• សហគមន៍​ជម្លោះដីធ្លី​នៅ​ភ្នំពេញ​រិះគន់​តុលាការក្រុង​ថា​កាត់ទោស​ពួកគាត់​ដោយ​អយុត្តិធម៌​

    • ថ្ងៃចេញផ្សាយ ២៣-មិថុនា-២០១៥

    ក្រុម​សហគមន៍​មាន​ជម្លោះដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ ចេញមុខ​បរិហារ​រិះគន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២២ មិថុនា​។ ការជួបជុំ​រិះគន់​នេះ ធ្វើឡើង​នៅ​បន្ទាប់ពី​ស្ត្រី​សកម្មជន​ដីធ្លី ១០​រូប ត្រូវបាន​តុលាការ​មួយ​នេះ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយឆ្នាំ កាលពី​ឆ្នាំ​២០១៤ កន្លងទៅ ដែល​ពួកគាត់​មិន​សុខចិត្ត​នោះទេ​ចំពោះ​ការចាប់ខ្លួន​ពួកគាត់​ដាក់ពន្ធនាគារ​នេះ នៅពេល​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោះស្រាយ​បញ្ហា​ទឹកភ្លៀង​ជន់​លិច​ផ្ទះ​របស់​ពួកគាត់​។​​ភាពអយុត្តិធម៌​ជុំវិញ​ការចាប់ខ្លួន​ស្ត្រី ១០​នាក់​ជា​អតីត​អ្នកភូមិ​បឹងកក់ សហគមន៍​បឹងកក់ និង​សហគមន៍​ថ្មគោល កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ ហើយ​កាត់ក្តី​ឲ្យ​ជាប់គុក​ជាង ៥​ខែ​នោះ បាន​ក្លាយជា​កំហឹង​នៃ​ការឈឺចាប់​ជាថ្មី​របស់​ក្រុម​សហគមន៍​មាន​ជម្លោះដីធ្លី​ប្រមាណ​ជា​១០ នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​​តាំងពីព្រឹក​ព្រលឹម​ថ្ងៃទី​២២ មិថុនា ក្រុម​សកម្មជន​ដីធ្លី​មកពី​សហគមន៍​បឹងកក់ ថ្មគោល អតីត​បឹងកក់ និង​សហគមន៍​បុរី​កីឡា ប្រមាណ ៤០​នាក់ បាន​ដង្ហែ​ក្បួន​ចេញពី​វត្ត​ព្រះពុទ្ធ ឆ្ពោះទៅ​ជួបជុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​​អ្នកស្រី ទេព វ​ន្នី តំណាង​ឲ្យ​សហគមន៍​ទាំងនោះ​និយាយថា ការជួប​ជុំគ្នា​នេះ គឺជា​ការតស៊ូ​មតិ​ដោយ​អហិង្សា​ស្ដីពី​ការចាប់ខ្លួន​ស្ត្រី​ទាំង ១០​នាក់​កន្លងមក ព្រោះ​ពួកគាត់​មិនអាច​ទទួលយក​បានទេ​ចំពោះ​ការកាត់ក្តី​យ៉ាង​អយុត្តិធម៌​បែបនេះ​៖ «​យើង​ចង់បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​យើងខ្ញុំ ថា​ពុំមាន​កំហុស​ដូច​ការចោទប្រកាន់​រប​ស់​តុលាការ​ឡើយ និង​ចង់បង្ហាញ​ឲ្យ​ពិភពលោក​បានដឹងថា តុលាការ​នៅ​កម្ពុជា មិន​ឯករាជ្យ និង​មិន​យុត្តិធម៌​នោះទេ​»​។​​ការ​ដង្ហែ​ក្បួន​នោះ អតីត​ស្ត្រី​ពិរុទ្ធជន ១០​រូប រួមមាន អ្នកស្រី ទេព វ​ន្នី ជាដើម ស្លៀក​សារុង អាវ​ស ដៃ​កាន់​ផ្កា​ពណ៌​ខ្មៅ និង​ទូលកញ្ជើ​លាជ​ប្រឡាក់​ដោយ​ឈាម ព្រមទាំង​មាន​ក្រដាស​លុយ​ដុល្លារ​ពណ៌​ខ្មៅ​យកទៅ​ជូន​តុលាការក្រុង​ភ្នំពេញ ក្នុងន័យ​រិះគន់ថា តុលាការ​នៅ​កម្ពុជា ពោរពេញ​ទៅដោយ​ភាព​ខ្មៅ​កខ្វក់ និង​ពុំមាន​យុត្តិធម៌​សម្រាប់​ពួកគាត់ និង​ជនក្រីក្រ​តូច​ទាប​ដទៃទៀត​ទេ​។​​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ប្រធាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុន​ឡាយ មានប្រសាសន៍ថា លោក​ពុំ​ចាប់អារម្មណ៍​ឡើយ​ចំពោះ​ការរិះគន់​របស់​ក្រុម​អ្នកមាន​ជម្លោះដីធ្លី​ទាំងនោះ ព្រោះ​ជាទូទៅ​អ្នកចាញ់​ក្តី​តែងតែ​និយាយ​ដូច្នេះ​។ ប៉ុន្តែ​លោក​ថា ប្រសិនបើ​ពួកគាត់​កើតទុក្ខ​មិន​សុខចិត្ត អាច​ប្ដឹង​តទៅ​តុលាការ​កំពូល​បាន​៖ «​ស្រេច​តែ​ពួកគាត់​ថា​ទៅ ហើយ​ប្រើ​នីតិវិធី​ប្ដឹង​ទៅលើ​ទៀត​ឲ្យ​អស់ចិត្ត​ទៅ សម្រាប់​ខ្ញុំ​ក៏​មិនដឹងថា​ម៉េច​ដែរ​»​។​​ការជួបជុំ​របស់​ក្រុម​សកម្មជន​ដីធ្លី​លើក​នេះ ពុំមាន​ការរារាំង​ពី​កម្លាំង​សមត្ថកិច្ច​ដូច​លើក​មុន​ឡើយ​។​​ទាក់ទិន​បញ្ហា​នេះដែរ ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ទទួលស្គាល់ថា ស្ត្រី​ទាំង ១០​នាក់​នោះ គឺ​ពិតជា​ទទួលរង​នូវ​ភាពអយុត្តិធម៌​ពី​តុលាការ​ក្រុងភ្នំពេញ​ពិតមែន ព្រោះ​ពួកគាត់​ជា​ជនរងគ្រោះ​ដីធ្លី ដែល​អ្នកខ្លះ​ធ្លាប់​ជាប់ពន្ធនាគារ​ពីរដង​ទៅហើយ​។​​កាលពី​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លងទៅ ស្ត្រី​សកម្មជន​ដីធ្លី ១០​រូបនេះ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ខណៈ​តវ៉ា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​ទឹកភ្លៀង​ជន់​លិច​ផ្ទះ​របស់​ពួកគេ​។ ក្រោយមក តុលាការក្រុង​ភ្នំពេញ កាត់ទោស​ពួកគាត់​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល ក្រោម​បទ​ចោទថា បាន​បង្ក​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ​។ការចោទប្រកាន់​នេះ ត្រូវបាន​ស្ត្រី​រងគ្រោះ​ទាំងនោះ​ច្រានចោល ដោយ​រៀបរាប់ថា ការចាប់​ពួកគាត់​ទាំង​កម្រោល​កាលណោះ សមត្ថកិច្ច​ហាក់​ពុំមាន​ហេតុផល​ទាល់តែសោះ ព្រោះ​ពុំមាន​ការកកស្ទះ​ចរាចរណ៍ មិន​ប៉ះពាល់​ទ្រព្យសម្បត្តិ​សាធារណៈ និង​មិនបាន​បណ្ដាល​ឲ្យ​អ្នកណាម្នាក់​រងរបួស​នោះឡើយ​។ ម្យ៉ាងវិញទៀត ការតវ៉ា​ពេលនោះ មាន​ពេលវេលា​មិន​ដល់ ១០​នាទី​ផង​។​​ករណីនេះ អ្នកស្រី ទេព វ​ន្នី ថា ពួកគាត់​មាន​ភាពអយុត្តិធម៌​ខុស​ឆ្ងាយ​ពី​ស្ត្រី​វ័យក្មេង​ម្នាក់ទៀត ដែល​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ទៅវិញ បន្ទាប់ពី​បើកឡាន​ទំនើប​បុក​ដើមឈើ និង​សន្តិសុខ​យាមកាម​នៅមុខ​ភូមិគ្រឹះ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេល​ថ្មីៗ​នេះ​៖ «​វា​ខុសស្រឡះ វា​ឥតមាន​តុល្យភាព​រវាង​ពួក​ខ្ញុំ​ដែល​រងគ្រោះ និង​អ្នកប្រព្រឹត្ត​ខុសច្បាប់​។ ខ្ញុំ​ជា​អ្នករងគ្រោះ បែរជា​រងគ្រោះ​បន្តទៀត ហើយ​អ្នកប្រព្រឹត្ត​ខុសច្បាប់ បែរជា​រួចខ្លួន ហើយ​សម្ដេច ហ៊ុន សែន ថា​ដោយសារ​គ្រួសារ​នាង​ហ្នឹង​គួរ​ឲ្យ​អាណិត​។ ប្រសិនបើ​គាត់​មក​ប្រៀបធៀប​រវាង​អ្នក​បឹងកក់ និង​នារី​ម្នាក់​នោះ សួរថា​តើ​អ្នកណា​គួរ​ឲ្យ​អាណិត​ជាង​»​។​​យ៉ាងណាក៏ដោយ ស្ត្រី​ទាំងនេះ​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព ក្រោម​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី នៅមុន​ថ្ងៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៥៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ​២០១៥​។​