• អនុម័ត​ច្បាប់​អង្គការ​៖ បក្ស​កាន់អំណាច​អនុម័ត​តែម្នាក់ឯង បក្សប្រឆាំង​ពហិកា សង្គម​ស៊ិ​វិល​ធ្វើបាតុកម្ម​

    • ថ្ងៃចេញផ្សាយ ១៤-កក្កដា-២០១៥

    ​តាម​ការគ្រោងទុក​រដ្ឋ​សភាជាតិ​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ ទី​១៣ កក្កដា បាន​បើក​កិច្ចប្រជុំ​អនុម័ត​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​ដ៏​ចម្រូងចម្រាស​។ សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​អនុម័ត​ច្បាប់​នេះ​ទេ​។ ដោយឡែក​សង្គម​ស៊ីវិល វិញ​បានធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ថ្មី​នេះ​។ យ៉ាងណាក៏ដោយ​នៅ​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​បញ្ចប់​។​ ​រដ្ឋសភា​ដែលមាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​អង្គកា​តែម្នាក់ឯង​ដោយ​សំឡេង​៦៨ លើ​៦៨​។ ជាការ​អនុម័ត​ដ៏​ចម្រូងចម្រាស់​ព្រោះតែ​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទាំង​៥៥ រូប មិនបាន​ចូលរួម​ប្រជុំ​។ ដោយឡែក​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី​លើក​បដា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​ថ្មី​នៅក្រៅ​រដ្ឋសភា​។​​លោក ស ខេង តំណាងឱ្យ​រដ្ឋាភិបាល បាន​ឡើង​ការពារ​សេចក្តីព្រាងច្បាប់​ថ្មី​នេះ​។ លោក​បាន​លើកឡើងថា ច្បាប់​ដែលមាន​៩​ជំពូក ៣៩ មាត្រា នឹង​ជួយ​ឱ្យ​សង្គម​ស៊ីវិល​នៅ​កម្ពុជា អាច​ដំណើរការបាន​ស្របច្បាប់​។ បន្ថែម​ពីលើ​នេះ ច្បាប់​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្អឹប​ទុក​ប្រមាណ​ជា​២០​ឆ្នាំ គឺមាន​លក្ខណៈ​ល្អប្រសើរ​ជាង​បណ្តា​ប្រទេសមួយ​ចំនួន​ថែម​ទៀតផង​។ក្រៅពី​ការឡើង​ថ្លែង​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នោះ សមាជិកសភា​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដូចជា​លោក ជាម យៀប លោក ឈាង វ៉ុ​ន និង​លោក ហ៊ូ ស្រ៊ី រួមទាំង​លោក ហ៊ុន ម៉ា​នី​ជាដើម​បាន​ឡើង​បញ្ចេញមតិ​រៀងៗ​ខ្លួន​។​​សង្គម​ស៊ីវិល សកម្មជន​ដីធ្លី ដែលមាន​លោក វ៉ន ពៅ លោកស្រី ទេព វ​ណ្ណី លោកស្រី​យ៉ោ​ម បុប្ផា និង​តំ​ណា​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេ​ម​រិ​ន្ទ្រ តាំងពី​ម៉ោង​៨​ព្រឹក បាន​ដឹកនាំ​បាតុកម្ម​តវ៉ា​នៅតាម​បណ្តោយ​ព្រះស៊ីសុវត្ថិ ដើម្បី​ប្រឆាំងនឹង​ការសម្រេច​អនុម័ត​របស់​សមាជិក​សភា​។ ក្រុមអ្នកតវ៉ា​ដែលមាន​សញ្ញា​ថា «​ទេ​» ចំពោះ​ច្បាប់​អង្គការ បាន​ស្រែកច្រៀង​ថា ច្បាប់​ស្តីពី​អង្គការ​សង្គម​ស៊ីវិល​នេះ គឺ​រឹតត្បិត​សិទ្ធ​សេរីភាព​សង្គម​ស៊ីវិល និង​អង្គការក្រៅរដ្ឋាភិបាល​។មិនតែប៉ុណ្ណោះ សង្គម​ស៊ីវិល បា​នស​ព្រមាន​បោះឆ្នោត​ទម្លាក់​សមាជិកសភា​ណា​ដែល​ហ៊ាន​បោះឆ្នោត​លើកដៃ​អនុម័ត​ច្បាប់សង្គម​ស៊ីវិល​នេះ​ថែម​ទៀតផង​។ បើទោះបី​ជាមាន​ការតវ៉ា ប្រឈមមុខគ្នា​រវាង​ក​ង​កម្លាំង​ប៉ូលិស និង​សន្តិសុខ​ខណ្ឌដូនពេញ​ជាមួយ​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី​ប៉ុន្តែ​មិនមាន​អំពើហិង្សា​បានកើត​ឡើង​ទេ​។​​យ៉ាងណាក៏ដោយ ច្បាប់​អង្គការ​សង្គម​ស៊ីវិល​ដ៏​ម្រូ​ង​ចម្រាស់​នេះ ត្រូវបាន​រដ្ឋសភា​អនុម័ត​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៣ កក្កដា​។គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ការសោកស្តាយ​ចំពោះ​ការអនុម័ត​ច្បាប់​ថ្មី​នេះ​។ លោក យ៉ែម បុញ្ញឫទ្ធិ​បន្តថា គណបក្សប្រឆាំង​នៅតែ​បន្ត​ការតស៊ូ​មតិ​ប្រឆាំង ហើយ​ថា ខ្លួន​នឹង​ព្យួរ​ច្បាប់​នេះ​នៅពេល​ខ្លួន​អាចមាន​ឱកាស​បាន​ឡើង​ដឹកនាំ​ប្រទេស​។ ដោយឡែក​លោក សឿង សារឿន បាន​បញ្ជាក់ថា ដៃគូ​ម្ចាស់ជំនួយ​អន្តរជាតិ អាច​សើរើ​មើល​ឡើងវិញ​ពី​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្រោយ​ការសម្រេច​របស់​រដ្ឋសភា​៕​ដកស្រង់​ពី​វិទ្យុ​បារាំង​អន្តរជាតិ ចេញផ្សាយ​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២១០៥​។​