• លោក ឈាង វុន លើកឡើងថា​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​អង្គការ​នៅ​រក្សា​ដដែល​

    • ថ្ងៃចេញផ្សាយ ១-កក្កដា-២០១៥

    ​អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន ឲ្យ​ដឹងថា​គណៈកម្មការ​ទាំងបី​នៃ​រដ្ឋសភា​ដែល​ទទួលបន្ទុក​ពិនិត្យមើល​សេចក្តីព្រាងច្បាប់​អង្គការ បានសម្រេច​រក្សា​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ​ឲ្យ​នៅ​ដដែល ដោយ​មិនមាន​ការកែប្រែ​អ្វី​នោះទេ​។​​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ គណៈកម្មការ​ទី​៥(​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​) គណៈកម្មការ​ទី​៤ (​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​កិច្ចការ​សាធារណៈ​) និង​គណៈកម្មការ​ទី​៦ (​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​) បាន​ជួប​ពិភាក្សាគ្នា​លើ​សេចក្តីព្រាងច្បាប់​អង្គការ​នេះ​។ ប្រធាន​នៃ​គណៈកម្មការ​ទាំង​៣​នេះ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។​​ក្រោយពី​ការពិភាក្សា​ជាមួយ​គណៈកម្មការ​បី​នៃ​រដ្ឋសភា លោក ឈាង វុន បាន​លើកឡើងថា​ជារួម​គណៈកម្មការ​ទាំង​បី​បាន​រក្សា​ខ្លឹមសារ​នៅ​ដដែល​។លោក​បញ្ជាក់ថា​«​ខ្លឹមសារ គណៈកម្មការ​ទាំងបី​សម្រេច​តម្កល់ទុក​នៅ​ដដែល​» ដោយ​ស្នើ​ឲ្យ​កែសម្រួល​នូវ​អក្ខរាវិរុទ្ធ​មួយចំនួន​។ លោក​បន្តថា​ជារួម​គណៈ​ការ​ទាំងបី បានសម្រេច​ថា​សេចក្តីព្រាងច្បាប់​នេះ​ត្រូវធ្វើ​នៅពេលនេះ​។​​លោក ឈាង វុន បន្តទៀតថា​នៅ​ថ្ងៃទី​០៦ ខែមិថុនា គណៈកម្មការ​នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ដើម្បី​ស្នើ​ឲ្យ​កែលម្អ​អក្ខរាវិរុទ្ធ​មួយចំនួន ហើយ​នៅ​ថ្ងៃទី​០៨ ខែមិថុនា នឹង​បើក​ឲ្យ​មានការ​ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​អង្គទូត​នានា​។​​សេចក្តីព្រាងច្បាប់​ចុងក្រោយ ដែល​រដ្ឋាភិបាល​បានដាក់​ទៅ​រដ្ឋសភា មាន​៩​ជំពូក និង​មាន​៣៩​មាត្រា​។ មាត្រា​២៤​នៃ​សេចក្តីព្រាងច្បាប់​នេះ​បាន​ចែងថា​« អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ឬ​សមាគម​បរទេស ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្សនយោបាយ​នៅ ព្រះរាជាណាចក្រ​កម្ពុជា​»​។ មាត្រា​១០​នៃ​សេចក្តីព្រាងច្បាប់​នេះ​ចែងថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​អំពី​ព័ត៌មាន​រាល់​គណនី​ដែល​ត្រូវ បើក​សម្រាប់​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​នៅ​ធនាគារ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។ មាត្រា​២៥​ចែងថា​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ផ្ញើ​បាយ​ការណ៍​បូកសរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំទៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ មាត្រា​២៥ បន្តថា​ក្នុងករណី​ចំ​បាច់ ក្រសួងមហាផ្ទៃ អាច​ស្នើសុំ​របាយការណ៍​ស្តីពី​សកម្មភាព និង​នយោបាយ​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​សមាគម​។​​ករណី​ដែល​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​អនុវត្តតាម​មាត្រា​១០ មាត្រា​២៤ និង​មាត្រា​២៥ ក្រសួងមហាផ្ទៃ​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ដោយ​ទុក​រយៈពេល​យ៉ាង យូរ​៣០​ថ្ងៃ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​។ ករណី​មិន​អនុវត្តតាម ក្រសួង​នឹង​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន រយៈពេល​យ៉ាងយូរ​៩០​ថ្ងៃ​។ ក្នុងករណី​នៅតែ​មិន​ព្រម​អនុវត្ត ក្រសួងមហាផ្ទៃ​ត្រូវ​សម្រេច​ជា​លាយលក្ខណ៍អក្សរ​លុប​ឈ្មោះ​ចេញពី​បញ្ជី​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ​២០១៥​។