• អង្គការ​អន្តរជាតិ​ថា​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​ត្រូវបាន​រឹតត្បិត​នៅ​២​ឆ្នាំ​ចុងក្រោយ​

    • ថ្ងៃចេញផ្សាយ ៤-មិថុនា-២០១៥

    ​របាយការណ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​(Amnesty International) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​បង្ហាញថា ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ សេរីភាព​នៃ​ការបញ្ចេញមតិ និង​ការប្រមូលផ្តុំ ត្រូវបាន​រឹតត្បិត​យ៉ាងខ្លាំង​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ។​​របាយការណ៍​របស់ Amnesty International ដែលមាន​កម្រាស​១២៤​ទំព័រ ចេញផ្សាយ​នៅក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០១៥​នេះ​រកឃើញថា រាល់​ការបញ្ចេញមតិ និង​ប្រមូលផ្តុំ​តែងតែ​មានការ​រឹតបន្តឹង និង​ការយាយី​ពី​សំណាក់​អាជ្ញាធរ ។ របាយការណ៍​បន្តថា ជាងនេះទៅទៀត នៅពេល​ប្រជាពលរដ្ឋ ឬ​កម្មករ​ចេញ​តវ៉ា​រឿង​អយុត្តិធម៌​ក្នុងសង្គម រដ្ឋាភិបាល​តែងតែ​ប្រើ​កម្លាំង​ហួសហេតុ មិន​សមាមាត្រ​ទៅ​ស្ថានការណ៍​ជាក់ស្តែង ។ របាយការណ៍​ដដែល​ស​ង្ក​ត់​ធ្ងន់​ថា ជាក់ស្តែង​យ៉ាងតិចណាស់ កម្មករ​ប្រមាណ​៦​នាក់​បាន​ស្លាប់ និង​អ្នកផ្សេង​ជាច្រើន​អ្នក​ទៀត​រងរបួស ក្នុងអំឡុងពេល​តវ៉ា​ត​ម្លើ​ង​ប្រាក់​ឈ្នួល​កាលពីដើមឆ្នាំ​២០១៤ តែ​រហូតទល់​ពេលនេះ រដ្ឋាភិបាល​មិនទាន់​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៅឡើយ​ទេ ។ របាយការណ៍​បន្តទៀត ជាពិសេស​អ្នកសារព័ត៌មាន និង​អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស ជា​គោលដៅ​របស់​អាជ្ញាធរ ក្នុងការ​ហាមឃាត់​មិន​ឲ្យ​ទៅយក​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​មួយចំនួន ។ ​ទោះជា​យ៉ាងណា ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ មានប្រសាសន៍ថា លោក​ពុំទាន់​ទទួលបាន​របាយការណ៍​នោះ​នៅឡើយ​ទេ ។ តែ​លោ​កថា កន្លង​រដ្ឋាភិបាល​កម្ពុ​ជា​អនុវត្ត​ទៅតាម​ច្បាប់​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ។ លោក​បន្តថា រាល់​ការបង្ក្រាប​កន្លងមក គឺ​ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ។ លោក​ថា «​យើង​អនុវត្ត​តាមច្បាប់ ព្រោះ​អី​សេរីភាព​នៃ​ការបញ្ចេញមតិ វា​ត្រូវ​កំណត់​នៃ​ច្បាប់​មួយ ដែល​កំណត់​នៅក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ច្បាប់​ស្តីពី​បាតុកម្ម ។ ដូច្នេះ​អ្វី​ដែលជា​បាតុភាព​អ​នា​ធិ​តេ​យ្យ រាជរដ្ឋាភិបាល​ប្រទេស​ណាក៏ដោយ គេ​មិន​ដែរ​ទុក​ឲ្យ​វា​រញ៉េរញ៉ៃ អនាធិបតេយ្យ​ពេញ​ប្រទេស​ទេ គេ​ត្រូវមាន​វិធានការ​ធ្វើ​ម៉េច រដ្ឋាភិបាល​ធានា​ឲ្យ​បាន​សន្តិសុខ​សណ្តាប់​ធ្នាក់​សង្គម ដើម្បី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​យើង​» ។​​ប៉ុន្តែ​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា យល់ថា របាយការណ៍​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​ភាពជាក់ស្តែង​ក្នុងប្រទេស​កម្ពុជា ដែល​លោក​យល់ថា មិនទាន់​ធានា​នូវ​ការ​គោរ​ព្វ​សិទ្ធិមនុស្ស ។ លោក​បន្តថា ជាក់ស្តែង​រាល់​ការប្រមូលផ្តុំ​ដោយ​សន្តិវិធី ដើម្បី​បញ្ចេញមតិ​តែងតែ​មានការ​ការបង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​។ លោក​ថា «​ជា​ការពិតហើយ យើង​ឃើញ​ការបាញ់​បង្ក្រាប​ទៅលើ​ក្រុមកម្មករ​ដៃទទេ ដោយ​គ្មាន​អាវុធ​ទាល់តែសោះ ហើយ​ធ្វើ​ឲ្យ​កម្មករ​ស្លាប់​៦​ទៅ​៧​នាក់​នៅលើ​ផ្លូវ​វ៉េងស្រេង នេះ​គឺជា​ភស្តុតាង​បញ្ជាក់​យ៉ាងច្បាស់​ហើយ ។ ចំណុច​ទី​២ ដូចជា​រឿង​ការចាប់​លោក វន់ ពៅ ដោយ​ប្រើ​ទាហាន​ដែល​មិនមែនជា​សមត្ថកិច្ច​ក្នុងការ​គ្រប់គ្រង​បាតុកម្ម ដោយ​សន្តិវិធី​សោះ ហើយ​យើង​ទៅប្រើ​ប្រាស់​ដូចជា​សឹកសង្គ្រាម​អ៊ីចឹង ហើយ​ហ្នឹង​ដែលជា​ហេតុផល​ធ្វើ​ឲ្យ​អ្នក​ដែល​គេ​សរសេរ​របាយការណ៍​ហ្នឹង អាច​លើកយក​ជា​ទឡ្ហី​ករ​បាន​ក្នុងការ​ធ្វើការ​វាយតម្លៃ​ទៅលើ​ស្ថានភាព​ក្នុងការ​សម្តែង​មតិ​ហ្នឹង​» ។​​លោក នី ចរិយា មើលឃើញថា កន្លងមក​រដ្ឋាភិបាល​មិនបាន​យក​ច្បាប់​មក​អនុវត្ត​នោះទេ គឺ​អនុវត្ត​ដោយ​ផ្អែកលើ​ស្ថានភាព​នយោបាយ​ទៅវិញ ។​របាយការណ៍​របស់ Amnesty International បញ្ជាក់ថា កម្ពុជា​មិនបាន​គោរព​សិទ្ធិមនុស្ស​ទៅតាម​បទដ្ឋាន​អន្តរជាតិ ដែល​ក្នុង​កម្ពុជា​ជា​ភាគី​ហត្ថលេខី​នៅ​អង្គការសហប្រជាជាតិ ក្នុង​ការធានា​សេរីភាព​បញ្ចេញមតិ និង​ការជួបប្រជុំ​ជាដើម ។​​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​ការគោរព​សិទ្ធិមនុស្ស​ក្នុងការ​ប្រមូលផ្តុំ​ដោយ​សន្តិវិធី និង​ការអនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ។ បញ្ចប់​នូវ​ការប្រើ​កម្លាំង​ហួសហេតុ​ក្នុងការ​បង្ក្រាប​រាល់​ការប្រមូលផ្តុំ ធានា​ប្រព័ន្ធតុលាការ​ឯករាជ្យ បញ្ចប់​និ​ទណ្ឌ​ភាព ដើម្បី​ស្របតាម​ស្តង់ដា​សិទ្ធិមនុស្ស​អន្តរជាតិ ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៥​។​