• សកម្មជន​បក្សប្រឆាំង​ថា​តុលាការ​កោះហៅ​ពួកលោក​ពេលណា​កម្ដៅ​នយោបាយ​កើនឡើង​

    • ថ្ងៃចេញផ្សាយ ៩-កក្កដា-២០១៥

    ​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ឲ្យ​ចូលរួម​សវនាការ​នៅ​ពាក់កណ្តាល​ខែកក្កដា​នេះ លើកឡើងថា​តុលាការ​តែងតែ​កោះហៅ​ពួកគេ​ឲ្យ​ចូល​សវនាការ​នៅពេលដែល​ស្ថានភាព​នយោបាយ​មាន​ការឡើង​កម្ដៅ​ម្តងៗ​។​​កាលពី​ថ្ងៃទី​០១ ខែកក្កដា លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា ឲ្យ​សម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​១១​រូប​ចូលរួម​សវនាការ នៅ​ថ្ងៃទី​១៤ ខែកក្កដា វេលា​ម៉ោង​៨​ព្រឹក ដែល​ក្នុង​ដីកា​នោះ​បញ្ជាក់ថា ចោទប្រកាន់​ពីបទ​ដឹកនាំ​កុបកម្ម និង​ចូលរួម​ក្នុង​ចលនា​កុបកម្ម​។​ ​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រ​សំណាង លើកឡើងថា​លោក​មើលឃើញ ថា​រាល់​ពេលដែល​ស្ថានភាព​នយោបាយ​រវាង​គ​ណ​បក្ស​ទាំងពីរ​មាន​ភាព​តានតឹង​គឺ​តុលាការ​តែង​តែង​ធ្វើការ​កោះហៅ​ពួកលោក​។ លោ​កថា​ការដោះលែង​ឲ្យ​ពួកលោក​នៅក្រៅ​ឃុំ​នោះ គឺ​កើតឡើង​ពី​ការចរចា​ផ្នែក​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​តែប៉ុណ្ណោះ​។ លោក​បន្តថា​ការធ្វើ​ដូច្នេះ​គឺជា​រឿង​ឆោតល្ងង់​របស់​អ្នកនយោបាយ​។ លោក​បន្ថែមថា​៖«​យើង​និយាយ​នេះ​មិនទាន់មាន​ភស្តុតាង​មែន តែ​យើង​ឃើញ​ជា​តម្រុយ អ្នកនយោបាយ​បើកាលណា​ឡើង​កម្ដៅ​យក​យើង​ទៅ​ញាត់​គុក បើកាលណា​កម្តៅ​ហ្នឹង​វា​រាង​ខ្សោយ មិនមាន​កម្តៅ​អី​ពូក​យើង​នៅតែ​ក្រៅ​ឃុំ​អញ្ចឹង​...​ការដោះលែង​ទៅតាម​ការសន្ទនា អានេះ​ជា​រឿង​មួយ​ដ៏​ល្ងង់ខ្លៅ​របស់​អ្នកនយោបាយ របស់​តុលាការ ឬ​របស់​អ្នកដឹកនាំ​រដ្ឋ​»​។​​លោក អ៊ុក ពេជ្រ​សំណាង បន្តទៀតថា តុលាការ​ធ្វើបែបនេះ​ក៏​ជាការ​រារាំង​ដល់​ការធ្វើសកម្មភាព​នានា​របស់លោក ក្នុងការ​តស៊ូ​មតិ​ដើម្បី​សេរីភាព និង​យុត្តិធម៌​សង្គម​ជាដើម​។​​សកម្មជន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត លោក នាង សុ​ឃុន លើកឡើង​ស្រដៀង​គ្នា​ដែរ​ថា តុលាការ​តែងតែ​កោះហៅ​ពួកលោក នៅពេលដែល​លោក​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ផ្សេងៗ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោ​កថា​ដីកា​កោះហៅ​បាន​ចេញមក​ស្រប​ពេលដែល​លោក​កំពុង​រៀបចំ​គម្រោង​ចុះ​ពិនិត្យ​ព្រំដែន​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បន្ថែមថា​៖«​តុលាការ​កំពុងតែ​ធ្វើ​ឲ្យ​យុវជន​ភ័យខ្លាច​ចំពោះ​ប្រព័ន្ធ​ច្បាប់​នៅក្នុង​កម្ពុជា ដែល​អ្នកនយោបាយ​ចាប់យក​ធ្វើជា​ទុន​របស់ខ្លួន ហើយ​ខ្ញុំ​សង្ឃឹមថា អ្នកនយោបាយ​ឈប់​ប្រើល្បិច​ហ្នឹង​ទៀត​ទៅ ឈប់​ប្រើ​នយោបាយ​ហ្នឹង​ទៀត​ទៅ​»​។​​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​ទាំង​១១​រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក ជួង ជូ​ងី បញ្ជាក់ថា ដីកាកោះ​ឲ្យ​ចូល​សវនាការ​នេះ គឺជា​នីតិវិធី​របស់​តុលាការ ដែល​តម្រូវ​ឲ្យ​ពួកគាត់​ចូលរួម​ស្តាប់​ការឆ្លើយបំភ្លឺ​របស់​ដើមបណ្តឹង​ទាំង​៣៦​រូប​។ លោក​បន្ថែមថា​៖«​ពីព្រោះថា​ឥឡូវនេះ​នីតិវិធី​សាកសួរ​ទៅលើ​ខាងដើម​បណ្តឹង ដូច្នេះ​យើង​មិនដឹងថា​ដើមបណ្តឹង​ឆ្លើយ​មក​យ៉ាងម៉េច ហើយ​ពេលដែល​ដើមបណ្តឹង​គាត់​ផ្តល់​ចម្លើយ​មក បាន​យើង​អ្នកចូលរួម​នីតិវិធី​សាកសួរ​ដេញដោល​ទៅតាម​ភាពជាក់ស្តែង ប្រែប្រួល​ទៅតាម​ចម្លើយ​ហ្នឹងឯង​»​។​​បើតាម​លោក ជួង ជូ​ងី សកម្មក​ជន​ទាំង​១១​រូបនោះ​នឹង​ចូលទៅ​តាម​ដីកាកោះ​របស់​តុលាការ ដោយ​លោក​ថា លោក មា​ជ សុវណ្ណារ៉ា ដែល​ពេលនេះ​កំពុងស្នាក់នៅ​សហរដ្ឋអាមេរិក​នោះ​ក៏​នឹង​មក​ចូលរួម​ផងដែរ​។​​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥ តុលាការ​បានបញ្ចប់​ការសាកសួរ​ទៅលើ​សកម្មជន​ទាំង​១១​រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នេះ​។ ​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​មួយចំនួនទៀត​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ក្នុងករណី​ហិង្សា​លើ​សន្តិសុខ​ខណ្ឌដូនពេញ នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ​។ នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៥ ពួកគេ​ព្រមទាំង​ព្រះសង្ឃ​៣​អង្គ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ​២០១៥​។​