• រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ គ្មាន​គម្រោង​រៀបចំ​ច្បាប់​គ្រប់គ្រង​អ៊ីនធឺណិត នោះទេ​

    • ថ្ងៃចេញផ្សាយ ២១-កញ្ញា-២០១៥

    ​រាជធានី​ភ្នំពេញ​៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មាន ប្រសាសន៍ថា រាជរដ្ឋាភិបាល​គ្មាន​គម្រោង​រៀបចំ​ច្បាប់ គ្រប់គ្រង អ៊ីនធឺណិត និង​បណ្តាញ​ទំនាក់ទំនង​សង្គម​នោះទេ​។​​លោក​បន្តទៀតថា បច្ចុប្បន្ន​នៅក្នុង​ពិភពលោក មាន​អ្នកប្រើប្រាស់ Facebook ជាង ១​ពាន់​លាន​នាក់ ដោយឡែក​នៅ​កម្ពុ​ជាមាន​អ្នកប្រើប្រាស់ Facebook ជាង ៥​លាន​នាក់​។ ដូច្នេះ​ការប្រើប្រាស់ Facebook បានធ្វើឱ្យ​យុវជន​កម្ពុជា​យើង​ជាច្រើន បានបង្ហាញ​ពីមុខ​មាត់ និង​អត្តសញ្ញាណ ចរិតលក្ខណៈ តាមរយៈ​ការសរសេរ និង​បង្ហោះ​រូបភាព ផ្សេងៗ​នៅលើ​ទំព័រ Facebook របស់​ពួកគេ ដែល​អាច បញ្ជាក់បាន​នូវ​លក្ខណៈសម្បត្តិ ប្រកប ដោយ​សីលធម៌ សុជីវធម៌​ក្នុង​កម្រិត​ណាខ្លះ​។​​លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា អ្នក​ដែល​ប្រើប្រាស់ Facebook មិនមាន​ឈ្មោះ​ពិតប្រាកដ ហើយ​ធ្វើការ វាយប្រហារ​ទៅលើ​បុគ្គល​ឬ​លើ​ស្ថាប័ន​ណាមួយ​ដែល​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ហើយ​គិតថា​មិន មាន​នរណា​ស្គាល់ ឬ​រកឃើញ​ខ្លួន​ឡើយ នោះ​គឺជា​ការយល់ច្រឡំ​ហើយ ពីព្រោះ​គេ​អាច​ស្រាវជ្រាវ និង​តាមដាន​រកឃើញ និង​អាច​ចាប់​យកមក​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​នូវ​អ្វីដែល​ខ្លួន​បានធ្វើ​។​​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើកឡើង​បែបនេះ នៅក្នុង​សិក្ខាសាលា អប់រំ ស្តីពី​សីលធម៌ និង​សុជីវធម៌​សង្គម សម្រាប់​អ្នកប្រើប្រាស់​បណ្តាញ ទំនាក់ទំនង​សង្គម កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៥ ដែល​រៀបចំ ឡើង​ដោយ​សភា​យុវ ពាណិជ្ជករ អន្តរជាតិ​កម្ពុជា (JCI Cambodia) នៅ​រាជធានី​ភ្នំពេញ​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​សារព័ត៌មាន​សេរី ចេញផ្សាយ​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០១៥៕​