• តុលាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​សកម្មជន​បរិស្ថាន​បីនាក់​នៅក្រៅ​

    • ថ្ងៃចេញផ្សាយ ៩-តុលា-២០១៥

    ភ្នំពេញ​—​តុលាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បានសម្រេច​មិន​អនុញ្ញាត​ឲ្យ​សកម្មជន​បរិស្ថាន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​ស្ថិតនៅ​ក្រៅ​ឃុំ​ទេ ដោយបាន​ដ​ម្ក​ល់​សេចក្តីសម្រេច​របស់​តុលាការ​សាលាដំបូង​ខេត្តកោះកុង ដែល​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​របស់​សកម្មជន​ទាំងបី​នាក់​នេះ កាលពីពេល​កន្លងមក​ទៅនេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​សកម្មជន​សិទ្ធិមនុស្ស និង​មេធាវី​ការពារ​ក្តី​របស់​សកម្មជន​ទាំងបី​នាក់​នេះ​។​​ការសម្រេច​របស់​តុលាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ដ​ម្ក​ល់​ការបដិសេធ​របស់​តុលាការ​សាលាដំបូង​ខេត្តកោះកុង​មិន​ឲ្យ​សកម្មជន​ទាំងបី​នេះ​ស្ថិតនៅ​ក្រៅ​ឃុំ​នោះ​ធ្វើឡើង​កាលពី​ចុងខែ​កញ្ញា​កន្លងទៅនេះ គឺ​ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​រ៉ូ​ណា ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ទៅកាន់​ខេត្តកោះកុង កាលពី​ថ្ងៃទី​១៨ និង​១៩ ខែកញ្ញា ឆ្នាំ​២០១៥​នេះ​។​​លោក អ៊ិន គង់​ជិត អ្នកសម្របសម្រួល​សិទ្ធិមនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho)​ប្រចាំខេត្ត​កោះកុង មានប្រសាសន៍ប្រាប់ VOA ថា តុលាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បាន​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​របស់​សកម្មជន​ទាំងបី​នាក់​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ព្រោះ​តុលាការ​សាលាឧទ្ធរណ៍​បាន​យល់​ស្របតាម​ការសម្រេច​របស់​តុលាការ​សាលាដំបូង​ខេត្តកោះកុង​ដែលថា សកម្មជន​ទាំងបី​នេះ​អាចធ្វើ​ឲ្យ​ខូច​នីតិវិធី​របស់​តុលាការ និង​បង្ក​បទល្មើស​ផ្សេងទៀត ហើយ​និង​បំផ្លាញ​ភស្តុតាង ប្រសិនបើ​ពួកគេ​ត្រូវបាន​ដោះលែង​ឲ្យ​ស្ថិត​នៅក្រៅ​ឃុំ​នោះ​។ លោក​និ​យា​យា​ថា​៖«​សភា​ស៊ើបសួរ​នៃ​តុលាការ​សាលាឧទ្ធរណ៍​បានសម្រេច​ឯកភាព​រក្សា​ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​សាលាដំបូង​ខេត្តកោះកុង​ហ្នឹង​ទុកជាបានការ​ដដែល​»​។​​លោក​បញ្ជាក់ថា ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​សាលាដំបូង​ខេត្តកោះកុង​គួរតែ​ព​ន្លឿ​ន​រឿងក្តី​របស់​សកម្មជន​ទាំងបី​នាក់​នេះ ពីព្រោះថា បើ​បន្ត​ឲ្យ​អ្នក​ទាំងបី​ស្ថិតក្នុង​មន្ទីរឃុំឃាំង អាចធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជនជាប់ចោទ​ទាំងបី​នាក់​នេះ​។​«​កន្លងមក មាន​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ចូលរួម​ជាមួយ​គាត់​បាន​បញ្ជាក់ថា អ្នក​ទាំងបី​គឺ​ពុំមាន​កំហុស​អ្វី​ទេ​។ អញ្ចឹង​ករណីនេះ​គួរតែ​ចៅក្រម​ស៊ើបសួរ និង​តុលាការ​សាលាដំបូង​ខេត្តកោះកុង​ត្រូវតែ​រួសរាន់​ដើម្បី​បញ្ចប់​ការ​ស៊ើបសួរ ហើយ​បញ្ចូល​រឿងនេះ​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​ឲ្យ​មាន​ដីការ​ដំណោះស្រាយ​មួយ​»​។​​សកម្មជន​បរិស្ថាន​ទាំងបី​ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​កាលពី​ខែសីហា រួមមាន​លោក សាន់ ម៉ា​ឡា អាយុ​២៣​ឆ្នាំ ជា​ស្ថាបនិក​ម្នាក់​នៃ​ចលនា​មាតា​ធម្មជាតិ លោក ទ្រី សុ​វិ​គា អាយុ​២៤​ឆ្នាំ និង​លោក ស៊ីម សំណាង អាយុ​២៦​ឆ្នាំ​។ ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​គំរាមកំហែង និង​ធ្វើ​ឲ្យ​ខូចខាត ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ​»​។​​លោក ហម ស៊ុន​រិ​ទ្ធ មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​បរិស្ថាន​ទាំងបី​នេះ​ថ្លែងថា តុលាការ​សាលាដំបូង​ខេត្តកោះកុង​គួរតែអនុញ្ញាត​ឲ្យ​សកម្មជន​ទាំងបី​នេះ​បាន​សិ្ថ​ត​នៅក្រៅ​ឃុំ ពីព្រោះ​បទល្មើស​នេះ​បទ​ជា​បទ​លើ្ម​សម​ជ្ឈឹ​ម ហើយ​ថា ការបន្ត​ឃុំខ្លួន​សកម្មជន​ទាំងបី​នាក់​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​របស់​ពួកគេ​។លោក​ថ្លែងថា​៖«​សព្វថ្ងៃនេះ យើង​គ្រាន់តែ​ថា ស្ថានភាព​របស់​ជនជាប់ចោទ​ទាំងបី​នាក់​ហ្នឹង គាត់​ត្រូវការ​ត្រឡប់​ទៅវិញ​ដើម្បី​មើលថែ​គ្រួសារ​គាត់​»​។​​លោក​បង្ហាញ​ក្តីបារម្ភ​អំពី​ស្ថានភាព​សុខភាព​របស់​សកម្មជន​មួយរូប ដែលមាន​ជំងឺ​ក្រពះ​ដែល​ត្រូវការ​ការព្យាបាល​នៅក្រៅ​ពន្ធនាគារ​។ លោក​និយាយថា​៖«​អ្វីដែល​យើង​មានការ​ព្រួយបារម្ភ​នៅពេលនេះ​គឺ​ស្ថានភាព​កូនក្តី​យើង​ម្នាក់​នោះ​។ គាត់​កំពុងមាន​ជំងឺ​ក្រពះ ហើយ​គាត់​មានកូន​នៅក្នុង​បន្ទុក ដែល​ត្រូវ​មើលថែ​។ ដូច្នេះ​គាត់​គួរ​ទទួលបាន​នូវ​ស្ថានភាព​នៅក្រៅ​ឃុំ​»​។​​យោងទៅតាម​ការបញ្ជាក់​របស់​សកម្មជន​សិទ្ធិមនុស្ស​នៅក្នុង​ខេត្តកោះកុង​ឲ្យ​ដឹងថា សកម្មជន​ម្នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង ហើយ​កំពុងមាន​ជំងឺ​គឺ​លោក ស៊ីម សំណាង​។អ្នកស្រី ថា សុភា ភរិយា​របស់លោក ស៊ីម សំណាង ធ្លាប់បាន​បញ្ជាប់​ប្រាប់ VOA ថា ប្តី​របស់​អ្នកស្រី​មាន​ជំងឺ​ក្រពះ​ជាប្រចាំ​។​​លោក ប៊ូ ប៊ុន​ហាំ ព្រះរាជអាជ្ញា​តុលាការ​សាលាដំបូង​ខេត្តកោះកុង បដិសេធ​មិន​ធ្វើការ​អធិប្បាយ​ទេ ដោយ​លោក​បង្វែ​សំណួរ​ទៅ​ចៅក្រម​នៃ​តុលាការ​សាលាដំបូង​ខេត្ត​។ VOA ពុំ​អាចទាក់ទង​អ្នកស្រី ឈុន ដាវី ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​សាលាដំបូង​ខេត្តកោះកុង​បានទេ ដោយសារ​ទូរស័ព្ទ​រប​ស់​អ្នកស្រី​រោទិ៍ តែ​គ្មាន​អ្នកទទួល​។​​ចលនា​មាតា​ធម្មជាតិ​បានធ្វើការ​យ៉ាងសកម្ម​នៅក្នុង​កិច្ចការ​ការពារ​បរិស្ថាន​នៅក្នុង​ខេត្តកោះកុង​។ ក្រៅពី​ការតវ៉ា​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ដ៏​មហន្តរាយ​ដល់​បរិស្ថាន​នេះ ក្រុម​ការពារ​បរិស្ថាន​នេះ​ក៏បាន​ទប់ស្កាត់​មិន​ឲ្យ​មានការ​វិនិយោគ​ទំនប់​វា​រី​អគ្គិសនី​លើ​ស្ទឹង​អា​រ៉ែ​ង​នៃ​ជួរ​ភ្នំ​ក្រវ៉ា​ញ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន Sinohydro ផងដែរ​។ សកម្មភាព​របស់​ពួកគេ​បានធ្វើឱ្យ​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​មួយចំនួន​មិន​សប្បាយចិត្ត​។​​ដោយឡែក សកម្មជន​សិទ្ធិមនុស្ស​ថ្លែងថា ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ខេត្តកោះកុង​កាន់តែ​អាក្រក់​ទៅៗ ពីព្រោះ​តុលាការ​ខេត្តកោះកុង​បាន​ចោទប្រកាន់ និង​សម្រេច​ឃុំខ្លួន​សកម្មជន​ការពារ​បរិស្ថាន​ជា​បន្តបន្ទាប់ បើទោះជា​មាន​មន្ត្រី​ទូត​មកពី​ស្ថានទូត​សហរដ្ឋអាមេរិក អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ និង​មន្ត្រី​នៃ​សហគមន៍​អឺរ៉ុប​បាន​ចូលទៅ​សិក្សា​ស្វែងយល់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ខេត្ត​នេះ​ក៏ដោយ​។​​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ តុលាការ​សាលាដំបូង​ខេត្តកោះកុង​បានសម្រេច​ឃុំខ្លួន​សកម្មជន​បរិស្ថាន​ម្នាក់ទៀត​គឺ​លោក វ៉ែន វ៉ន ទាក់ទង​នឹង​ការចោទប្រកាន់ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់​។ សកម្មជន​សិទ្ធិមនុស្ស​សង្កត់ធ្ងន់ថា ការចោទប្រកាន់​ដែល​ឈានដល់​ការឃុំខ្លួន​អ្នកការពារ​បរិស្ថាន​នេះ​គឺជា​ការ​បំបាក់ស្មារតី និង​ជាការ​គំរាមកំហែង​ដល់​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​រប​ស់​ប្រជាពលរដ្ឋ​៕​ដកស្រង់​ពី​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក ចេញផ្សាយ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៥៕​