• លោក​អ៊ុំ សំអាន​៖​ពេល​CNRP​ជាប់ឆ្នោត​នឹងធ្វើ​វិសោធនកម្ម​ច្បាប់​NGO​ឡើងវិញ​

    • ថ្ងៃចេញផ្សាយ ២-កក្កដា-២០១៥

    ច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ត្រូវបាន​លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ព័ត៌មាន និង​ឃោសនាការ​របស់​រដ្ឋសភា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ត្រូវតែ​អនុម័ត​ជាដាច់ខាត ទោះ​មានការ​រារាំង រឺ​ប្រឆាំង​ក៏ដោយ​។​​ទោះបីជា​មន្ត្រី​រដ្ឋាភិបាល​រូបនេះ​ប្រកាស​ត្រូវតែ​អនុម័ត​ច្បាប់​នេះ​ដាច់ខាត​ក៏ដោយ បើ​មើល​នៅក្នុង​យុទ្ធនា​ការប្រឆាំង​ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី​៣០​មិថុនា នៅមុខ​រដ្ឋសភា លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​មិន​គាំទ្រ​សេចក្តីព្រាងច្បាប់​នេះឡើយ​។ មិន​គាំទ្រ នៅពេលដែល​ច្បាប់​នេះ​ចូលទៅ​សភាពេញអង្គ ហើយ​នៅពេល​អនុម័ត គឺ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹងមិន​លើកដៃ​គាំទ្រ​នោះទេ​។​​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម​រូបនេះ​បាន​បន្តថា “ ប្រសិនជា​សភា​អនុម័ត​ច្បាប់​នេះ​នាពេលខាងមុខ​ក៏ដោយ នៅពេល​អនាគត​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់ឆ្នោត យើង​នឹងធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឡើងវិញ ព្រោះ​វា​ជា​ច្បាប់​ដែល​បំបិទ​មាន​សង្គម​សង្គម​ស៊ីវិល ”​។​​ចំពោះ​ការ​ថ្លែង​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ដ៏​ចម្រូងចម្រាស់​មួយ​នេះ​ឡើងវិញ នៅពេល​គណបក្ស​ខ្លួន​ជាប់ឆ្នោត​នោះ ត្រូវបាន​លោក​កែម ឡី អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា​មើលឃើញថា ការធ្វើ​វិសោធនកម្ម​ច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​ឡើងវិញ​បាន ឬ​មិនបាន​នោះ គឺ​អាស្រ័យទៅលើ​រដ្ឋាភិបាល​ថ្មី​មួយ​នោះ ប្រកាន់​ភ្ជាប់​នូ​វលិ​ទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​។​​ជាការ​កត់សម្គាល់ រយៈពេល​ចុងក្រោយ​ដែល​រដ្ឋាភិបាល​បានចេញ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​ក្រុម​សមាគម អង្គការ​មួយចំនួន និង​គណបក្សប្រឆាំង​បាន​សម្តែង​នូវ​ការមិនគាំទ្រ​ជាខ្លាំង​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​មន្ត្រី​រដ្ឋាភិបាល​នៅតែ​អះអាងថា សេចក្តីព្រាងច្បាប់ ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល មាន​គោលបំណង​ពង្រឹង​តួនាទី​របស់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​ឱ្យទៅជា​ដៃគូ​អភិវឌ្ឍន៍​ល្អ​របស់​កម្ពុជា​៕​ដកស្រង់​ពី​វិទ្យុ​វាយោ ចេញផ្សាយ​ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ​២០១៥​។​