• លោក ហេង សំរិន​៖ សភា​នឹង​ទទួលយក​ការផ្តល់​យោបល់​ពី​គ្រប់ភាគី​

    • ថ្ងៃចេញផ្សាយ ៩-កក្កដា-២០១៥

    ​ដូច​ការគ្រោងទុក​រដ្ឋ​សភាជាតិ​នៅ​ព្រឹក​ថ្ងៃទី​៨ កក្កដា​នេះ បាន​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​សមាគម​និង​អង្គកា​មិនមែន​រដ្ឋាភិបាល​។ សិក្ខាសាលា​នេះ ចូលរួម​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​សង្គម​ស៊ីវិល​មួយចំនួន រួមទាំង​អង្គទូត​ប្រចាំ​នៅ​កម្ពុជា ប៉ុន្តែ​លោក​កឹម សុខា អនុប្រធាន​សភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​ទេ​។​ «​រដ្ឋសភា​នឹង​ទទួលយក​រាល់​មតិយោបល់​ពី​អ្នកចូលរួម​ទាំងអស់​លើ​ច្បាប់​ស្តីពី​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឱ្យមាន​ការវិវឌ្ឍ​ល្អប្រសើរ​»​។ នេះ​គឺជា​ការ​ថ្លែង​ពី​លោក ហេង សំរិន ប្រធានរដ្ឋសភា​មុន​ការពិភាក្សា​ក្នុង​សិក្ខាសាលា​។ ប្រធានសភា​រូបនេះ បន្ថែមថា ច្បាប់​ស្តីពី​អង្គការ​និង​សង្គម​ស៊ីវិល គឺជា​យន្តការ​ស្របច្បាប់​របស់​អង្គការ​ក្រៅ​ស្រុក​និង​ក្នុងស្រុក​ដែល​ដំណើរការ​នៅ​កម្ពុជា ព្រោះថា អង្គការក្រៅរដ្ឋាភិបាល គឺជា​ដៃគូរ​មិនអាច​ខ្វះ​បាន​ក្នុងសង្គម​កម្ពុជា​។ កម្ពុជា​ដែល​ដែលជា​ប្រទេស​នៅមាន​ការខ្វះខាត​។ បន្ថែម​ពីលើ​នេះ ប្រធានសភា បាន​សង្កត់ធ្ងន់ថា​ច្បាប់ NGO គឺ​ស្របទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​ច្បាប់​ដែល​ចម្រូងចម្រាស់​នេះ គឺ​នឹង​លើកស្ទួយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​​ក្នុង​សិក្ខាសាលា​ដែលមាន​មនុស្ស​ប្រមាណ​ជាង​៦០០​នាក់​នេះ លោក​ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៥ របស់​រដ្ឋសភា លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួល​ផែន និតិ​កម្ម និង​លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ជា​អ្នកដឹកនាំ​ការពិភាក្សា​។ ការពិភាក្សា​មាន​សភាព​ស្វិតស្វាញ មានមក​គ្រប់​មជ្ឈដ្ឋាន ទាំង​គាំទ្រ​និង​ប្រឆាំង រួមទាំង​ការស្នើ​ឱ្យ​កែតម្រូវ ពី​អ្នកចូលរួម​។ លោក ប៉ុល លឹម បាន​បញ្ជាក់ថា ការអនុវត្ត​ហួស​ដែន​សមត្ថកិច្ច​របស់​អង្គការ​មួយចំនួន ក៏​ជា​មូលហេតុ​ដែល​ជំរុញឱ្យមាន​ការបង្កើត​ច្បាប់​នេះ​ផងដែរ​។ច្បាប់​ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​នេះ គឺមាន​៩​ជំពូក និង​៣៩​មាត្រា​។​​សង្គម​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ជំហ​រួមគ្នា​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ថ្មី​នេះ​។ ប្រឆាំង​ក៏​ព្រោះតែ​ច្បាប់​នេះ គឺ​បាន​បំពាន​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា និង​សេចក្តីថ្លែងការណ៍​ជា​សកល​ស្តីពី​សិទ្ធមនុស្ស​របស់​អង្គការសហប្រជាជាតិ រួមទាំង​អនុសញ្ញា​អន្តរជាតិ​ផ្សេងៗ​ទៀត​ដែល​កម្ពុជា​បាន​ប្រទេស​ហត្ថលេខី​។គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិនបាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ បាន​អះអាងថា សមាជិក​ទាំង​៥៥​រូប គឺ​នឹងមិន​បោះឆ្នោត​លើកដៃ​អនុម័ត​សេចក្តីព្រាងច្បាប់​ថ្មី​នេះ​ទេ​។ លោក ឈាង វុន បាន​បញ្ជាក់ថា គណបក្ស​ទាំង​ពីរបាន​ផ្លាស់ប្តូរ​យោបល់​គ្នា និង​ពិភាក្សា​ចំនួន​៤​ដង​។ បើតាម​លោក ឈាង វុន ច្បាប់​នេះ​គឺ​មិនអាច​បំពេញចិត្ត​មនុស្ស ១០០%​នោះទេ ប៉ុន្តែ​ច្បាប់​ត្រូវតែមាន​។​​លោក សឿង សារឿន នាយក​ប្រតិបត្តិ​អង្គកា​នៃ​វេទិការ​អង្គការក្រៅរដ្ឋាភិបាល​ស្តីពី​ក​ម្ព​ជា​បានលើកឡើង​ក្នុង​សិក្ខាសាលា​ថា សង្គម​ស៊ីវិល​មិនអាច​ទទួលយកបាន​នោះទេ ព្រោះថា​មាន​២៥​មាត្រា ក្នុងចំណោម ៣៩​មាត្រា ដែលមាន​ពាក្យពេចន៍​មិន​ច្បាស់លាស់ និង​ប្រាស់ចាក​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ នាយក​ប្រតិបត្តិ​រូបនេះ បាន​អះអាងថា​លោក​គ្មាន​ជំនឿ​ង​ថា​រដ្ឋសភា​នឹង​យក​យោបល់​ពី​សង្គម​ស៊ីវិល​នោះទេ​។ សម្រាប់​អង្គការ​របស់លោក ការធ្វើ​ពហិការ​មិន​ចូលធ្វើការ ការត្រៀម​មេធាវី​សម្រាប់​ប្តឹង​ទាស់​ជាមួយ​រដ្ឋាភិបាល​ក្នុងរ​ណី​ចាំបាច់ ក៏មាន​រួចហើយ​ដែរ​បើ​ច្បាប់​ថ្មី​នេះ​គ្មាន​ការកែប្រែ​នោះ​៕​ដកស្រង់​ពី​វិទ្យុ​បារាំង​អន្តរជាតិ ចេញផ្សាយ​ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ​២០១៥​។​