• សង្គម​ស៊ីវិល​ស្នើ​ឲ្យ​បញ្ឈប់​ការ​រឹតត្បិត​សេរីភាព​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​

    • ថ្ងៃចេញផ្សាយ ២៦-សីហា-២០១៥

    ​អង្គការ​សង្គម​ស៊ីវិល បានស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើ​សកម្មភាព​ជាបន្ទាន់ ដើម្បី​ការពារ​សិទ្ធិមនុស្ស និង​បញ្ចប់​ការ​រឹតត្បិត​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ក្រោយពី​មានការ​ចាប់ខ្លួន​អ្នកប្រើប្រាស់​ហេ្វ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់​។​ប្រតិកម្ម​នេះ​កើតឡើង ក្រោយពី​សមត្ថកិច្ច​បាន​ចាប់ខ្លួន​យុវជន គង់ រ៉ៃ​យ៉ា វ័យ​២៥​ឆ្នាំ ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ខេមរៈ​កាលពី​ថ្ងៃ​​សុក្រ ទី​២១ ខែសីហា ពីបទ​ញ៉ុះ​ញ​ង់​ធ្វើ​[​បដិវត្តន៍​ពណ៌​]​តាមរយៈ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែសីហា មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) បាន​ហៅ​ការចាប់ខ្លួន​យុវជន គង់ រ៉ៃ​យ៉ា នោះ​ថា​បានបញ្ជាក់​ឲ្យ​ឃើញច្បាស់​ពី​ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​ទៅលើ​សេរីភាព​បញ្ចេញមតិ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។​​នាយក​ប្រ​ត្តិ​ប​ត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM)​លោក ប៉ា ងួនទៀង មានប្រសាសន៍ថា ការបង្ក្រាប​លើ​ការបញ្ចេញមតិ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​នេះ បង្កើត​ឲ្យ​មាន​រូបភាព​មិនល្អ​ចំពោះ​អនាគត​នៃ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​មានប្រសាសន៍ថា​៖ “​ចំណុច​នេះ បើទោះជា​រដ្ឋាភិបាល ដឹងថា​សេរីភាព​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​តាមរយៈ​ប្រព័ន្ធ​ផ្សេងៗ​ហ្នឹង វា​ជាការ​ធានា វា​ជា​សេរីភាព​ឬ​សិទ្ធិ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ធានា​ដោយ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​ប្រទេស​កម្ពុជា ជា​ហត្ថលេខី​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​លែង​ខ្វល់​នឹង​គោលការណ៍ នឹង​កាតព្វកិច្ច​របស់ខ្លួន​ហើយ គឺ​ធ្វើតាម​អ្វីដែល​ខ្លួន​ចង់​ធ្វើ ដែលជា​សញ្ញា​ដែល​រដ្ឋាភិបាល​ដើរ​ទៅរក​ផ្លូវ​ផ្តាច់ការ​”​។​​សម្រាប់​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ការ​ចាប់ចង និង​ឃុំខ្លួន​យុវជន​ដោយ​សម្អាង​លើ​ការ​បង្ហោះ​សា​រលើ​ហ្វេ​ស​ប៊ុ​ក​នេះ ហាក់ដូចជា​ធ្ងន់ធ្ងរ​ពេក​។ អ្នកស្រី​ពន្យល់ថា ករណីនេះ គឺ​គួរតែ​ហៅ​យុវជន​នោះមក​ធ្វើការ​ណែនាំ និង​ព្រមាន​ដើម្បី​ផ្តល់ឱកាស​ឲ្យ​គាត់​កែខ្លួន​វិញ​។​​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ មានការ​ចាប់ខ្លួន​សមា​ជិ​ក​ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី លោក ហុង សុខ​ហួរ បន្ទាប់ពី​លោក​និយាយ​ពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា និង​វៀតណាម ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​។ ចំណាត់ការ​នេះ គឺ​បន្ទាប់ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ត្រូវបាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចោទថា សរសេរ​តាម​ហ្វេ​ស​ប៊ុ​ក ប្រមាថ លោក ហេង សំរិន ប្រធានរដ្ឋសភា ហើយ​រដ្ឋសភា​បាន​ពិន័យ​ដោយ​កាត់​ប្រាក់ខែ និង​មិន​ឲ្យ​ចូល​រដ្ឋសភា​មួយរយៈ​។​​លោកស្រី ចក់ សុភាព បាន​ឲ្យ​ដឹងថា បើទោះជា​មានការ​គាបសង្កត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូចជា កាសែត វិទ្យុ ទូរទស្សន៍​ក្តី ក៏​សេរីភាព​នៅលើ​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត ហាក់ដូច​ជាមាន​ភាពល្អ​ប្រសើរ​។ ក៏ប៉ុន្តែ លោកស្រី ការ​ចាប់ចង​ប្រជាជន​លើ​ករណី​បង្ហោះ​សា​រលើ​ហ្វេ​ស​ប៊ុ​ក ដែល​រដ្ឋាភិបាល​អះអាង​ថា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គមជាតិ ត្រូវបាន​អ្នកស្រី ចក់ សុភាព ហៅថា​ជាស​ញ្ញា​មួយ​ដែល​បង្ហាញថា សេរីភាព​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម មាន​ភាព​ចង្អៀត ដែល​បង្ខំ​ឲ្យ​អ្នកប្រើប្រាស់​ចាប់​ពិរុទ្ធ​ខ្លួនឯង ហើយ​ត្រូវ​ការបង្កើន​ការប្រុងប្រយ័ត្ន​ជាង​មុន​។ លោកស្រី​បញ្ជាក់ថា​៖ “​រដ្ឋធម្មនុញ្ញ​យើង បាន​ធានា​នូវ​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុងការ​ចូលរួម​ដោយ​សកម្ម ក្នុង​សកម្មភាព​សេដ្ឋកិច្ច សង្គម និង​នយោបាយ​។ ប្រសិនបើ​យើង ចាប់​ផ្តើមឡើង ដោយ​ចាប់ចង ចោទប្រកាន់​ដាក់​ទៅ​តុលាការ វា​ជាស​ញ្ញា​មួយ បំបាក់​ដល់​យុវជន​ដទៃ ដែល​គាត់​ចង់​ចូលរួម​ជា​បន្តបន្ទាប់​”​។​​សេចក្តីថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល ដែល​បាន​ដាក់ជូន​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស កាលពី​ថ្ងៃទី​២០ ខែសីហា ស្តីពី​ស្ថានភាព​សិទ្ធមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​បានធ្វើ​សេចក្តីព្រាងច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​ច្បាប់​ស្តីពី​សារគមនាគមន៍​។​​សេចក្តីថ្លែងការណ៍​នេះ បាន​អះអាងថា ប្រសិនបើ​ច្បាប់​ទាំងនេះ​ត្រូវបាន​អនុម័ត នោះ​រដ្ឋាភិបាល​នឹងមាន​សិទ្ធិ​ក្នុងការ​តាមដាន​នូវ​រាល់​សកម្មភាព​របស់​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​។ ជា​អ្វីដែល​សង្គម​ស៊ីវិល ព្រួយបារម្ភ​ថា នឹង​រឹតត្បិត​ដល់​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាជន​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ​២០១៥៕​