• UN​និង​EU​ថា​ច្បាប់​អង្គការ​នឹង​រឹតត្បិត​សេរីភាព​អង្គការ​និង​ប៉ះពាល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​

    • ថ្ងៃចេញផ្សាយ ១៦-កក្កដា-២០១៥

    ​មន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិសេរីភាព​ក្នុងការ​ជួបប្រជុំ​ដោយ​សន្តិវិធី​និង​សេរីភាព​ក្នុងការ​បង្កើត​សមាគម លោក​Maina Kiai និង​មន្ត្រី​សហភាព​អឺរ៉ុប បាន​អះអាងថា​ច្បាប់​អង្គ​ការដែល​រដ្ឋសភា​ទើបតែ​អនុម័ត នឹង​រឹតត្បិត​សេរីភាព​អង្គការ និង​ប៉ះពាល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​។​ ​លោក​Maina Kiai បានលើកឡើង​នៅ​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា​៖«​ប្រសិនបើ​សេចក្តីព្រាងច្បាប់​នោះ​ត្រូវគេ​អនុម័ត ក្រុម​អ្នកតស៊ូ​មតិ​ដើម្បី​សិទ្ធិមនុស្ស សេរី​ភាពជា​មូលដ្ឋាន និង​អភិបាលកិច្ច​ល្អ អាច​នឹងត្រូវ​បាន​គេ​បិទ​អង្គការ និង​ត្រូវ​ជាប់​បទល្មើស​ព្រហ្មទណ្ឌ​»​។ លោក​បន្តថា​៖«​ចុងក្រោយ​វា​នឹង​នាំមក​នូវ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំង​ដល់​ការចូលរួម​បែប​ប្រជាធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ប្រទេស​របស់​ពួកគេ​»​។​​លោក​Maina Kiai បាន​អំពាវនាវ​ឲ្យ​ព្រឹទ្ធសភា​បដិសេធចោល​ទាំងស្រុង​នូវ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ ដោយ​ចាត់ទុកថា​ច្បាប់​នេះ​មិន​ស្របតាម​គោលការណ៍​សិទ្ធិមនុស្ស​លើ​សេរីភាព​នៃ​ការប្រមូលផ្តុំ​។​​ចំណែក​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ឲ្យ​ដឹង​ច្បាប់​នេះ​ប៉ះ​លើ​បញ្ហា​រសើប​ជាច្រើន​ដែល​ទាមទារ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ស៊ីជម្រៅ​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំងអស់​។ សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា​៖«​គួរ​ឲ្យ​សោកស្ដាយ​បញ្ហា​ព្រួយបារម្ភ​សំខាន់ៗ​មួយចំនួន​មិនត្រូវ​បាន​យកមក​ពិចារណា​ឲ្យ​បាន​គ្រប់គ្រាន់​ឡើយ​។ ច្បាប់​នេះ​មាន​សក្តានុពលភាព​យ៉ាង​ធំធេង​ក្នុង​ការដាក់កំហិត​ដល់​សកម្មភាព​របស់​អង្គការក្រៅរដ្ឋាភិបាល​»​។ សេចក្តីថ្លែងការណ៍​រប​ស់​សហភាព​អឺរ៉ុប​បញ្ជាក់ថា​៖«​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​រវាង​សហភាព​អឺរ៉ុប​និង​កម្ពុជា​ពឹងផ្អែក​ក្នុង​កម្រិត​ដ៏​ធំ​មួយ​លើ​អង្គការក្រៅរដ្ឋាភិបាល​។ ការគោរព​ដោយ​ពេញលេញ​ចំពោះ​បញ្ញត្តិ​រដ្ឋធម្មនុញ្ញ​ស្តីពី​ពហុភាព​និង​សេរីភាព​នៃ​សមាគម​និង សេរីភាព​នៃ​ការបញ្ចេញមតិ​ត្រូវតែ​បាន​លើកតម្កើង​»​។​​អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង មានប្រសាសន៍ថា​ព្រឹទ្ធសភា​មិនទាន់​សម្រេច​យ៉ាងណា​លើ​ច្បាប់​អង្គការ​នេះ​នៅឡើយ​ទេ​។ លោក​បន្តថា​លោក​អាច​បញ្ចេញយោបល់​បាន នៅពេល​មាន​កិច្ចប្រជុំពេញអង្គ​នៃ​ព្រឹទ្ធសភា​លើ​ច្បាប់​នេះ​ជាមុនសិន​។​​គួររំឭកថា កាលពី​ថ្ងៃទី​១៣ ខែកក្កដា​នេះ សេចក្តីព្រាងច្បាប់​គ្រប់គ្រង​អង្គការ​ត្រូវបាន​រដ្ឋសភា​អនុម័ត​ដែល​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​៦៨​រូប ដោយ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ធ្វើពហិការ​មិន​ចូលរួម​អនុម័ត​ច្បាប់​មួយ​នេះ​។សង្គម​ស៊ីវិល​រកឃើញថា​ក្នុងចំណោម​៣៩​មាត្រា គឺ​យ៉ាងតិច​មាន​២៥​ភា​ត្រា​មាន​ខ្លឹមសារ​កម្រិត​សិទ្ធិ​ធ្វើ​សកម្មភាព​របស់​សង្គម​ស៊ីវិល​និង​រំលោភសិទ្ធិ​មនុស្ស ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​អន្តរជាតិ​។ សង្គម​ស៊ីវិល​បារម្ភ​ថា​តាម​អំណាច​នៃ​ច្បាប់​នោះ​នឹងធ្វើ​ឲ្យ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយក្រោយ​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ​២០១៥​។​