• CCHR អំពាវនាវ​ឲ្យ​ច្រានចោល​ច្បាប់​អង្គការ​ដោយ​គ្មាន​លក្ខខណ្ឌ ខណៈ​សភា​គ្រោង​ពិភាក្សា​អនុម័ត​ច្បាប់​នេះ​នៅ​ថ្ងៃស្អែក​

    • ថ្ងៃចេញផ្សាយ ១៤-កក្កដា-២០១៥

    ​ខណៈដែល​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​អនុម័ត​ច្បាប់​អង្គការ​នៅ​ថ្ងៃស្អែក មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​អំពាវនាវ​ជាថ្មី ឲ្យ​ច្រានចោល​ច្បាប់​អង្គ​គារ​សមាគម ដោយ​គ្មាន​លក្ខខណ្ឌ​។ បើតាម​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សេចក្ដីព្រាងច្បាប់​អង្គការ​សមាគម​នេះ មិនអាច​ទទួលយកបាន​ទេ​។ ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​១២​កក្កដា​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR បាន​បន្ត​បរិហារ​រិះគន់​សេចក្ដីព្រាងច្បាប់​ស្ដីពី​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល​។ បើតាម CCHR ច្បាប់​អង្គការ​សមាគម​នេះ បានប្រគល់​អំណាច​ដ៏​ទូលំទូលាយ​ដល់​រដ្ឋាភិបាល ដែល​នឹង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្ដរជាតិ​។​CCHR ថា សេចក្ដីព្រាងច្បាប់​ចុងក្រោយ ផ្ទុយស្រឡះ​នឹង​ការធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កតិកាសញ្ញា​អន្ដរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។ ហើយ​ប្រសិនបើ​ច្បាប់​នេះ​ត្រូវបាន​អនុម័ត វា​នឹង​នាំ​ឲ្យ​មានការ​រឹតបន្តឹង​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សេរីភាព​ខាង​សមាគម សេរីភាព​ខាង​ការបញ្ចេញមតិ និង​ខាង​ការជួបជុំ ព្រមទាំង​សិទ្ធិ​ក្នុងការ​ចូលរួម​ក្នុង​ជីវភាព​សារ​ធារ​ណៈ ក៏ដូចជា​រឹតបន្តឹង​ទៅលើ​មតិ​ប្រឆាំង​ផងដែរ​។ នេះ​បើតាម CCHR ។​​ទន្ទឹមនឹង​ការរិះគន់​ទៅលើ​សេចក្ដីព្រាងច្បាប់ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR លោកស្រី ចក់ សុភាព ក៏បាន​អំពាវនាវ​ឲ្យ​ច្រានចោល​សេចក្ដីព្រាងច្បាប់​អង្គការ​នេះ ដោយ​គ្មាន​លក្ខខណ្ឌ​ផងដែរ​។ បើតាម​នាយិកា​ប្រតិបត្តិ​អង្គការ CCHR រូបនេះ នេះ​គឺជា​ពេលវេលា​ដែល​រដ្ឋសភា​ត្រូវតែ​ច្រានចោល​សេចក្ដីព្រាងច្បាប់​នេះ ដោយសារតែ​វា​មិន​អនុលោម​ទៅតាម​រដ្ឋធម្មនុញ្ញ និង​លិ​ខិ​តូ​បក​រណ៍​អន្ដរជាតិ​នានា ដែល​កម្ពុជា​បាន​ចុះ​សច្ចាប័ន​។​​គួរ​ជម្រាបជូន​ថា ការអំពាវនាវ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នាពេលនេះ ធ្វើឡើង​ខណៈដែល​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​អនុម័ត​សេចក្ដីព្រាងច្បាប់​អង្គការ​នៅ​ថ្ងៃស្អែក​។ មុននឹង​ឈាន​មកដល់​ការពិភាក្សា​អនុម័ត​នេះ អគ្គលេខាធិការ​រដ្ឋសភា​ជាតិ បានរៀបចំ​សិក្សា​សាលា​ពិគ្រោះ​យោបល់​ស្ដីពី​ច្បាប់​អង្គការ​ជា​សាធារណៈ​ម្ដង​ហើយ កាលពី​ថ្ងៃទី​៨​កក្កដា​កន្លងទៅ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ សិក្ខាសាលា​ពិគ្រោះ​យោបល់​នោះ មិនអាច​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​សប្បាយចិត្ត​ទេ​។ សង្គម​ស៊ីវិល​ហៅ​សិក្ខាសាលា​នោះ​ថា ជាការ​រៀបចំ​បង្គ្រប់កិច្ច ដែល​មិនបាន​ដោះស្រាយ​បញ្ហា​ព្រួយបារម្ភ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​សេចក្ដីព្រាងច្បាប់​អង្គការ​ដ៏​ចម្រូងចម្រាស់​នោះទេ​៕​ដកស្រង់​ពី​វិទ្យុ​បារាំង​អន្តរជាតិ ចេញផ្សាយ​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០១៥​។​