• មន្ត្រីជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​អាដហុក​ថា​នឹង​ចូលទៅ​បំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការ​

    • ថ្ងៃចេញផ្សាយ ៩-តុលា-២០១៥

    ​មន្ត្រីជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី ចរិយា ថា​លោក​នឹង​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកាកោះ​របស់​តុលាការ​។​​ការឆ្លើយតប​បែបនេះ បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក វ៉េង ហ៊ត់ ចេញ​ដីកា​បង្គាប់​ឲ្យ លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី​២១ ខែតុលា ខាងមុខ​។​​ដីកា​ដដែល បាន​ដកស្រង់​ការធ្វើ​សន្និសីទកាសែត​របស់ លោក នី ចរិយា ចំនួន​ពីរដង ដែល​ត្រូវ​ចោទថា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការបរិហារកេរ្តិ៍ និង​ដាក់​សម្ពាធ​លើ​យុត្តាធិការ ឬ​ដាក់​សម្ពាធ​លើ​តុលាការ​។​​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា និយាយថា លោក​ឯកភាព​នឹង​នីតិវិធី​របស់​ចៅក្រម​ដែល​ចេញ​ដីកាកោះ​រូបលោក ប៉ុន្តែ​លោក​ថា លោក​មានការ​ខកចិត្ត​ចំពោះ​ការសន្និដ្ឋាន​របស់​ព្រះរាជអាជ្ញា​សន្និដ្ឋានថា រូបលោក​ជាប់​ប្រព្រឹត្ត​បទល្មើស ថា​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការបរិហារកេរ្តិ៍ និង​ដាក់​សម្ពាធ​លើ​យុត្តាធិការ ឬ​ដាក់​សម្ពាធ​លើ​តុលាការ​៖ «​ខ្ញុំ​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ ខ្ញុំ​គិតថា រឿង​ចាប់ខ្លួន ឬ​មិន​ចាប់ខ្លួន មិនមែនជា​ឧបសគ្គ​របស់​អ្នកការពារ​សិទ្ធិមនុស្ស​ទេ​»​។​​លោក នី ចរិយា ធ្លាប់បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​ចូលទៅ​ឆ្លើយបំភ្លឺ​កាលពី​ថ្ងៃទី​១៣ កក្កដា ក្នុង​រឿង​ដែល​ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្តសៀមរាប ប្ដឹង​លោក​ពីបទ​បរិហារកេរ្តិ៍ ឬ​បរិហារ​បង្កាច់​កេរ្តិ៍ និង​ការដាក់​សម្ពាធ​លើ​យុត្តាធិការ​តុលាការ​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៥៕​