• មេធាវី​អាមេរិកាំង​ស្ម័គ្រចិត្ត​ជួយ​ផ្នែក​ច្បាប់​ស្វែងរក​ការដោះលែង​លោក មា​ជ សុវណ្ណារ៉ា​

    • ថ្ងៃចេញផ្សាយ ១-តុលា-២០១៥

    ​គ្រួសារ​របស់​សកម្មជន​គណបក្សប្រឆាំង ឲ្យ​ដឹងថា មេធាវី​អាមេរិកាំង បាន​ស្ម័គ្រចិត្ត​ចេញមុខ​តវ៉ា​ផ្លូវ​តុលាការ ដើម្បី​រក​វិធី​ដោះលែង​អ្នកទោសនយោបាយ​នៅ​កម្ពុជា ឲ្យ​មាន​សេរីភាព​។​​អ្នកស្រី ជែ​មី មា​ជ (Jamie Meach) ភរិយា​របស់ លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា មេធាវី​អាមេរិកាំង លោក មូរ​តុ​ន ក្លា (Morton Sklar) នឹង​ប្ដឹងទៅ​តុលាការ​របស់​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា (California) ដើម្បី​ស្វែងរក​ជំនួយ​ផ្លូវច្បាប់​ក្នុងការ​ដោះលែង លោក មា​ជ សុវណ្ណារ៉ា ដែល​តុលាការ​ទីក្រុង​ភ្នំពេញ បាន​កាត់​ឲ្យ​ជាប់ទោស ២០​ឆ្នាំ និង​សកម្មជន​នយោបាយ​ជាង ១០​នាក់​ផ្សេងទៀត​៖ «​គាត់​ថា​គេ​អាចមាន​ច្បាប់​ជួយ ដូច​ថា​នៅក្រៅ​ប្រទេស​អ៊ីចឹង គេ​អាចជួយ​បាន ដូច្នេះហើយ​បានជា​ខ្ញុំ​ដាក់ពាក្យ​បណ្ដឹង​នៅ​កាលីហ្វ័រ​ញ៉ា ហ្នឹង គឺ​ក្រុម​មេធាវី​ម៉ា​ក្រុម មិនមែន​មានតែ​គាត់​ម្នាក់ឯង​ទេ​។ ចា៎​! គាត់​ដាក់​នៅ​កាលីហ្វ័រ​ញ៉ា ហ្នឹង​តែម្តង ព្រោះ​គ្រួសារ​ខ្ញុំ​គាត់​រស់នៅក្នុង​រដ្ឋ​នេះ​»​។​​លោក មូរ​តុ​ន ក្លា ក៏​ជា​មេធាវី​អន្តរជាតិ​ដែល​ប្ដឹង លោក ហ៊ុន សែន ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដែរ​។​​វិទ្យុ​អាស៊ីសេរី មិនទាន់​អាច​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បានទេ​ជុំវិញ​បញ្ហា​នេះ​។​​លោក មា​ជ សុវណ្ណារ៉ា ជា​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង ត្រូវបាន​តុលាការ​កម្ពុជា កាត់​ឲ្យ​ជាប់គុក​រយៈពេល ២០​ឆ្នាំ ពីបទ​ដឹកនាំ​កុបកម្ម​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ ហើយ​សកម្មជន ១០​នាក់​ទៀត​ត្រូវបាន​កាត់​ឲ្យ​ជាប់ទោស​ក្នុង​ម្នាក់ៗ ៧​ឆ្នាំ​។​​ជុំវិញ​ការស្វែងរក​អន្តរាគមន៍​ផ្លូវច្បាប់ ដើម្បី​ដោះលែង លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​នយោបាយ​ជាង ១០​នាក់​ផ្សេងទៀត​ពី​សំណាក់​ក្រុម​មេធាវី​អាមេរិកាំង នោះ អ្នកស្រី ជែ​មី មា​ជ ថ្លែងថា ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការបរទេស នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក លោក អេ​ដ រ៉​យស៍ (Ed Royce) ក៏​កំពុង​ខិតខំ​ប្រឹង​លើ​កិច្ចការ​ទាំងនេះ​ដែរ​៖ «​លោក អេ​ដ រ៉​យស៍ ទាំងអស់​ហ្នឹង គឺ​គេ​អាណិត ហើយ​គេ​ផ្ដោត​ខ្លាំងជាងគេ​ហ្នឹង គឺ​គេ​អាណិត​ក្មេង​ដែល​ឃើញ​កូនស្រី​ខ្ញុំ​ទាំងបី​ដែល​នៅ​តូចៗ ហើយ​គាត់​ថា​គាត់​ត្រូវ​ឲ្យ មា​ជ សុវណ្ណារ៉ា ហ្នឹង​ចេញមក​ឲ្យ​លឿង ព្រោះ​ជា​គ្រួសារ​ក្មេង ហើយ​គាត់​ឃើញ​កូន​ហ្នឹង​រហូតដល់​គាត់​យំ​។ សំខាន់បំផុត​នៅ​សហរដ្ឋអាមេរិក គឺ​គេ​ផ្ដោតទៅលើ​ក្មេង​។ ខ្ញុំ​បាន​និយាយប្រាប់​គាត់​ដែរ​ថា កូនស្រី​ខ្ញុំ​អា​ទី​បី​ហ្នឹង រៀន​អត់​កើត​ដូច​ថា​សតិអារម្មណ៍​គាត់​ផ្ដោត​មនោសញ្ចេតនា​ទៅលើ​ប៉ា​គេ​ច្រើន​។ រៀន​នៅ​សាលា​អី គឺ​រៀន​អត់​កើត សឹង​ថា​ហ្សេ​រ៉ូ​តែម្តង​»​។​​នៅក្នុង​សវនាការ​ស្តីអំពី​សិទ្ធិ​កាន់កាប់​ដីធ្លី និង​ការអភិវឌ្ឍ​នៅ​អាស៊ីអាគ្នេយ៍ កាលពី​ថ្ងៃទី​២១ ខែសីហា ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា លោក អេ​ដ រ៉​យស៍ មានប្រសាសន៍ថា សភា​សហរដ្ឋអាមេរិក នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) ធ្វើយ៉ាងណា​ដើម្បី​ដោះលែង​ពលរដ្ឋ​អាមេរិកាំង ពី​ការ​ឃុំឃាំង​ផ្នែក​នយោបាយ​របស់​រដ្ឋាភិបាល​បរទេស​៖ «​គាត់​កំពុងស្ថិត​ក្នុងការ​ឃុំឃាំង ហើយ​យើង​នឹង​ជជែក​អំពី​បញ្ហា​នេះ​ជាមួយ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ម្តងទៀត​ក្នុង​ការធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​យក​ពលរដ្ឋ​អាមេរិកាំង ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​បរទេស ដោយសារតែ​ការបញ្ចេញមតិ​អំពី​ការរំលោភ​សិទ្ធិ​ដីធ្លី សិទ្ធ​សេរីភាព និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​រូបនោះ​មកវិញ​»​។​​កាលពី​ថ្ងៃទី​១០ ខែកញ្ញា វិទ្យុ​អាស៊ីសេរី បានទទួល​សារ​អ៊ីមែល​ពី អ្នកស្រី អានា រី​ច​ឈី អា​លែ​ន (Anna Richey-Allen) អ្នកនាំពាក្យ​របស់​ការិយាល័យ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ថា សហរដ្ឋអាមេរិក មានការ​បារម្ភ​ជាខ្លាំង ចំពោះ​ការឃុំ​ឃាំង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្នុងនោះ​មាន​ពលរដ្ឋ​អាមេរិកាំង​។​​ក្រសួងការបរទេស ក៏បាន​ស្នើ​ឲ្យ​មានការ​កាត់ក្តី​ឡើងវិញ ដោយសារ​ការកាត់ក្តី​កន្លងមក​មាន​ភាពមិន​ប្រក្រតី គ្មាន​យុត្តិធម៌ និង​គ្មាន​តម្លាភាព ដែល​មិនអាច​ទទួលយកបាន ហើយ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក នឹង​ប្រើ​កាតព្វកិច្ច​របស់ខ្លួន​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការជួយ​ដល់​ពលរដ្ឋ​អាមេរិកាំង នៅ​បរទេស​ដែល​កំពុងស្ថិត​ក្នុងការ​ឃុំឃាំង​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០១៥​។