• បក្សប្រឆាំង​បដិសេធ​ការ​ចោទ​របស់​អភិបាលក្រុង​ប៉ោយប៉ែត​រឿង​ញុះញង់​បង្ក​ហិង្សា​

    • ថ្ងៃចេញផ្សាយ ២៧-ឧសភា-២០១៥

    គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដីថ្លែងការណ៍​បដិសេធ​ការចោទប្រកាន់​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​នឹង​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កម្មករ​អូស​រទេះ​ជាមួយ​សមត្ថកិច្ច ដែល​បណ្ដាល​កម្មករ និង​មន្ត្រី​សន្តិសុខ​ទីស្នាក់ការ​គយ ២​នាក់​រង​បួស​ធ្ងន់ និង​ស្រាល ខណៈ​តវ៉ា​នៅមុខ​ការិយាល័យ​គយ​និង​រដ្ឋាករ ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​២៥ ខែឧសភា​។​​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស៊ើបអង្កេត​ករណី​ប៉ះទង្គិច​គ្នា​រវាង​កម្មករ​អូស​រទេះ និង​សមត្ថកិច្ច​ដែល​ឈានទៅដល់​ការប្រើ​អំពើហិង្សា​ដាក់គ្នា​នៅ​ក្រុង​ប៉ោយប៉ែត​នោះ ឲ្យ​មាន​តម្លាភាព និង​ឯករាជ្យ​។​​គណបក្សប្រឆាំង​ចេញ​សេចក្ដីថ្លែងការណ៍​ភ្លាមៗ​នៅ​ថ្ងៃទី​២៦ ខែឧសភា នេះ គឺ​នៅ​បន្ទាប់ពី​ក្រុមកម្មករ និង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បាន​ប៉ះទង្គិច​គ្នា​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃទី​២៥ ខែឧសភា នៅពេល​សមត្ថកិច្ច​បាន​ទៅ​បង្ក្រាប​ក្រុមកម្មករ​ធ្វើបាតុកម្ម​។​​នៅក្នុង​ខ្លឹមសារ​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​ឆាំង ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​មិន​លម្អៀង ចំពោះ​ហេតុការណ៍​ដែល​កើតឡើង​រវាង​កម្មករ និង​សមត្ថកិច្ច​ដែល​បង្ក​ឲ្យ​មាន​មនុ​ស្សរង​បួស​ធ្ងន់​និង​ស្រាល នៅពេល​កម្មករ​តវ៉ា​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បី​បញ្ចៀស​នូវ​ការចោទប្រកាន់​ដោយ​ពុំមាន​មូលហេតុ​ច្បាស់លាស់ និង​កំណត់​ពី​ការទទួលខុសត្រូវ​ពិតប្រាកដ​។​​សេចក្ដីថ្លែងការណ៍​ឲ្យ​ដឹង​ទៀតថា គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​និង​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ ដោយ​សន្តិវិធី​ចំពោះ​ការទាមទារ​របស់​កម្ម​ករ​ក្នុង​គោលបំណង​ធានា និង​ការពារ​ផលប្រយោជន៍ ព្រមទាំង​សិទ្ធិសេរីភាព​របស់​ពួកគាត់​។​​ដោយឡែក​ចំពោះ​របាយការណ៍​របស់​អភិបាលក្រុង​ប៉ោយប៉ែត វិញ បញ្ជាក់ថា ហេតុការណ៍​កើតឡើង​ដោយសារ​មានការ​ញុះញង់​ពី​ជន​មួយ​ក្ដាប់​តូច បាន​ញុះញង់​កំហឹង​កម្មករ បង្ក​ឲ្យ​កើតមាន​ហិង្សា បណ្ដាល​ឲ្យ​រថយន្ត​របស់​សមត្ថកិច្ច​គយ​ចំនួន ៧​គ្រឿង និង​ទ្វា​បង្អួច កញ្ចក់​ទីស្នាក់ការ​គយ រង​ការខូចខាត និង​រងរបួស​សន្តិសុខ​គយ​ម្នាក់​។ ដើម្បី​ទប់ស្កាត់​ស្ថានការណ៍​នេះ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​ទប់ស្កាត់ និង​បាញ់​កាំភ្លើងខ្លី​ឡើងលើ​ចំនួន ៤​គ្រាប់​។​​របាយការណ៍​របស់​អភិបាលក្រុង​ប៉ោយប៉ែត ដែល​ចុះហត្ថលេខា​ដោយ​លោក ង៉ោ ម៉េង​ជ្រួ​ន បាន​សរសេរ​បញ្ជាក់ទៀតថា ដំណើរការ​ធ្វើបាតុកម្ម​នោះ​មានការ​ដឹកនាំ​រប​ស់បុ​គ្គល​មួយចំនួន រួមមាន លោក ចៅ វាសនា ចៅសង្កាត់រង​ទី​២ សង្កាត់​ប៉ោយប៉ែត មកពី​គណបក្ស សម រង្ស៊ី​។ លោក ឌិន ពុ​ទ្ធី ប្រធាន​សមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប៉ោយប៉ែត និង​គូកន​មួយចំនួនទៀត​ដែល​មិនបាន​ស្គាល់​អត្តសញ្ញាណ​។​​ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្រុង​ប៉ោយប៉ែត លោក ឌិន ពុ​ទ្ធី មានប្រសាសន៍​បញ្ជាក់ថា លោក​ពុំមាន​ពាក់ព័ន្ធ​ទៅនឹង​ការ​ញុះញង់​ក្រុមកម្មករ​អូស​រទេះ​ដូច​ការចោទប្រកាន់​ក្នុង​របាយការណ៍​របស់​លោក​អភិបាលក្រុង​ប៉ោយប៉ែត នោះឡើយ​៖ «​ការធ្វើ​បាតុកម្ម​កើតឡើង​ដោយ​កម្មករ​ខ្លួនឯង​ទេ ពីព្រោះ​ពួកគាត់​មានការ​ឈឺចាប់​ចំពោះ​ការ​ជំរិត​យកលុយ​ពី​មន្ត្រី​គយ​ច្រើនពេក ហើយ​បង្ខំ​ឲ្យ​ពួកគាត់​បង់ពន្ធ​ថ្លៃ​ពេក​។ នេះ​ជា​បញ្ហា​មួយ​ដែល​ពួកគាត់​មិនអាច​ទ្រាំ​បាន​បន្តទៀត​ទើប​នាំគ្នា​ធ្វើបាតុកម្ម​ទៅ​»​។​​មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទ​គា មានប្រសាសន៍ថា សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត គួរ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទុក្ខលំបាក​ដែល​ក្រុមកម្មករ​ទាមទារ​ជាជាង​ការទម្លាក់​កំហុស​ដាក់គ្នា​ទៅវិញទៅមក ដោយ​ពុំមាន​លទ្ធផល​៖ «​អ៊ីចឹង​សមត្ថកិច្ច​បម្រើ​រាស្ត្រ​ត្រូវ​ជួយ​កម្មករ​នៅពេលដែល​ពួកគាត់ ទាមទារ មិនមែន​កម្មករ​ជួប​ការលំបាក ហើយ​ទៅ​វាយ​ពួកគាត់​បន្ថែមទៀត​បែបនេះ​ទេ​»​។​​ជាទូទៅ​ក្រុមមន្ត្រី​សិទ្ធិមនុស្ស​កត់សំគាល់ថា នូវ​រៀងរាល់​ការចុះ​បង្ក្រាប​បាតុកម្ម ក្រុម​សមត្ថកិច្ច​តែងតែ​ប្រើ​អំពើហិង្សា​លើ​បាតុករ ថែមទាំង​អ្នកសារព័ត៌មាន​ផង តែ​ជា​ចុងក្រោយ​អាជ្ញាធរ​ធ្វើការ​ចោទប្រកាន់​ក្រុមបាតុករ​ជា​អ្នក​ប្រើ​អំពើហិង្សា​ដាក់​លើ​សមត្ថកិច្ច​មុន​។​​ទាក់ទង​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​ហេតុការណ៍​នោះ​សុទ្ធតែ​អះអាងថា ខាង​សមត្ថកិច្ច​ជា​អ្នក​បង្កបញ្ហា​ទៅ​វាយ​បំបែក​កម្មករ​បណ្ដាល​ឲ្យ​ពួកគេ​ផ្ទុះ​កំហឹង​តវ៉ា​ភ្លាមៗ​តែម្ដង​។រហូតមក​ទប់​ពេលនេះ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត យើង​សង្កេតឃើញ​កងកម្លាំង​សមត្ថកិច្ច​កង​អាវុធហត្ថ និង​មន្ត្រីប៉ូលិស​ក្រុង​ប៉ោយប៉ែត ប្រមាណ ៣០​នាក់ ដាក់​ការពារ​សន្តិសុខ​នៅ​ជុំវិញ​ទីស្នាក់ការ​គយ ទាំងថ្ងៃទាំងយប់​នៅឡើយ​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៥​។​