្លើយ​ដាក់​របស់​ជនជាប់ចោទ ឈូក បណ្ឌិត ។​​ជនជាប់ចោទ ឈូក បណ្ឌិត ត្រូវ​តុលាការ​រកឃើញថា បាន​ដក​កាំភ្លើងខ្លី​របស់ខ្លួន បាញ់រះ​ទៅលើ​ក្រុមកម្មករ​ធ្វើបាតុកម្ម​នៅ​រោងចក្រ​មួយ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្តស្វាយរៀង កាលពី​ឆ្នាំ​២០១២ បង្ក​ឲ្យ​មាន​ស្ត្រី​ជា​កម្មករ​៣​នាក​រងរបួស​ធ្ងន់ ។​​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​នោះ តុលាការ​បាន​ចោទប្រកាន់​ខ្មាន់កាំភ្លើង ឈូក បណ្ឌិត ពីបទ​បង្ក​របួសស្នាម​ដោយ​អ​ចេតនា នឹង​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​១៨​ខែ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​ដល់​ស្ត្រី​រងគ្រោះ​ទាំង​៣​នាក់ សរុប​៣៨​លាន​រៀល ។​​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ស្វាយ​រៀល លោក ហ៊ឹង ប៊ុន​ជា អះអាងថា ករណីនេះ​លោក​បានចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​លោក ស ចន្ថា និង​លោក ឈូក បណ្ឌិត មក​ផ្តន្ទាទោស​តាម​សាលក្រម​ឆ្នាំ​២០១៣ បន្ទាប់ពី​សាលដីកា​របស់​តុលាការ​កំពូល​ចូល​ជា​ស្ថាពរ ។​VOD មិនអាច​ទាក់ទង​ស្នងការ​ខេត្តស្វាយរៀង លោក កឹង ឃ​ន ដើម្បី​បញ្ជាក់ថា តើ​វិធានការ​តាម​ចាប់ខ្លួន លោក ឈូក បណ្ឌិត ដែល​បានរស់នៅ​ក្រៅ​សំណាញ់​ច្បាប់​ច្រើន​ឆ្នាំ​មកហើយ​នោះ មក​ផ្តន្ទាទោស​តាម​សាលដីកា​ស្ថាពរ​នោះ ឬក៏​យ៉ាងណាទេ ដោយ​លោក​អះអាងថា​ជាប់រវល់ ។ លោក​បញ្ជាក់ថា «​ខ្ញុំ​ជាប់​ប្រជុំ​លោក​អើយ តេៗ​(​ហៅ​ទូរ​សព្ទ​)​យ៉ាងហ្នឹង​» ។​​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿ​ន តុលា ដែល​តាមដាន​ករណីនេះ បង្ហាញ​ការខកចិត្ត​ចំពោះ​សមត្ថកិច្ច​គ្មាន​សម​ត្ថិ​ភាព​អាច​ចាប់ ឈូក បណ្ឌិត មក​ផ្តន្ទាទោស​បាន បើទោះបី​កន្លងទៅ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក ស ខេង ធ្លាប់​អះអាងថា ជនដៃដល់​បាញ់​កម្មក​រ​នៅ​ក្រុង​បាវិត​មានតែ​លោក ឈូក បណ្ឌិត តែ​ម្នាក់​ក៏ដោយ ។ លោក​ថា «​អ្វី​ដែលជា​អយុត្តិធម៌​ហ្នឹង គឺ​វា​ទ្វេ​គ្រោះ ទី​១ កម្មករ​បីនាក់​ដែល​រក​ការបាញ់​ដោយ​លោក ឈូក បណ្ឌិត ហ្នឹងហើយ ទី​២ លោក ស ចន្ថា ហ្នឹង​អត់​បាន​ប្រព្រឹត្ត​បទល្មើស​អី​ផង កាលពី​ហ្នឹង​មានន័យថា អត់​បាន​បាញ់ អត់​បាន​វ៉ៃ​កម្មករ​ផង បែរជា​រងគ្រោះ​ដោយសារ​គេ​ចោទប្រកាន់​ទៅវិញ ទោះយ៉ាងណា​ក៏ដោយ ទោសកំហុស​ដែល​តុលាការ​ដាក់​ចុង​ក្រោយនេះ គឺ​ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់​ហ្នឹង វា​ជា​រឿង​មួយ​ដែល​សង្គម​ស៊ីវិល​មិន​សាទរ​ទេ គួរតែមាន​ការអនុវត្ត​ច្បាប់​នៃ​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ ឲ្យ​មាន​ប្រសិទ្ធភាព​» ។​​ប៉ុន្តែ​ទាំង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក ទាំង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក គៀត ច័​ន្ធ​ថា​រិ​ទ្ធ ធ្លាប់​ប្រាប់ VOD ថា ជនជាប់ចោទ​លោក ឈូក បណ្ឌិត នឹងមិន​អាច​រស់​នៅក្រៅ​សំណាញ់​ច្បាប់​បានទេ ដោយ​គ្រាន់តែ​ការ​តាម​ចាប់​នោះ ត្រូវការ​ពេលវេលា​ជាក់លាក់​ណាមួយ ។​​យ៉ាងនេះ​ក្តី​ស្ត្រី​ជាក​ម្មការ​នី ដែល​រងរបួស​ដោយ​គ្រាប់កាំភ្លើង​មាន​អ្នកស្រី កែវ នា ប៊ុន ចិន្តា និង​នុត សា​ខន អះអាង​ដូចគ្នា​ថា ពួកគេ​មាន​ជំនឿ​តិចតួច​បំផុត​ថា​ទណ្ឌិត ឈូក បណ្ឌិត នឹងត្រូវ​ចាប់ខ្លួន​មក​ផ្តន្ទាទោស ដើម្បី​បានផ្តល់​សំណង​ដល់​ពួកគេ បើ​មន្ត្រីជាន់ខ្ពស់​មួយរូប​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ប្រើ​ឥ​ទ្វិ​ពល​រារាំង​កិច្ចការ​តុលាការ និង​សមត្ថកិច្ច​នោះ ៕​ដកស្រង់​ពីសារ​ព័​ត៍​មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥​។​