• UN​ស្នើ​ទៅ​រដ្ឋាភិបាល​បើក​ការពិភាក្សា​ឲ្យ​បាន​ទូលាយ​លើ​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​

    • ថ្ងៃចេញផ្សាយ ២៥-ឧសភា-២០១៥

    ​អង្គការសហប្រជាជាតិ​(UN)​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា​អនុញាត​ឲ្យ​សង្គម​ស៊ីវិល​ចូលរួម​តាក់តែង សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ឲ្យ​ច្បាប់​នោះ​មាន “​តម្លាភាព និង​គណនេយ្យភាព​” ស្របតាម​សង្គម​ប្រជាធិបតេយ្យ ។​​សេចក្តីថ្លែងការណ៍​រប​ស់​អង្គការសហប្រជាជាតិ​ដែល​VOD​ទទួលបាន​នៅ​ថ្ងៃអាទិត្យ​ទី​២៤ ខែឧសភា​នេះ បាន​ដកស្រង់​សម្តី​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោក ម៉ៃ ណា​គី​អៃ មាន​ខ្លឹមសារ​ថា រដ្ឋាភិបាល​គួរតែអនុញាត​ឲ្យ​សង្គម​ស៊ីវិល​ចូលរួម​ផ្តល់យោបល់​បន្ថែម​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មុននឹង​ដាក់​ទៅ​សភា​អនុ​ម័​យ​នៅ​ចុងខែ​ឧសភា​នេះ ។សេចក្តីថ្លែងការណ៍​ឲ្យ​ដឹង​ទៀតថា បើ​រដ្ឋាភិបាល​មិន​ព្រម​ឲ្យ​សង្គម​ស៊ីវិល​ចូលរួម​តាក់តែង​ច្បាប់​នេះ​ទេ ពេល​សភា​អនុម័ត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ក្នុងការ​បំពេញការងារ​របស់​ស្ថាប័ន​អង្គការក្រៅរដ្ឋាភិបាល​នោះ ។​​ទាក់ទិន​នឹង​ករណី​នេះដែរ សភា​យុវជន​ត្រាប់​ចាប់ផ្តើម​ពិភាក្សា​ពី​សេចក្តីព្រាងច្បាប់​ស្តីពី អង្គការ សា​គម​មិនមែន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ដែលមាន​យុវជន​១២៣​រូប​ចូលរួម និង​មាន​តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ​ឃ្លាំមើល​ផងដែរ ។ ចំណែក​តំណាង​ក្រសួង​អប់រំ និង​ក្រសួងមហាផ្ទៃ​មិនមាន​វត្តមាន​ទេ បើទោះជា​មានការ​អញ្ជើញ​ពី​អ្នករៀបចំ​កម្មវិធី​ក៏ដោយ​ក៏​មិនមាន​ការឆ្លើយតប ។​​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល​នឹង ត្រូវ​ឆ្លង​គណៈរដ្ឋមន្ត្រី ក្នុង​ខែឧសភា ឆ្នាំ​២០១៥​នេះ ដោយ​លោក​អំពាវនាវ​ឲ្យ​មានការ​ផ្តល់យោបល់​ជាជាង​ការរារាំង​កុំ​ឲ្យ​មានការ​អនុម័ត​ច្បាប់​នេះ ។ លោកនាយក​រដ្ឋមន្ត្រី​បាន​រិះគន់​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ដែល បាន​យកលុយ​ពី​បរទេស ដើម្បី​និយាយ​អាក្រក់​ពី​រដ្ឋាភិបាល ។ លោក​បន្តថា​ការបង្កើត​ច្បាប់​នេះ គឺ​ដើម្បី​ការគ្រប់គ្រង​មួយ មិនមែន​ដើម្បី​រារាំង​សកម្មភាព​របស់​អង្គការក្រៅរដ្ឋាភិបាល​នោះទេ ។ លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា «​អង្គការក្រៅរដ្ឋាភិបាល កុំ​ជ្រួលជ្រើម​ពេក ល្មមៗ​បាន​ហើយ អស់លោក​មិនទាន់មាន​សិទ្ធិ​អនុម័ត​នោះទេ ។ លោក​ចង់​និយាយ​ក៏​និយាយ​ទៅ​ចុះ ក៏ប៉ុន្តែ​សិទ្ធិ​របស់​រាជរដ្ឋាភិបាល សិទ្ធិ​របស់​សភា គឺ​អនុម័ត​ហើយ​…​ប្រហែល​ចាប់ពី​ខែ​៥(​ឧសភា​)​ហ្នឹង​ទៅ គឺ​ប្រជុំ​ដាក់ចូល​គណៈរដ្ឋមន្ត្រី​ហើយ​ចង់​នរណា​គាំទ្រ​ឬ​មិន​គាំទ្រ សំឡេង​របស់​សមាជិក​សភា​ដែលមាន​សិទ្ធិ​អនុម័ត​៥០​បូក​១​គឺ​គ្រប់គ្រាន់​ដើម្បី​នឹង អនុម័ត​។ យល់​ល្អ​ផ្តល់​មតិ​វិញ ជៀសវាង​ទប់ស្កាត់​មិន​ឲ្យ​ចេញ​» ។​​ឆ្លើយតប​នឹង​ករណីនេះ អង្គការ​សង្គម​ស៊ីវិល​ជាង​២៥០ ធ្លាប់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការអនុម័ត​ពង្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​សេចក្តីព្រាង​ជា​សាធារណៈ​សម្រាប់​ការពិគ្រោះ​យោបល់ ដើម្បី​កុំ​ឲ្យ​ច្បាប់​នោះ​អនុម័ត​ចេញមក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​ក្នុងការ​បំពេញការងារ​របស់​សង្គម​ស៊ីវិល ៕​ដកស្រង់​ពីសារ​ព័​ត៍​មានសម្លេង​ប្រ​ជា​ធិប​តេយ្យ ចេញផ្សាយ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៥​។​