• លោក នី ចរិយា ថា​ម​ន្រី្ត​តុលាការ​ខេត្តសៀមរាប​ប្តឹង​រូបលោក ដោយ​គ្មាន​ភស្តុតាង​

    • ថ្ងៃចេញផ្សាយ ១៤-កក្កដា-២០១៥

    ​មន្ត្រី​សិទ្ធិមនុស្ស​ក្នុងស្រុក​មួយ បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​ចៅ​ក្រុម​ស៊ើបសួរ និង​ព្រះរាជអាជ្ញារង​តុលាការ​ខេត្តសៀមរាប ដែល​ប្តឹង​រូបលោក​កន្លងមក​នោះ​ថា ជាការ​ចោទប្រកាន់​គ្មាន​ភស្តុតាង​ច្បាស់លាស់ និង​គ្មាន​ធាតុ​ផ្សំ​ផ្លូវច្បាប់​។​​ការច្រានចោល​នេះ ខណៈ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ តាម​ណ្តឹ​ង​របស់​មន្ត្រី​តុលាការ​ខេត្តសៀមរាប​ពីរ​នាក់ ដែល​ប្តឹង​លោក​ពីបទ​បរិហារ​បង្កាច់​កេ​រិ៍្ត បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ ទាក់ទង​នឹង​រឿង​ជម្លោះដីធ្លី​។ ស្របពេល​កំពុង​សាកសួរ​នោះ ប្រជាពលរដ្ឋ​មកពី​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ប្រមាណ​ប្រមាណ​៣០​នាក់ បាន​ប្រមូលផ្តុំ​នៅមុខ​តុលាការ​ដោយ​បារម្ភ​ខ្លាច ចៅក្រម​ឃុំខ្លួន​លោក នី ចរិយា​។​​បន្ទាប់ពី​ការសាកសួ​រយៈពេល​ជាង​១​ម៉ោង លោក នី ចរិយា ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ចៅក្រម​មិនទាន់​សម្រេច​យ៉ាងណា​ចំពោះ​ករណីនេះ​ទេ ដោយ​រង់ចាំ​លទ្ធផល​នៅពេល​ក្រោយ​។ តែ​លោ​កថា ភស្តុតាង​ដាក់បន្ទុក​ដែល​ចៅក្រម​ស៊ើបសួរ និង​ព្រះរាជអាជ្ញារង​ខេត្តសៀមរាប ដាក់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ គ្មាន​ធាតុ​ផ្សំ​ផ្លូវច្បាប់​ទេ​។លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនដឹង​ទេ ព្រោះ​អាស្រ័យ​លើ​ការសន្និដ្ឋាន​របស់​តំណាង​អយ្យការ​នៅក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏ប៉ុន្តែ​អ្វីដែល​យើង​បានដាក់​ទៅ គឺ​គ្មាន​ធាតុ​ផ្សំ​ទាល់តែសោះ ដែល​យកមក​ចោទ​ខ្ញុំ​ថា ទៅ​បរិហារកេរ្តិ៍ បង្កាច់​កេរ្តិ៍ ទម្លាក់កំហុស​ដាក់​សម្ពាធ​លើ​យុត្តាធិការ​របស់​តុលាការ គឺថា អ្វី​ខ្ញុំ​ដាក់​ភស្តុតាង​គឺ​គ្មាន​ហេតុផល​ទាល់តែសោះ ដែល​អាចមក​ធ្វើការ​ចោទប្រកាន់​ខ្ញុំ​»​។​​ទោះជា​យ៉ាងណា លោក នី ចរិយា អះអាង​នៅ​ចំពោះមុខ​ពលរដ្ឋ​ដែល​ឡើងមក​គាំទ្រ​លោក​ថា លោក​នៅតែ​រក្សា​ជំហរ​ការពារ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ដីធ្លី និង​រឿង​អយុត្តិធម៌​សង្គម​បន្តទៀត​។ បើតាម​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ លោក​នឹងដាក់​ភស្តុតាង​ដោះ​បន្ទុក​បន្ថែមទៀត​តាមរយៈ​មេធាវី ដើម្បី​ការពារ​ខ្លួន​។​​អ្នកមាន​ជម្លោះដីធ្លី​មកពី​ខេត្ត​ត្បូងឃ្មុំ អ្នកស្រី អ៊ុន ស៊ូ​ចេង ថ្លែង​ទាំង​ទឹកភ្នែក​រលីងរលោង​ថា កន្លងទៅ​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​បាន​ជួយ​ការពារ​សិទ្ធិ​ជូន​ពលរដ្ឋ​ក្រីក្រ និង​អ្នករងគ្រោះ​ដោយ​អយុត្តិធម៌​ជាច្រើន ដែល​កើតមាន​នៅក្នុង​សង្គម​ខ្មែរ ។ អ្នកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា គាត់​ជា​មនុស្ស​ម្នាក់​ដែលមាន​ទឹកចិត្ត​ស្នេហា​ជាតិ គាត់​ធ្វើ​អ្វីៗ​ដើម្បី​យុត្តិធម៌​សង្គម​។ អ៊ីចឹង​តុលា​ការហៅ​គាត់​មក​សួរ​ហ្នឹង ពួកយើង​ត្រូវតែ​មក​គាំទ្រ​គាត់ យើង​អត់​មាន​នីតិវិធី​អី​សម្រាប់​ដោះស្រាយ​អី​ជូន​គាត់​ទេ ព្រោះ​យើង​ជា​ប្រជាពលរដ្ឋ​ទេ យើង​គ្រាន់តែ​មក​គាំទ្រ លើកទឹកចិត្ត​គាត់ ក្នុងនាម​គាត់​ម្នាក់​ដែល​ធ្វើ​អ្វី​ដើម្បី​យុត្តិធម៌​សង្គម​។ ដូច​ថា​កន្លែង​ណា​មានការ​ជិះជាន់​កៀបសង្កត់ គាត់​ជា​អ្នកចេះ​ច្បាប់​អ៊ីចឹង គាត់​ជួយ​បំភ្លឺ​ពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ផ្លូវច្បាប់​»​។​​ទាក់ទង​នឹង​ករណីនេះ អង្គការ​អន្តរជាតិ​មួយ ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង Dublin ប្រទេស​អៀរ​ឡង់ (Ireland) ជំរុញ​ឲ្យ​តុលាការ​កម្ពុជា​ទម្លាក់ចោល​បទចោទប្រកាន់​លើ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា​។ អង្គការ​នេះ​ចាត់ទុក​ការប្តឹង​ដោយ​មន្ត្រី​តុលាការ​នោះ​ថា​ជា​ចេតនា​មួយ​ក្នុងការ​បំបិទមាត់​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​រារាំង​ពួកគេ​ក្នុង​ការគាំទ្រ​ផ្នែក​ច្បាប់​ដល់​ជនរងគ្រោះ​ដោយ​ការរំលោភបំពាន​សិទ្ធិ​។​​គួរ​បញ្ជាក់ថា ការកោះហៅ​លោក នី ចរិយា ធ្វើឡើង​បន្ទាប់ពី​លោក​បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ខែមិថុនា ដោយ​ចោទប្រកាន់​ព្រះរាជអាជ្ញារង លោក សុខ កែវ​បណ្ឌិត និង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​សៀ​មា​ប លោក គី ឬ​ទ្ធី បាន​ឃុបឃិត​គ្នា​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ យក​ដី​ពលរដ្ឋ​ខ្មែរ​ប្រគល់​ឲ្យ​សហគមន៍​ជនជាតិ​វៀតណាម ហើយ​បាន​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់ ដោយ​ធ្វើឡើង​ខុស​នីតិវិធី​ច្បាប់​។ ករណីនេះ សមាគម​អាដហុក​ក៏បាន​ដាក់ពាក្យ​ប្ដឹងទៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក្រសួង​យុត្ដិធម៌ និង​សាលាឧទ្ធរណ៍ ដើម្បី​កោះហៅ​មន្ដ្រី​តុលាការ​ទាំងនោះ​ទៅ​បំភ្លឺ តែ​រហូត​មកទល់ពេលនេះ មិនទាន់​ឃើញ​មាន​ចំណាត់ការ​នៅឡើយ​ទេ​។ ប៉ុន្តែ​នៅពេល​មន្ត្រី​តុលាការ​ប្តឹង​បក​វិញ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចាត់ការ​លើ​បណ្តឹង​នោះ​៕​​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០១៥​។​