• តំណាង​សហគមន៍​តំបន់​អា​រ៉ែ​ង​ត្រូវ​តុលាការ​ខេត្តកោះកុង​ចាប់​ដាក់ពន្ធនាគារ​

    • ថ្ងៃចេញផ្សាយ ៨-តុលា-២០១៥

    តុលាការ​ខេត្តកោះកុង បាន​បញ្ជូន​ខ្លួន លោក វ៉ែន វ៉ន តំណាង​សហគមន៍​តំបន់​អា​រ៉ែ​ង ឃុំ​ជំនាប់ ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន បន្ទាប់ពី​តុលាការខេត្ត​នេះ​បាន​កោះ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​លើ​បទ​ចោទ​ចំនួន​ពីរ​ករណី កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែតុលា​។​​មន្ត្រី​សង្គម​ស៊ីវិល បានចាត់ទុក​ការឃុំខ្លួន​តំណាង​សហគមន៍​តំបន់​អា​រ៉ែ​ង របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកោះកុង ពេលនេះ ថា​មាន​ភាពអយុត្តិធម៌ និង​ជា​សារ​គំរាមកំហែង​។​​ប្រជាពលរដ្ឋ​ខេត្តកោះកុង មាន​គ្នា​ប្រមាណ​ជិត ៥០​នាក់ ដែល​ឈរ​រង់ចាំ​ស្ដាប់​លទ្ធផល​នៃ​ការចូល​បំភ្លឺ​របស់លោក វ៉ែន វ៉ន តំណាង​សហគមន៍​តំបន់​អា​រ៉ែ​ង ទៅតាម​ដីកា​បង្គាប់​របស់​តុលាការ បាន​ស្រែក​ទ្រហោយំ​នៅ​ពីមុខ​បរិវេណ​តុលាការ នៅពេល​រថយន្ត​ប៉ូលិស​ដឹក​លោក វ៉ែន វ៉ន ចេញពី​សាលាដំបូង​ខេត្តកោះកុង ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ នៅ​ម៉ោង​ជិត ១២​ថ្ងៃត្រង់ ថ្ងៃ​ពុធ ទី​៧ ខែតុលា​។​​ក្រុម​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​មាន​ដើមកំណើត​ជនជាតិ​ជង បាន​និយាយ​រៀបរាប់​ក្នុង​សំឡេង​យំ​ខ្សឹកខ្សួល​ដោយ​ចាត់ទុក​ការឃុំខ្លួន​តំណាង​ពួកគេ គឺ​លោក វ៉ែន វ៉ន របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកោះកុង ថា​មាន​ភាពអយុត្តិធម៌​បំផុត ព្រោះ​តំណាង​ពួកគាត់​ជាម​នុស្ស​ស្លូតត្រង់ និង​មិនបាន​ប្រព្រឹត្តល្មើស​ដូច​តុលាការ​ចោទ​ទេ​។ ផ្ទុយទៅវិញ លោក វ៉ែន វ៉ន គឺជា​តំណាង​ឲ្យ​ជនជាតិ​ជង នៅ​តំបន់​អា​រ៉ែ​ង ដែល​ចេញមុខ​ការពារ​បរិស្ថាន ព្រៃឈើ មិន​ឲ្យ​ជនល្មើស បំផ្លាញ និង​ប្រឆាំង​ផែនការអភិវឌ្ឍន៍​វា​រី​អគ្គិសនី​តំបន់​ជ្រលង​ភ្នំ​តំបន់​អា​រ៉ែ​ង របស់​រដ្ឋាភិបាល​កន្ល​ង​មក​៖ «​ជួយ​រក​យុត្តិធម៌​ដល់​ពួក​ខ្ញុំ​ផង​»​។​​ទាក់ទិន​បញ្ហា​នេះ លោក អ៊ិន គង់​ជិត មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ (LICADHO) ខេត្តកោះកុង ឲ្យ​ដឹងថា តុលាការ​បាន​ចោទ​លោក វ៉ែន វ៉ន ចំនួន​ពីរ​បទល្មើស គឺ​ទាក់ទង​ប្រមូល​ផល​អនុផល​ព្រៃឈើ គ្មាន​ការអនុញ្ញាត និង​លុបបំបាត់​វត្ថុតាង​៖ «​តាមពិត លោក វ៉ែន វ៉ន ហ្នឹង គាត់​បាន​ទិញ​ឈើ​មក​សង់​ទីស្នាក់ការ​សហគមន៍​ក្នុង​មូលដ្ឋាន​គាត់​សម្រាប់ធ្វើ​ការងារ ហើយ​ឈើ ឬ​ទីស្នាក់ការ​ដែល​សាងសង់ឡើង​នេះ គឺ​នៅ​ទីតាំង​ដើម​ហ្នឹង​ទេ មាន​អ្នកណា​ទៅ​លុបបំបាត់​ភស្តុតាង​ដូច​តុលាការ​ចោទ​ទេ​»​។​​បន្ថែម​លើ​នេះ លោក អ៊ិន គង់​ជិត បានចាត់ទុក​ការសម្រេច​ឃុំខ្លួន លោក វ៉ែន វ៉ន តំណាង​សហគមន៍​អា​រ៉ែ​ង ដែលមាន​ដើមកំណើត​ជា​ជនជាតិ​ជង និង​ជា​តំណាង​ឲ្យ​ជន​ជាដើម​ភាគតិច​ជង នៅ​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង របស់​តុលាការ​ខេត្តកោះកុង ថា​ជាការ​គំរាមកំហែង​៖ «​លោក វ៉ែន វ៉ន កន្លងមក​តែងតែបាន​ដឹកនាំ​សហគមន៍​រួមគ្នា​ជាមួយ លោក អា​ឡិច ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ ដើម្បី​ការពារ​តំបន់​ជ្រលង​ភ្នំ​អា​រ៉ែ​ង ឲ្យ​ជៀស​ផុតពី​គម្រោង​ស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​ដែល​រដ្ឋាភិបាល​ប៉ុនប៉ង​ស្ថាបនា​កន្លងមក ប៉ុន្តែ​មិនបាន​សម្រេច​»​។​​បញ្ហា​នេះដែរ លោក គឹម រី ស្ថាបនិក​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ មានការ​សោកស្ដាយ​ដែល​តុលាការ​ខេត្តកោះកុង សម្រេច​ឃុំខ្លួន​លោក វ៉ែន វ៉ន តំណាង​សហគមន៍​តំបន់​អា​រ៉ែ​ង ដោយសារ​ទិញ​ឈើ​មក​សាងសង់​ទីស្នាក់ការ​ធ្វើការ​របស់​ខ្លួន​ក្នុង​មូលដ្ឋាន​។ លោក​មាន​ចម្ងល់​ថា បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើតឡើង​ស្ទើរ​ជា​រៀងរាល់ថ្ងៃ នៅ​ខេត្តកោះកុង ហេតុអ្វី​បានជា​អាជ្ញាធរ ឬ​តុលា​ការមិន​ចាប់​ជន​ប្រព្រឹត្តល្មើស​មក​ផ្ដន្ទាទោស ប៉ុន្តែ​បែរជា​ទៅ​ចាប់​អ្នក​ហ៊ាន​ចេញមុខ​តវ៉ា ឬ​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន​មិន​ឲ្យ​បាត់បង់​ទៅវិញ​។​​លោក វ៉ែន វ៉ន មាន​អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ច្រក​ឫស្សី ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ត្រូវ​តុលាការ​សាលាដំបូង​ខេត្តកោះកុង សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្ត​នេះ ក្រោយពេល​រូបលោក​បាន​ចូលខ្លួន​មក​បំភ្លឺ​ទៅតាម​ដីកា​បង្គាប់​របស់​តុលាការ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែតុលា​។ ដីកា​បង្គាប់​មាន​បោះត្រា និង​ចុះហត្ថលេខា លោក មីន មករា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកោះកុង បាន​ចោទ​លោក វ៉ែន វ៉ន ពីបទ​ប្រមូល​ផល​អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត​តាម​បញ្ញត្តិ​មាត្រា ៩៨ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ និង​បទ​លុបបំបាត់​វត្ថុតាង​តាម​បញ្ញត្តិ​មាត្រា ៥៣៣ នៃ​ក្រមព្រហ្មទណ្ឌ​។ ក្រោយពេល​សាកសួរ​ពេញ​មួយ​ព្រឹក លោក វ៉ែន វ៉ន ត្រូវ​លោក មីន មករា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកោះកុង សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្តកោះកុង នៅ​ម៉ោង​ជិត ១២​ថ្ងៃត្រង់ ទី​៧ ខែតុលា​។​​បញ្ហា​ស្រដៀង​គ្នា​នេះ កាលពី​ថ្ងៃទី​១៧ ខែសីហា តុលាការ​ខេត្តកោះកុង ក៏បាន​ចាប់ខ្លួន​សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់ ដាក់ពន្ធនាគារ ដោយ​ចោទ​ពីបទ​គំរាមកំហែង និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ ខណៈ​ពួកគេ​ចុះ​ធ្វើការ​នៅក្នុង​សហគមន៍​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កណ្ដោល និង​ឃុំ​អណ្ដូងទឹក ស្រុក​បុ​ទុម​សាគរ កាលពី​ថ្ងៃទី​១៧ ខែសីហា ដើម្បី​ប្រឆាំង​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​។ យុវជន​ទាំង ៣​នាក់​មានឈ្មោះ លោក សាន់ ម៉ា​ឡា លោក ទ្រី សុ​វី​គា និង​លោក ស៊ឹម សំណាង ត្រូវបាន​តុលាការ​បញ្ជូន​ដាក់ពន្ធនាគារ​រហូតដល់​សព្វថ្ងៃ​មិនទាន់​ដោះលែង​នៅឡើយ​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៥៕​