-
តុលាការខេត្តកោះកុងទម្លាក់បទចោទប្រកាន់លើសកម្មជនការពារដីធ្លីម្នាក់
- ថ្ងៃចេញផ្សាយ ១២-មិថុនា-២០១៥
សាលាដំបូងខេត្តកោះកុង នៅព្រឹកថ្ងៃពុធ ទី១០ មិថុនា បានទម្លាក់បទចោទប្រកាន់លើសកម្មជនការពារដីធ្លីនៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង គឺលោកស្រី ផាវ ញើង ពីបទចោទបំផ្លាញទ្រព្យសម្បត្តិ (សម្លាប់សត្វគោ) បន្ទាប់ពីរកឃើញថា លោកស្រី ផាវ ញើង មិនជាប់ពាក់ព័ន្ធនៅក្នុងករណីនេះ។ការទម្លាក់បទចោទប្រកាន់លើសកម្មជនការពារដីធ្លីខេត្តកោះកុង លោកស្រី ផាវ ញើង ធ្វើឡើងនៅក្នុងសវនាការជំនុំជម្រះពីបទបំផ្លាញទ្រព្យសម្បត្តិដោយចេតនា ដែល លោក ហេង ហ៊ុយ បានដាក់ពាក្យប្ដឹង លោកស្រី ផាវ ញើង កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅ។សកម្មជនការពារដីធ្លីខេត្តកោះកុង លោកស្រី ផាវ ញើង បានប្រាប់វិទ្យុអាស៊ីសេរី ក្រោយចេញពីតុលាការជំនុំជម្រះថា សវនាការដែលដឹកនាំដោយ លោក សាំង សេរី ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង សិរី មុន្នី បានសម្រេចទម្លាក់បទចោទប្រកាន់លោកស្រី ព្រោះមិនមានភស្តុតាងត្រឹមត្រូវដូចការចោទប្រកាន់របស់ លោក ហេង ហ៊ុយ ជាឧកញ៉ាម្នាក់ដែលចោទថា លោកស្រី ផាវ ញើង បានសម្លាប់គោរបស់លោកចំនួនពីរក្បាលដោយថ្នាំបំពុលនោះទេ។លោកស្រី ផាវ ញើង ចាត់ទុកការចោទប្រកាន់មកលើលោកស្រីច្រើនលើកច្រើនសា គឺកំពុងគំរាមកំហែងបំបាក់ស្មារតីពីសំណាក់អ្នកមានអំណាច រំលោភយកដីលោកស្រី និងពលរដ្ឋនៅក្នុងភូមិប៉ុណ្ណោះ។ សកម្មជនដីធ្លីរូបនេះ ស្នើអង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធ ឃ្លាំមើលចំពោះករណីនៃការចោទប្រកាន់របស់តុលាការមកលើលោកស្រី៖ «»។ទោះជាតុលាការបានទម្លាក់បទចោទប្រកាន់សកម្មជនការពារដីធ្លី លោកស្រី ផាវ ញើង យ៉ាងណាក៏ដោយ តែតុលាការនឹងបន្តប្រកាសសាលក្រមជាថ្មីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះ។កាលពីឆ្នាំ២០០៩ រដ្ឋាភិបាលកម្ពុជា បានផ្តល់ដីតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង លើផ្ទៃដីទំហំ ៧៧៩ហិកតារ ស្ថិតក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ទៅឲ្យ លោក ហេង ហ៊ុយ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចមូលដ្ឋានរួមមាន លំនៅឋាន និងស្រែចម្ការជាដើម៕ដកស្រង់ពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៥។