• សង្គម​ស៊ីវិល​ប្រឈម​ការ​លុបឈ្មោះ​ចោល ប្រសិនបើ​មិនមាន​ជំហរ​អព្យាក្រឹត​ចំពោះ​បក្សនយោបាយ​

    • ថ្ងៃចេញផ្សាយ ១៦-មិថុនា-២០១៥

    សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​បង្ហាញថា​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​បរទេស ប្រឈម​នឹង​ការ​លុបឈ្មោះ​ចេញពី​បញ្ជី​របស់​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស​កម្ពុ​ជា នៅពេល​រដ្ឋាភិបាល​រក​ឃើញថា​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​មាន​និន្នាការ​ទៅកាន់​គណបក្សនយោបាយ​ណាមួយ​។​​សេចក្តីព្រាងច្បាប់​ចុងក្រោយ​ដែល​រដ្ឋាភិបាល​បានដាក់​ទៅ​រដ្ឋសភា មាន​៩​ជំពូក និង​មាន​៣៩​មាត្រា​។ មាត្រា​២៤​នៃ​សេចក្តីព្រាងច្បាប់​នេះ​បាន​ចែងថា​«​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ឬ​សមាគម​បរទេស ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្សនយោបាយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​»​។ មាត្រា​១០​នៃ​សេចក្តីព្រាងច្បាប់​នេះ​ចែងថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​អំពី​ព័ត៌មាន​រាល់​គណនី​ដែល​ត្រូវ​បើក​សម្រាប់​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​នៅ​ធនាគារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ មាត្រា​២៥​ចែងថា​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ផ្ញើ​របាយការណ៍​បូកសរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំទៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ មាត្រា​២៥ បន្តថា​ក្នុងករណី​ចំ​បាច់ ក្រសួងមហាផ្ទៃ អាច​ស្នើសុំ​របាយការណ៍​ស្តីពី​សកម្មភាព និង​នយោបាយ​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​សមាគម​។​​ករណី​ដែល​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​អនុវត្តតាម​មាត្រា​១០ មាត្រា​២៤ និង​មាត្រា​២៥ ក្រសួងមហាផ្ទៃ​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ដោយ​ទុក​រយៈពេល​យ៉ាងយូរ​៣០​ថ្ងៃ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​។ ករណី​មិន​អនុវត្តតាម ក្រសួង​នឹង​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន​រយៈពេល​យ៉ាងយូរ​៩០​ថ្ងៃ​។ ក្នុងករណី​នៅតែ​មិន​ព្រម​អនុវត្ត ក្រសួងមហាផ្ទៃ​ត្រូវ​សម្រេច​ជា​លាយលក្ខណ៍អក្សរ​លុប​ឈ្មោះ​ចេញពី​បញ្ជី​។​​បើតាម​សេចក្តីព្រាងច្បាប់ ក្រសួងមហាផ្ទៃ​ក៏​អាច​សម្រេច​លុបឈ្មោះ​ចេញពី​បញ្ជី​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ណា ដែល​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​សន្តិសុខ ស្ថិរភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ឬ​បង្ក​នូវ​ភាព​មហន្តរាយ​ដល់​សន្តិសុខ​ជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​របស់​ស​ង្គ​ម​ជាតិ​កម្ពុជា ដោយ​ពុំ​គិតពី​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​។ សង្គម​ស៊ីវិល​ចាត់ទុកថា​នេះ​ជា​ពាក្យពេចន៍​មិន​ច្បាស់លាស់​ដែល​រដ្ឋាភិបាល​អាច​នឹង​ប្រើប្រាស់ ដើម្បី​ចាត់វិធានការ​លើ​អ្នក​រិះគន់​ខ្លួន​។​​បើតាម​សេចក្តីព្រាង​នេះ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​សិទ្ធិ​ប្តឹងតវ៉ា​នឹង​សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ​ទាក់ទង​នឹង​ការមិន​ចុះបញ្ជី ការបញ្ឈប់​សកម្មភាព ការ​លុបឈ្មោះ​ចេញពី​បញ្ជី និង​ការពិន័យ​ទៅ​តុលាការ ក្នុង​រយៈពេល​៣០​ថ្ងៃនៃ​ថ្ងៃ​ធ្វើការ គិតពី​ថ្ងៃ​ជូនដំណឹង​អំពី​សេចក្តីសម្រេច​។ យោងតាម​សេចក្តីព្រាងច្បាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​បញ្ឈប់​ប​ន្ទា​ន់​ចំពោះ​អង្គ​ការដែល​មិនបាន​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួងមហាផ្ទៃ ហើយ​ក្នុងករណី​មិន​រាងចាល ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ទៅ​១០​លាន​រៀល​។ ក្នុងករណី​បន្តធ្វើ​សកម្មភាព អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ប្តឹងទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា លោក សឿង សារឿន មានប្រសាសន៍ថា​សេចក្តីព្រាងច្បាប់​នេះ​មិនបាន​កំណត់​និយមន័យ​ឲ្យ​បាន​ច្បាស់ ដែល​អាច​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ចំពោះ​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​រដ្ឋាភិបាល​យល់ថា​មិន​ផ្តល់​ប្រយោជន៍​ដល់​ខ្លួន​។ លោក​បញ្ជាក់ថា​ពាក្យ​ទាំងនោះ​រួមមាន​អព្យាក្រឹតភាព ពាក្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ និង​វប្បធម៌​ជាដើម​។​​លោក​មានប្រសាសន៍ថា​«​តាម​ការវិភាគ​មួយចំនួន វា​មាន​លក្ខណៈ​ហានិភ័យ​ខ្ពស់​។ អត់​មាន​និយមន័យ​ឲ្យ​ច្បាស់​ពាក្យ​អព្យាក្រឹត​។ ត្រូវការ​ពន្យល់​ឲ្យ​បាន​លម្អិត បើ​មិន​អញ្ចឹង​ការបកស្រាយ​នឹងមាន​ភាពចម្រូងចម្រាស់ ហើយ​ការអនុវត្ត​ស្រេច​តែ​ចិត្ត​»​។​​លោក សឿង សារឿន ឲ្យ​ដឹង​ទៀតថា​សេចក្តីព្រាងច្បាប់​នោះ​ក៏​មិនបាន​ចែង​ពី​អង្គការ​សហគមន៍​មូលដ្ឋាន​(CBO) ដែលមាន​រចនាសម្ព័ន្ធ​ដូច​អង្គការ​សង្គម​ស៊ីវិល​ដែរ​។ លោក​អះអាងថា​ការមិន​ចែង​នេះ រដ្ឋាភិបាល​នឹង​ចាត់វិធានការ​ចំពោះ​អង្គការ​សហគមន៍​មូលដ្ឋាន​។ លោក​បន្ថែមថា​សេចក្តីព្រាងច្បាប់​នេះ​ក៏បានផ្តល់​អំណាច​លើសលុប​ទៅដល់​រដ្ឋាភិបាល​ក្នុងការ​ស្នើសុំ​មើល​ហិរញ្ញវត្ថុ​របស់​អង្គការ និង​ដំណើរការ​នៃ​ការចុះបញ្ជី​ផ្សេងៗ​។លោក​មានប្រសាសន៍​ថាស​ង្គ​ម​ស៊ីវិល​នៅតែ​ទទូច​ឲ្យ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ពិគ្រោះ​យោល់​លើ​សេចក្តីព្រាងច្បាប់​នេះ​ឲ្យ​បាន​ពេញលេញ​។ លោក​បន្តថា​សង្គម​ស៊ីវិល​នឹង​ព្យាយាម​ជួប​ជាមួយ​គណៈកម្មាធិការ​នៃ​រដ្ឋសភា ដើម្បី​ជជែក​ពី​បញ្ហា​នេះ​។​​កន្លងទៅ ឧបការី​រង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ដែល​ទទួលបន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ លោក​​​​Scott Busby ធ្លាប់បាន​អះអាងថា​ច្បាប់​អង្គការ​នេះ​មិនទាន់​ចាំបាច់​មាន​សម្រាប់​កម្ពុជា​នៅពេលនេះ​ទេ​។​​ទោះជា​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ថ្លែងថា​«​យើង​នឹង​បន្ត​ចេញ​ច្បាប់​តាម​ដែល​ការកំណត់​របស់​យើង ព្រោះ​មានតែ​រដ្ឋសភា​ទេ ដែលមាន​សិទ្ធិ​អនុម័ត​ច្បាប់ មិនមែន​អង្គការក្រៅរដ្ឋាភិបាល មិនមែន​ទូត​បរទេស​ទេ ដែលមាន​សិទ្ធិ​អនុម័ត​ច្បាប់​នោះ​។ ពិតមែន​ហើយ យើង​ស្តាប់​មតិយោបល់​ផ្សេងៗ​ពី​មជ្ឈដ្ឋាន​នានា ដើម្បី​ឈានទៅដល់​ការកសាង​នូវ​ច្បាប់ ព្រោះ​ច្បាប់​មួយ​វា​មិន​ពាក់ព័ន្ធ​តែ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ពាក់ព័ន្ធ​នឹង​តួអង្គ​ទាំងអស់​ក្នុងប្រទេស​»​។លោក ហ៊ុន សែន ក៏បាន​អំពាវនាវ​កុំ​ឲ្យ​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​មាន​ក្តីបារម្ភ​ចំពោះ​ច្បាប់​នេះ ដោយ​លោក​ថា​ច្បាប់​នេះ​នឹង​ការពារ និង​បើកទូលាយ​ឲ្យ​អង្គការ សមាគម ទាំងនេះ​ធ្វើ​សកម្មភាព​ដោយ​ទូលាយ​ទៅតាម​ផ្លូវច្បាប់ និង​មានច្បាប់​គ្រប់គ្រង​។​​បើតាម​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ហោ ណាំហុង អង្គការ​សមាគម ដែល​ចុះបញ្ជី​ជាមួយ​ក្រសួង​ក​ហា​ផ្ទៃ​មាន​ចំនួន​ជាង​៣​ពាន់​អង្គការ​-​សមាគម និង​អង្គការ​អន្តរជាតិ​ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងការបរទេស​កម្ពុ​ជាមាន​ជាង​៤០០៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ​១៦ ខែ មិថុនា ឆ្នាំ​២០១៥​។​