• សង្គម​ស៊ីវិល​បង្ហោះ​ប៉េងប៉ោង​សុំឱ្យ​បញ្ឈប់​ច្បាប់​អង្គការ​

    • ថ្ងៃចេញផ្សាយ ៣០-មិថុនា-២០១៥

    ភ្នំពេញ​—​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុងប្រទេស​កម្ពុជា បាន​បន្ត​យុទ្ធនាការ​របស់​ពួកគេ​ដូច​ការគ្រោងទុក​ក្នុងការ​បង្ហោះ​ប៉េងប៉ោង​និង​បង្ហាញ​សារ​ដែល​សរសេរថា «​និយាយថា​ទេ​!​ច្បាប់​សហជីព ច្បាប់​សមាគម និង​អង្គការ​» ហើយ​ពួកគេ​ក៏​ត្រៀម​ផងដែរ​ដើម្បី​ដើរ​ហែរ​ក្បួន​នៅលើ​វិថី​ធំៗ​ចំនួន​បួន ដើម្បី​ផ្សព្វផ្សាយ​ពី​គោលបំណង​របស់​ពួក​ក្នុង​ការមិន​ឲ្យ​អនុម័ត​ច្បាប់​នេះ​។​​ការបន្ត​យុទ្ធនាការ​របស់​ពួកគេ​នៅថ្ងៃនេះ ធ្វើឡើង​ក្រោយពី​ការជួបជុំ​របស់​ពួកគេ​កាលពី​ថ្ងៃអាទិត្យ​នៅមុខ​រដ្ឋសភាជាតិ ដើម្បី​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​សេចក្តីព្រាងច្បាប់​ដែល​មានការ​រឹតបន្តឹង​លើ​សិទ្ធិសេរីភាព​ក្នុង​ការធ្វើ​ប្រតិ​ប​តិ្ត​ការ​សកម្មភាព​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទូទៅ​។​​លោក អំ សំអាត​ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ​បាន​ប្រាប់​វី​អូ​អេ​នៅថ្ងៃនេះ​ថា បុគ្គលិក​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​បានចាប់ផ្តើម​យុទ្ធនាការ​នេះ ទៅតាម​គម្រោង​ដែល​បានរៀបចំ ហើយ​ថា ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​ឯទៀត​នឹងធ្វើ​ការដើរ​ហែរ​ក្បួន​នៅ​ថ្ងៃស្អែក​នេះ​។​«​បាទ​នៅតាម​ការិយាល័យ​អង្គការ​លីកាដូ​ទាំង​ភ្នំពេញ​ទាំង​បណ្តា​ខេត្ត គឺ​មានការ​បង្ហោះ ហើយ​មិន​តែ​លីកាដូ​ទេ​មាន​អង្គការ​ដៃគូ​នៅតាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ហ្នឹង​ក៏​ចូលរួម​នៅក្នុង​បង្ហោះ​ប៉េងប៉ោង​ហ្នឹង​ដែរ អញ្ចឹង​មាន​អង្គការ​ច្រើនណាស់​ដែល​បាន​និង​បង្ហោះ​ប៉េងប៉ោង​ដូច​ការគ្រោងទុក​នៅ​ព្រឹក​មិញ​ទាំង​ជាតិ​និង​អន្តរជាតិ​»​។​ លោក​បាន​ឲ្យ​ដឹង​ដែរ​ថា អ្នកដឹកនាំ​និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ពុំបាន​សុំ​ការអនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​សម្រាប់​ការ​ហែរ​ក្បួន​ដោយ​សន្តិវិធី​នេះ​ទេ ដោយ​លោក​ពន្យល់ថា សាលាក្រុង​នឹង​មុខជា​មិន​ផ្តល់​ការអនុញ្ញាត​នោះឡើយ​។​​ឆ្លើយតប​ទៅនឹង​ការដើរ​ហែរ​ក្បួន​នេះ លោក​ឡុង ឌី​ម៉​ង់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា​សាលាក្រុង​នឹង​ចាត់​រាល់​វិធានការ​នានា​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​មិន​ឲ្យ​ការ​ហែរ​ក្បួន​ដែលមាន​ចេតនា​ប្រឆាំងនឹង​ការអនុម័ត​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​។​«​អញ្ចឹង​យើង​ឃើញ​ហើយ​រូបភាព​នេះ​ប្រហែលជា​រូបភាព​ដែលមាន​ការចាត់តាំង​មួយ​។ អញ្ចឹងទេ​ការស្នើ​រៀបចំ​ធ្វើបាតុកម្ម ការសម្តែង​មតិ ការ​ហែរ​ក្បួន​ដែល​មិនមាន​ការអនុញ្ញាត​ច្បាស់​ទេ គឺថា​យើង​នឹង​ប្រើ​វិធានការ​នានា​ទាំងអស់​ដើម្បី​ទប់ស្កាត់ ដើម្បី​បង្ក្រាប​ការងារ​ទាំងអស់​ដែល​មិនមាន​ការសុំច្បាប់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ក្នុងសង្គម​នេះ​»​។​​ដោយឡែក​នៅឯ​រដ្ឋសភា​ជាតិ​ឯណោះ​វិញ លោក​សម រង្ស៊ីមេ​ដឹក​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​សំ​ឡេ​ភាគតិច​នៅក្នុង​សភា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​បាន​ជួប​សន្ទនា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ប្រាប់​លោក​ថា សូមកុំ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ខ្លាំង​ទាក់ទង​នឹង​ការបង្កើត​ច្បាប់​នេះ​នៅក្នុង​ការចុះបញ្ជី​ការឡើង​វិញ​។​«​សម្តេច​ហ៊ុន សែន​បាន​បញ្ជាក់ប្រាប់​ខ្ញុំ​ថា​សូម​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​កុំ​ព្រួយបារម្ភ​ហួសហេតុ​។ អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុងតែ​ដំណើរការ​ហើយ គឺ​អត់​ចាំបាច់​ទៅ​ចុះឈ្មោះ​ឡើងវិញ​នឹងមាន​ការទទួលស្គាល់​ជា​ស្វ័យប្រវត្តិៗ​»​។​​លោក​បញ្ជាក់ដែរថា​សភា​ជាតិ​នឹង​ពិនិត្យ​លើ​សំណើ​ឲ្យ​លុបចោល​សេចក្តីព្រាងច្បាប់​នេះដែរ ក្រៅពី​ចុះបញ្ជី​ការឡើង​វិញ​នេះ​។​«​ជាការ​បញ្ជាក់​បំភ្លឺ​លើ​ចំណុច​មួយ ប៉ុន្តែ​មាន​ចំណុច​ដទៃទៀត​ដែល​អង្គការ​សង្គម​ស៊ីវិល​កំពុងតែ​ទាមទារ​ឲ្យ​លុបចោល​ថា​មិនចាំបាច់​ទេ នោះ​ក៏​យើង​ត្រូវ​តាមដាន​សំណើ​របស់​អង្គ​ការដែល​ពាក់ព័ន្ធ​ទាំងអស់​»​។​​ជាមួយគ្នានេះដែរ លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​សរសេរ​នៅក្នុង​គេហទំព័រ​ទស្សនៈ​ផ្ទាល់​របស់លោក​ថា តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​ដែលជា​សមាជិក​នៅក្នុង​គណៈកម្មការ​បី​របស់​រដ្ឋសភា រួមមាន​គណៈកម្មការ​មហាផ្ទៃ កិច្ចការបរទេស និង​នីតិកម្ម ធ្វើការ​រួមគ្នា​ដើម្បី​ធានា​ឲ្យ​ប្រាកដថា​ច្បាប់​នេះ​នឹងមិន​រឹតត្បិត ឬ​គាបសង្កត់​លើ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​នឹង​ការប្រមូលផ្តុំ ប្រសិនបើ​ត្រូវបាន​អនុម័ត​ដោ​យុ​រដ្ឋសភាជាតិ​។​​ការតវ៉ា​ទាមទារ​ឲ្យ​លុបចោល​សេចក្តីព្រាងច្បាប់​នេះ បានកើត​ឡើងជា​បន្តបន្ទាប់​នៅក្នុង​ខែមិថុនា​នេះ ខណៈពេល​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស់​នេះ ត្រូវបាន​សម្រេច​ទទួល​មក​ពិភាក្សា​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នាពេល​ថ្មីៗ​នេះ​៕​ដកស្រង់​ពី​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក ចេញផ្សាយ​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ​២០១៥​។​​