• យូ​មែន​រ៉ៃ​ត៍​វ៉​ច្ឆ​អំពាវនាវ​ឲ្យ​កម្ពុជា​កែ​សេចក្ដីព្រាងច្បាប់​សហជីព​ស្របតាម​បទដ្ឋាន​អន្តរជាតិ​

    • ថ្ងៃចេញផ្សាយ ៩-មិថុនា-២០១៥

    ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) ចាត់ទុក​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព ថា​ជា​មហន្តរាយ​មួយ​ដល់​សិទ្ធិមនុស្ស​របស់​កម្មក​រ​។ តំណាង​សហជីព​កម្មករ​ថា ច្បាប់​នេះ​មានការ​រឹតត្បិត​លើ​ការបង្កើត​សហជីព​។​​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ នៅ​ថ្ងៃទី​៨ មិថុនា ចេញ​សេចក្ដីអំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​កែលំអ​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​ឲ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ និង​ដាក់​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​។​​ក្នុង​សេចក្ដីអំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ សរសេរថា សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​កម្ពុជា នឹង​រំលោភសិទ្ធិ​ស្ដីពី​ការរៀបចំ​សមាគម ហើយក៏​ជា​ជំហាន​ដើរ​ថយក្រោយ​ដ៏​ធំ​មួយ​ចំពោះ​កម្មករ​។​​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ គាំទ្រ​ចំពោះ​ការអំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ ដោយ​លើកឡើង​ការព្រួយបារម្ភ​ថា ច្បាប់​ស្ដីពី​សហជីព​រឹតត្បិត​សិទ្ធិសេរីភាព​បង្កើត​សហជីព ដែល​លោក​មិន​ចង់​ឲ្យ​មាន​៖«​យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ យល់ឃើញថា អាហ្នឹង​វា​ជា​ការមិន​ត្រឹមត្រូវ ហើយ​ស្នើ​ឲ្យ​មានការ​ពិនិត្យឡើងវិញ​នៃ​សេចក្ដីព្រាងច្បាប់​នេះ វា​ជា​រឿង​មួយ​ល្អ ហើយ​យើង​ក៏​ស្នើសុំ​ទទូច​ដល់​រដ្ឋាភិបាល ធ្វើយ៉ាងណា គឺ​ត្រូវ​បញ្ចប់​នូវ​សេចក្ដីព្រាងច្បាប់​ហ្នឹង ហើយ​បើសិនជា​ក្នុងករណី​នៅតែ​បន្តធ្វើ​បែប​ហ្នឹង គឺ​ត្រូវ​ផ្ដល់​ឲ្យ​មានការ​វាយតម្លៃ ឬក៏​ពិគ្រោះ​យោបល់​ឲ្យ​បាន​ពេញលេញ ហើយ​ត្រូវ​ធានាថា វា​អត់​រំលោភ​អនុសញ្ញា​អន្តរជាតិ រដ្ឋធម្មនុញ្ញ ច្បាប់​ការងារ​ដែលមាន​ស្រាប់​។ នេះ គឺ​អ្វីដែល​យើង​ចង់បាន​»​។​​លើសពីនេះ​ទៀត អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ បន្ត​អំពាវនាវ​ដល់​ក្រុម​ម្ចាស់ជំនួយ​របស់​កម្ពុជា និង​ក្រុមហ៊ុន​ធំៗ​ម៉ាក​ល្បីៗ ដែល​ទិញ​សម្លៀកបំពាក់ និង​ផលិតផល​ផ្សេងទៀត​ពី​កម្ពុជា គួរតែ​ប្រាប់​ដល់​រដ្ឋាភិបាល​ឲ្យ​ផ្ដល់​ការ​ធានាថា សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​នោះ ស្របតាម​បទដ្ឋាន​អន្តរជាតិ ហើយ​យកទៅ​ពិចារណា​ឆ្លង តែ​នៅពេលណា​សេចក្ដីព្រាងច្បាប់​នេះ​បានដាក់​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ពេញលេញ​ប៉ុណ្ណោះ​។​​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​ឲ្យ​ដឹងថា សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព នឹងត្រូវ​អនុម័ត​ចេញ​នៅក្នុង​ឆ្នាំ​២០១៥ ហើយ​សេចក្ដីព្រាងច្បាប់​នេះ​នៅ​មិនទាន់​បានដាក់​ជា​សាធារណៈ ឬ​ផ្ដល់ឱកាស​សម្រាប់​ផ្ដល់យោបល់​ពី​កម្មករ សហជីព ឬ​សាធារណៈ​នៅឡើយ​ទេ​។​​លោក អាត់ ធន់ ថ្លែងថា ចំណុច​ពីរ​ដែល​ជាការ​រឹតត្បិត​សិទ្ធិសេរីភាព​សហជីព គឺ​ការកំណត់​ចំនួន​កម្ម​ករពី ២០% ទៅ ២៥% សម្រាប់​បង្កើត​សហជីព និង​ការពិន័យ​ថ្នាក់ដឹកនាំ​សហជីព​។ លោក​ថា ការកំណត់​បែបនេះ ជា​ឱកាស​ផ្ដល់​ឲ្យ​ខាង​និយោជក ហើយក៏​មិន​ធានា​ដល់​សហជីព​ដែលមាន​ស្រាប់​ដែរ​៖ «​បើសិនជា​និយោជក​ចង់​ឲ្យ​សហជីព​ឯករាជ្យ​ហ្នឹង​ឈប់ ឧទាហរណ៍​ថា កម្មករ​មាន ៣០% ចូល​សហជីព​ណាមួយ បើ​ថៅកែ​មិន​សប្បាយចិត្ត ថៅកែ​បញ្ឈប់​មួយក្រុម គាត់​ថា​អត់​មាន​ការងារ​ធ្វើ​ទាប​ជាង ២០% សហជីព​នៅក្នុង​ក្រុមហ៊ុន​ហ្នឹង គឺ​ត្រូវបាន​បញ្ឈប់​ចោល​ហើយ​។ កន្លែង​ហ្នឹងហើយ​ធ្ងន់ធ្ងរ​អំពី​សេរីភាព​។ បើ​និយាយ​អំពី​ថ្នាក់ដឹកនាំ វា​ធ្ងន់ធ្ងរ​នៅក្នុង​មាត្រា​៧៨ និង​មាត្រា​៨០ ស្ដីពី​ទោសពិន័យ​។ បានន័យថា គេ​អាច​ពិន័យ​ពី ១​លាន​ទៅដល់ ១០​លាន គេ​អាច​បិទ​បញ្ជិកា​ចោល ហើយ​ជាប់គុក​ពី ១​ខែ​ទៅដល់​មួយឆ្នាំ​។ អ៊ីចឹង​បានន័យថា ២​ចំណុច​ហ្នឹង​ធ្ងន់ធ្ងរ​បំផុត​នៅក្នុង​សេចក្ដីព្រាងច្បាប់​ហ្នឹង​»​។​​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិ​ត្យ សុធា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ​ទេ​។​​វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​មន្ត្រី​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​សុំ​ការពន្យល់​បន្ថែម​ពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី​៨ មិថុនា​។​​សេចក្ដីថ្លែងការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ ដដែល​សរសេរថា រដ្ឋាភិបាល​បាន​ឆ្លង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​ចុងក្រោយ​កាលពី​ខែឧសភា ឆ្នាំ​២០១៤ ហើយ​អង្គការ​នេះ​បានទទួល​សេចក្ដីព្រាងច្បាប់​នេះ​នៅ​ខែតុលា ឆ្នាំ​២០១៤ ដែល​មើលទៅ​មិន​ស្របតាម​បទដ្ឋាន​អន្តរជាតិ​ទេ​។ អង្គការ​នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដក​សេចក្ដីព្រាងច្បាប់​នេះ​វិញ ហើយ​ដាក់​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ សមាជិក​សហជីព និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​កែលំអ​ឲ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ មុនពេល​បញ្ជូន​ឲ្យ​សភា​អនុម័ត​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​០៨ ខែ​​​មិថុនា ឆ្នាំ​២០១៥​។​