• អង្គការសិទ្ធិមនុស្ស​ប​ង្ហា​ញ​ចំណុច​អាក្រក់​នៃ​សេចក្ដីព្រាងច្បាប់​អង្គការ​សមាគម​

    • ថ្ងៃចេញផ្សាយ ១៧-មិថុនា-២០១៥

    ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចេញផ្សាយ​ការវិភាគ​របស់ខ្លួន​ទៅលើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​អង្គការ​សមាគម ដែល​សេចក្ដីព្រាង​ចុងក្រោយ​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​។ការវិភាគ​នោះ​រកឃើញថា នៅមាន​ចំណុច​បារម្ភ​ជាច្រើន ដែល​អង្គការសិទ្ធិមនុស្ស​មួយ​នេះ​ចាត់ទុកថា ជាការ​រឹតត្បិត​ដល់​សិទ្ធិសេរីភាព​ខាង​សមាគម និង​សិទ្ធិ​ចូលរួម​ក្នុង​ជីវភាព​សាធារណៈ ដែល​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ​។​​ការលើកឡើង​របស់​អង្គការសិទ្ធិមនុស្ស​នេះ ស្រប​ពេលដែល​សេចក្ដីព្រាងច្បាប់​អង្គការ​សមាគម ត្រូវ​មន្ត្រី​អះអាងថា​ត្រូវបញ្ជូន​ចេញពី​ស្ដីការគណៈរដ្ឋមន្ត្រី​ទៅកាន់​រដ្ឋសភា​។​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា រកឃើញថា សេចក្ដីព្រាងច្បាប់​ចុងក្រោយ​ដែល​ចេញពី​គណៈរដ្ឋមន្ត្រី ឬ​សេចក្ដីព្រាង​លើក​ទី​៥ នៃ​ច្បាប់​ស្ដីពី​អង្គការ​សមាគម មាន​ចំណុច​ធំៗ​ចំនួន​៥ ដែល​នៅ​ចោទ​ជា​បញ្ហា ហើយ​អង្គការ​នេះ​បន្ត​ទាមទារ​ឲ្យ​មានការ​ពិភាក្សា​កែលំអ​។​​នៅក្នុង​អត្ថបទ​វិភាគ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​១៦ ខែមិថុនា បាន​បញ្ជាក់ថា ចំណុច​ទាំង​៥ នោះ​បង្ហាញថា សេចក្ដីព្រាងច្បាប់​អង្គការ​សមាគម បានប្រគល់​អំណាច​យ៉ាងច្រើន​ដល់​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​របស់​អង្គការ​សង្គម​ស៊ីវិល បើទោះបីជា​បាន​លុបចោល​ការដាក់កំហិត​លើ​ថវិកា​ចំណាយ​រដ្ឋបាល​ក៏ដោយ​។​​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់​ចុងក្រោយ​ដែល​អង្គការ​អ្នកស្រី​វិភា​គនេះ គឺ​ទទួលបាន​ដោយ​ក្រៅផ្លូវការ ឬ​ហៅថា ជាការ​បែកធ្លាយ​ដែល​ពុំមែន​ជាការ​ផ្ដល់​ឲ្យ​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​ឡើយ​។ អ្នកស្រី​ថា ជា​លទ្ធផល សេចក្ដីព្រាងច្បាប់​នេះ​មាន​ស្ថានភាព​អាក្រក់​ជាង​សេចក្ដីព្រាងច្បាប់​ក្នុងដំណាក់កាល​ដំបូងៗ​៖ «​បង្ហាញ​ពី​ចេតនា​ច្បាស់​ក្នុងការ​គ្រប់គ្រង និង​រឹតបន្តឹង​លើ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុងការ​ប្រតិបត្តិការ​ងារ​ក្នុងប្រទេស​កម្ពុជា យើង​នេះ​។ យើង​នៅតែ​ទទូច​ឲ្យ​មានការ​ពិគ្រោះ​យោបល់ ដែល​ឲ្យ​បាន​ពេញលេញ និង​មាន​អត្ថន័យ ដែល​អាច​ឲ្យ​យើង​ឈរលើ​មូលដ្ឋាន​មួយ ដែលមាន​ច្បាប់​មួយ​ដែល​សម្រួល​ដល់​អង្គការ​សង្គម​ស៊ីវិល ក្នុងការ​ប្រតិបត្តិការ មិនមែន​ជាការ​រឹតបន្តឹង​សេរីភាព និង​ការប្រតិបត្តិ​របស់​អង្គការ​សមាគម​នោះទេ​»​។​​ចំណុច​ទាំង​៥ ដែល​អង្គការ​នេះ​ព្រួយបារម្ភ​នោះ​រួមមាន ការមិន​ចែង​ពី​អង្គការ​សហគមន៍​មូលដ្ឋាន ដែល​អាច​ឲ្យ​មានការ​បកស្រាយ​ប៉ះពាល់​ដល់​ដំណើរការ​ពួកគេ​។ សមាគម និង​អង្គការ តម្រូវ​ឲ្យ​ចុះបញ្ជី​ដែល​លែង​ជា​ជម្រើស ដែល​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គការ​សមា​គម ដែល​ត្រូវគេ​បដិសេធ​មិន​ឲ្យ​ចុះបញ្ជី ចំណែក​អង្គការ​អន្តរជាតិ ក៏​តម្រូវ​ឲ្យ​ចុះបញ្ជី​តាម​នីតិវិធី​សាំញ៉ាំ​។ ការបង្ហាញ​បញ្ញត្តិ​មិន​ច្បាស់លាស់​ពី​ឯករាជភាព​របស់​អង្គការ​សមាគម​ពី​គណបក្សនយោបាយ និង​ការផ្ដល់អំណាច​ឲ្យ​ក្រសួងមហាផ្ទៃ លុបឈ្មោះ​អង្គការ​សមាគម​ពី​បញ្ជី ដែលជា​ចំណុច​គួរ​ឲ្យ​ព្រួយបារម្ភ​ជាងគេ​។​​មន្ត្រី​នាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បានបញ្ជាក់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook) របស់លោក​ថា សេចក្ដីព្រាងច្បាប់​នេះ​បាន​ផុតពី​ដៃ​គណៈរដ្ឋមន្ត្រី​ហើយ គឺ​បាន​បញ្ជូនទៅ​រដ្ឋសភា​រួចហើយ​។​​វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អា​ចរក​ប្រភព​ណា​ដែល​អាច​បញ្ជាក់បាន​ថា តើ​រដ្ឋសភា​នឹង​ចាត់​ឲ្យ​មាន​កិច្ចពិភាក្សា​សេចក្ដីព្រាងច្បាប់​នេះ​នៅឡើយ​ទេ នៅ​ថ្ងៃទី​១៦ ខែមិថុនា​។​​យ៉ាងណា អ្នកតំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន ធ្លាប់​បញ្ជាក់ថា ច្បាប់​ដែល​រដ្ឋាភិបាល​កំពុង​បង្កើត​នៅពេលនេះ គឺ​ដើម្បី​គាំពារ​អង្គការ​សមាគម​ទៅវិញ​ទេ​៖ «​បាន​សេចក្តីព្រាងច្បាប់​មក​យើង​ផ្ទៀង​ជាមួយ​សេចក្តីព្រាងច្បាប់​ថ្មី តើ​បើ​ប្រៀបធៀប​ជាមួយ​ច្បាប់​អាមេរិក វា​យ៉ាងម៉េច​? ជាមួយ​ឥណ្ឌា ដែលជា​ប្រទេស​ប្រជាធិបតេយ្យ​នៅ​អាស៊ី យ៉ាងម៉េច​? សិង្ហ​បុរី ថា​ម៉េច​? ថៃ ថា​ម៉េច​? គេ​នឹងធ្វើ​ការប្រៀបធៀប​ច្បាប់​របស់​យើង​មិន​ខុសគេ​ទេ បើ​ខុសគេ យើង​មិនមែន​មនុស្សជាតិ​ទេ​»​។​​សេចក្ដីព្រាងច្បាប់​ស្ដីពី​អង្គការ​សមាគម ដែល​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ទទួលបាន​មិន​ផ្លូវការ​នោះ មាន ៩​ជំពូក និង ៣៩​មាត្រា បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​បានសម្រេច​លុបចេញ​មាត្រា​ចំនួន​២ ទាក់ទង​នឹង​ថវិកា​អង្គការ​សមាគម​។ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល មាន​ក្ដី​រំពឹង​ចុងក្រោយ​ថា រដ្ឋសភា​នឹង​បើក​ឲ្យ​មានការ​ពិភាក្សា​ទទួល​យោបល់ និង​ក្ដីបារម្ភ​របស់​ពួកគេ​ដែល​មិនមែន​គ្រាន់តែ​ជាការ​ជួបជុំ ដើម្បី​ធ្វើ​បទ​បង្ហាញ​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ​២០១៥​។​