• អង្គការ​ពីរ​នៅ​ព្រះវិហារ​ប្រតិកម្ម​នឹង​អាជ្ញាធរ​សង្ស័យថា​ពួកគេ​ដឹកនាំ​សហគមន៍​ដីធ្លី​តវ៉ា​

    • ថ្ងៃចេញផ្សាយ ៩-មិថុនា-២០១៥

    កាលពី​ថ្ងៃទី​២ និង​ទី​៣ មិថុនា កន្លងទៅ សហគមន៍​ទំនាស់​ដីធ្លី​ប្រមាណ ៣០០​នាក់​មកពី ៧​ស្រុក បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​ទី​រួម​ខេត្តព្រះវិហារ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ និង​ប្រគល់​ដីស្រែ​ចម្ការ​រាប់រយ​ហិកតារ​ដែល​ក្រុមហ៊ុន​រំលោភ​យក មក​ឲ្យ​ពួកគេ​វិញ​។​​ការលើក​គ្នា​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​នេះ បានធ្វើ​ឲ្យ​អាជ្ញាធរខេត្ត​ព្រះវិហារ ងាក​ទៅ​ដាក់​ការសង្ស័យ​លើ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (adhoc) និង​អង្គការ​ពន្លក​ខ្មែរ ដែលមាន​ការិយាល័យ​ក្នុង​ខេត្ត​នោះ ថា​ជា​អ្នក​ញុះញង់ និង​ដឹកនាំ​ប្រជាពលរដ្ឋ​ឲ្យ​ឡើងមក​តវ៉ា​ទៅវិញ​។ ការដាក់​ការសង្ស័យ បាន​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរខេត្ត​ព្រះវិហារ បានដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​នៅតាម​ដងផ្លូវ​ជាច្រើន​កំណាត់ ដើម្បី​រារាំង​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចូលទៅ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​ទី​រួម​ខេត្ត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មកពី​ស្រុក​រវៀង ខ្លះ​មានការ​ភ័យខ្លាច ហើយ​បើក​គោយន្ត​រត់គេច​បណ្ដាល​ឲ្យ​ក្រឡាប់​ស្លាប់​ម្នាក់ និង​របួស ៦​នាក់​ផ្សេងទៀត​។​​អង្គការសិទ្ធិមនុស្ស​មួយចំនួន បង្ហាញ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា​ឆ្លើយតប​នឹង​អាជ្ញាធរខេត្ត​ព្រះវិហារ ដែល​ចោទប្រកាន់​ទៅលើ​អង្គការ​ពន្លក​ខ្មែរ និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ថា​អាចជា​អ្នកដឹកនាំ​ក្រុម​ប្រជាពលរដ្ឋ​ច្រើន​រយ​នាក់ ឲ្យ​ឡើងទៅ​តវ៉ា​រឿង​ដីធ្លី​នៅ​ទី​រួម​ខេត្តព្រះវិហារ នោះ​។​ប្រតិកម្ម​របស់​អង្គការក្រៅរដ្ឋាភិបាល បាន​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​សាលាខេត្ត​ព្រះវិហារ បានដាក់​ការសង្ស័យ​ដោយនិយាយ​ចំឈ្មោះ​អង្គការ​ពន្លក​ខ្មែរ និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ថា​អាចជា​អ្នកដឹកនាំ និង​ធ្វើ​ញត្តិ​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី​មកពី ៧​ស្រុក នាំគ្នា​ឡើងទៅ​តវ៉ា​រឿង​ដីធ្លី​របស់​ពួកគេ​មក​។​​អភិបាលរង​ខេត្តព្រះវិហារ និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​ផង គឺ​លោក ស៊ូ សេរី​។ លោក​មានប្រសាសន៍​កាល​ពីថ្ងៃ​ទី​៣ ខែមិថុនា កន្លងទៅ​ថា ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី​មកពី ៧​ស្រុក ដែល​នាំគ្នា​តវ៉ា​នៅ​ទី​រួម​ខេត្ត​នោះ គឺអាច​មាន​អ្នក​ញុះញង់ និង​ដឹកនាំ មិនមែន​ពួកគាត់​សម្រេចចិត្ត​នាំគ្នា​ឡើងមក​តវ៉ា​ដោយ​ខ្លួនឯង​នោះទេ​។លោក​អភិបាលរង​ខេត្តព្រះវិហារ ដដែល​បញ្ជាក់ថា លោក​សង្ស័យ​ទៅលើ​អង្គការ​ពន្លក​ខ្មែរ និង​សមាគម​ការពារ​សិទ្ធិមនុស្ស ដែលមាន​ទីស្នាក់ការ​នៅក្នុង​ខេត្ត​នេះ អាចជា​ដឹកនាំ​ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដី​ទាំងនោះ ពីព្រោះ​នៅក្នុង​ពេលដែល​ប្រជាពលរដ្ឋ​កំពុង​ប្រមូលផ្ដុំ​តវ៉ា គឺ​លោក​បាន​ហៅ​អង្គការ​ទាំងពីរ​នេះ​ឲ្យ​មក​ចូលរួម​ប្រជុំ ប៉ុន្តែ​ពួកគេ​បដិសេធ​៖ «​ខ្ញុំ​មិន​ហ៊ាន​ចោទ​គេ​ត្រង់​ទេ ប៉ុន្តែ​ខ្ញុំ​ឃើញ​សកម្មភាព​មួយ​កាលពី​ម្សិលមិញ​នេះ គឺ​ខ្ញុំ​ចូលទៅ​កន្លែង​អាដហុក ដូចជា​គាត់​មានការ​និយាយ​អី​មិន​ស្មោះត្រង់​ជាមួយនឹង​ខ្ញុំ ប៉ុន្តែ​គាត់​បាន​ព័ត៌មាន​មក​និយាយ​ចំៗ ដល់ពេល​ខ្ញុំ​ទទួល​ញត្តិ​មក​ហាក់បីដូចជា​គាត់​បានទទួល​មុន​ខ្ញុំ​ទៅទៀត​»​។​​អាជ្ញាធរ​ដាក់​ការសង្ស័យ​ទៅលើ​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​ពីរ​នេះ ហាក់ដូចជា​ចង់​ទម្លាក់​ឲ្យ​ទទួលខុសត្រូវ​លើ​ហេតុការណ៍​ក្រឡាប់​គោយន្ត ១​គ្រឿង​នៅ​ស្រុក​រវៀង ដែល​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់ និង ៦​នាក់​ផ្សេងទៀត​រងរបួស ដោយសារតែ​ពួកគេ​ភ័យខ្លាច​នឹង​កម្លាំង​ប៉ូលិស​ជាច្រើន ដែល​ដាក់ពង្រាយ​នៅលើ​ដងផ្លូវ​ជាច្រើន​កំណាត់ ក្នុង​បំណង​រារាំង​មិន​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ទី​រួម​ខេត្ត​បាន​នោះ​។​​ទោះយ៉ាងណា សង្គម​ស៊ីវិល​បានចាត់ទុក​ការដាក់​ការសង្ស័យ​នេះ ថា​ជាការ​លាប​ពណ៌​មួយ​ដ៏​អាក្រក់ និង​ក៏​ជាការ​គំរាមកំហែង​ទៅលើ​សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល​ដែរ​។​​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ បាន​បដិសេធ​ចោលការ​ចោទប្រកាន់​នោះ ថា​អាដហុក មិនបាន​ដឹកនាំ​សហគមន៍​ទំនាស់​ដីធ្លី​មកពី​ស្រុក​ទាំង​៧ ឲ្យ​ឡើងមក​តវ៉ា​នៅ​ទី​រួម​ខេត្តព្រះវិហារ ទេ​។ លោក ឡោ ចាន់ បញ្ជាក់ថា តាមពិត គឺ​ប្រជាពលរដ្ឋ​អ្នកមាន​ទំនាស់​ដីធ្លី បាននាំគ្នា​ឡើងមក​តវ៉ា​ដោយ​ខ្លួនឯង ដោយសារតែ​ពួកគាត់​ក្ដៅក្រហាយ​ចំពោះ​ការបាត់បង់​ដីស្រែ​ចម្ការ ហើយ​មិនមាន​ការដោះស្រាយ​។ លោក ឡោ ចាន់ បង្ហាញ​ហេតុផល​ថា រឿង​ដែល​អាជ្ញាធរខេត្ត​ព្រះវិហារ ចោទប្រកាន់ថា​រូបលោក និង​អង្គការ​ពន្លក​ខ្មែរ ជា​អ្នកដឹកនាំ​ប្រជាពលរដ្ឋ​មក​តវ៉ា​នោះ គឺ​គ្រាន់តែ​ជាការ​បង្វែរ​បញ្ហា​ដើម្បី​គេច​ចេញពី​ការដោះស្រាយ​៖ «​ការ​ចោទ​របស់​អាជ្ញាធរខេត្ត គឺជា​លេស​មួយ បើ​យើង​និយាយ​ឲ្យ​ចំ​ទៅ គឺ​ស៊ី​បាយ​ខ្លួនឯង​យកទៅ​លាប​មាត់​ពពែ​»​។​​ចំណែក​មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ មានប្រសាសន៍ថា អាជ្ញាធរខេត្ត​ព្រះវិហារ ដែល​ដាក់​ការសង្ស័យ​មកលើ​អង្គការ​របស់លោក ជុំវិញ​ការដឹកនាំ​ប្រជាពលរដ្ឋ​ទំនាស់​ដីធ្លី​ឲ្យ​ឡើងមក​តវ៉ា​នៅ​ទី​រួម​ខេត្ត​នេះ គឺជា​រឿង​គិត​ខុស​។លោក ប៉ិក សោភ័ណ បញ្ជាក់​បន្ថែមថា អាជ្ញាធរខេត្ត​ព្រះវិហារ ដែល​ធ្លាប់តែ​គិតថា ជាច្រើន​ជំនាន់​មកហើយ ប្រជាពលរដ្ឋ​គឺ​មិនដែល​ហ៊ាន​តវ៉ា ដោយសារតែ​ភាព​ល្ងឹ​ត​ល្ងង់​នោះ គឺ​ខេត្ត​ទៅវិញ​ទេ​ដែល​ខ្វះ​ការពិចារណា ពីព្រោះថា​ឥឡូវ គឺមាន​កូនចៅ​ប្រជាពលរដ្ឋ​ជាច្រើន​បានក្លាយ​ខ្លួន​ទៅជា​និស្សិត បញ្ញវន្ត ហើយ​ពួកគេ​ទាំងនោះ​ក៏​អាចដឹកនាំ​ការតវ៉ា​ដោយ​ខ្លួនឯង មិនចាំបាច់​មាន​អង្គការក្រៅរដ្ឋាភិបាល​ណា​ដឹកនាំ​ទេ​៖ «​ជាការ​ឈឺចាប់​របស់​ព​ល​រដ្ឋ​ចេញពី​បេះដូង មិនចាំបាច់​អង្គការ​ណា​ទៅ​ញុះញង់​ទៅ​ចាក់​គាត់​ទេ គាត់​ឈឺឆ្អាល គាត់​ចង់បាន​ដីស្រែ​របស់គាត់​»​។​​បើទោះបីជា​អាជ្ញាធរខេត្ត​ព្រះវិហារ បានដាក់​ការសង្ស័យ​ទៅលើ​អង្គការ​ពន្លក​ខ្មែរ និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ថា​អាចជា​អ្នក​ញុះញង់ និង​ដឹកនាំ​ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី ៧​ស្រុក ឲ្យ​ឡើងមក​តវ៉ា​នៅ​ទី​រួម​ខេត្ត​កាលពី​ថ្ងៃទី​២ ទី​៣ ខែមិថុនា កន្លងទៅ​ក៏ដោយ ក៏​រហូតមក​ដល់ពេលនេះ គេ​នៅ​មិនទាន់​ឃើញ​អាជ្ញាធរខេត្ត ឬក៏​ស្ថាប័ន​តុលាការ ចាត់វិធានការ​ណាមួយ​ទៅលើ​អង្គការក្រៅរដ្ឋាភិបាល​ទាំងពីរ​នោះ​នៅឡើយ​ទេ​។​​អង្គការសិទ្ធិមនុស្ស​លីកាដូ (LICADHO) បាន​រិះគន់​ទៅលើ​អាជ្ញាធរខេត្ត​ព្រះវិហារ ដែល​ដាក់​ការសង្ស័យ​ទៅលើ​អង្គការ​ពន្លក​ខ្មែរ និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នោះ​ថា​គឺជា​ចរិត​ខ្វះ​ការទទួលខុសត្រូវ និង​មិន​ទទួលស្គាល់​ការពិត​មួយ​របស់​មន្ត្រី​រដ្ឋាភិបាល​។​​មន្ត្រីជាន់ខ្ពស់​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រូបលោក​ក៏ដូចជា​អង្គការ​ជាច្រើន​ទៀត មិនអាច​ទទួលយកបាន​ចំពោះ​ការចោទប្រកាន់​ដែល​គ្មាន​ភស្តុតាង​បែបនេះ​ទេ​។ លោក​ចាត់ទុក​ការចោទប្រកាន់​របស់​អា​ជ្ញា​ធរ​ខេត្តព្រះវិហារ នោះ គឺ​គ្រាន់តែ​ការ​ដោះសា​យករួចខ្លួន​ឯង ហើយ​លាប​ពណ៌​ទៅលើ​អ្នកដទៃ​ប៉ុណ្ណោះ​៖ «​វា​គ្រាន់តែ​ជាការ​លាប​ពណ៌ ដើម្បី​គេច​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ដែល​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ពិបាក​ក្នុងការ​បំពេញការងារ​ជួយ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​»​។​​ក្រុម​អង្គការសិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​យល់ឃើញថា បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹមតែ​ព្យាយាម​គាបសង្កត់​គំរាមកំហែង​ទៅលើ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ព្យាយាម​គំរាមកំហែង និង​គាបសង្កត់​ទៅលើ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល​ទៀតផង​។ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ប​ង្ហា​ញ​ហេតុផល​ថា ដោយសារតែ​រដ្ឋាភិបាល​ចង់​ដាក់​ការគាបសង្កត់​ទៅលើ​សង្គម​ស៊ីវិល ដែល​ជ្រោមជ្រែង​លើ​ដំណើរការ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់ គឺ​ថ្មីៗ​នេះ រដ្ឋាភិបាល​នៅតែ​ជំរុញ​ឲ្យ​មានការ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ឲ្យ​ចេញ​ជា​ច្បាប់ បើទោះបីជា​សេចក្តីព្រាង​នេះ​មានការ​ចម្រូងចម្រាស​ពី​បណ្ដា​ប្រទេស​ម្ចាស់ជំនួយ និង​អង្គការក្រៅរដ្ឋាភិបាល​យ៉ាងណាក៏ដោយ​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​០៨ ខែ​​​ មិថុនា ឆ្នាំ​២០១៥​។​