• ការតាក់តែង​ច្បាប់​អំពី​ប្រព័ន្ធ​អ៊ីនធឺណិត​គួរ​មានការ​បើកទូលាយ​

    • ថ្ងៃចេញផ្សាយ ១៦-តុលា-២០១៥

    ​ភ្នំពេញ​—​ក្រុម​អ្នកតស៊ូ​មតិ​ក្នុងប្រទេស​កម្ពុជា​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើកទូលាយ​ឲ្យ​មានការ​បញ្ចូល​អនុសាសន៍​ជា​សាធារណៈ​ចំពោះ​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា ឬ​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​អាចជួយ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​។ ការធ្វើ​ច្បាប់​ដែល​អាច​ជៀស​ផុតពី​ការបិទ​សិទ្ធិសេរីភាព​បញ្ចេញមតិ​នឹង​ជួយ​ដល់​គោលនយោបាយ​រដ្ឋាភិបាល​។​​ក្នុងពេលដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​បន្តដំណើរ​ការតាក់តែង​សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​នោះ ក្រុម​អ្នកតស៊ូ​មតិ​ខ្លះ​ដែល​យកចិត្តទុកដាក់​អំ​ពី​ដំណើរការ​ប្រជា​ធិ​តេ​យ្យ និង​សេរីភាព​លើ​បណ្តាញ​អ៊ីនធឺណិត​ក្នុងប្រទេស​កម្ពុជា​បាន​ទទូចថា ច្បាប់​នេះ​ត្រូវមាន​ភាពច្បាស់លាស់​ជាជាង​មាន​ភាពស្រពិចស្រពិល ដែល​អាច​ផ្តល់​ភាពងាយស្រួល​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​ក្នុងការ​ប្រើប្រាស់​ភាព​ចន្លោះប្រហោង​នោះ​ដើម្បី​ធ្វើទុក្ខបុកម្នេញ និង​រឹតត្បិត​សេរីភាព​អ្នកប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​។​​សេចក្តីព្រាងច្បាប់​ទី​២​នេះ ដែលជា​សេចក្តីព្រាងច្បាប់​ចុងក្រោយ​របស់​រដ្ឋាភិបាល​ស្តីពី​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​នេះ ត្រូវបាន​តាក់តែងឡើង​កាលពី​ខែកក្កដា ឆ្នាំ​២០១៥ នេះ​បើ​យោងតាម​ប្រភព​ស្និទ​របស់ VOA នឹង​រដ្ឋាភិបាល​។ សេចក្តីព្រាងច្បាប់​នេះ​មាន​៦​ជំពូក​និង​៣៣​មាត្រា​។ សេចក្តីព្រាងច្បាប់​នោះបាន​បញ្ជាក់ថា ច្បាប់​នេះ​នឹង​ផ្តល់​សិទ្ធិ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​បទល្មើស​ខាង​បច្ចេកវិទ្យា រក្សាទុក​ទិន្នន័យ កុំព្យូទ័រ និង​ចរាចរណ៍​ទិន្នន័យ ចាប់យក​ទិន្នន័យ​ដោយ​ស្របច្បាប់ ថតចម្លង​ទិន្នន័យ និង​ធ្វើការ​រឹបអូស​ទិន្នន័យ​កុំព្យូទ័រ​ជាដើម​។​​ក្រុម​អ្នកតស៊ូ​មតិ​បាន​គាំទ្រ​មាត្រា​ខ្លះ ដែល​និយាយ​អំពី​ការហាម​ប្រាម​មិន​ឲ្យ​ផ្សព្វផ្សាយ​រូប​អា​អាសអាភាស ទប់ស្កាត់​ការ​លួច​ចូល​កុង​ធនាគារ លួច​ព័ត៌មាន​ក្រុមហ៊ុន បោកប្រាស់ និង​បញ្ហា​ជាច្រើន​ទៀតផង​ដែរ​។​​ថ្លែងប្រាប់ VOA នៅ​សប្តាហ៍​មុន លោក មឿ​ន ឈាន​ណា​រិ​ទ្ធ នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការសិក្សា​ផ្នែក​ព័ត៌មាន បានផ្តល់​យោបល់​ថា ការតាក់តែង​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ត្រូវតែ​បំបាត់​ភាពមិនច្បាស់លាស់ ហើយ​ធ្វើ​ឲ្យ​វា​ក្លាយជា​ច្បាប់​អាច​ទទួលយកបាន ដើម្បី​កុំ​ឲ្យ​មាន​ភាព​រឹតត្បិត​ដែល​បង្កបញ្ហា​ដល់​លទ្ធិប្រជាធិបតេយ្យ​។​«​អញ្ចឹង​ហើយ​បើសិនជា​មានការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ សេរីភាព សារព័ត៌មាន​តាមរយៈ​ការប្រើប្រាស់ តាម​ការបង្កើត​ច្បាប់​អ៊ី​ន​ធើ​ណិ​ត ដែល​មានការ​រឹតត្បិត​បែបនេះ គឺ​វា​ប៉ះពាល់​ទៅលើ​ការចូលរួម​របស់​ប្រជាពលរដ្ឋ នៅក្នុង​ដំណើរការ​នៃ​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​នេះឯង​»​។​​មិន​ត្រឹមតែ​ប៉ុណ្ណេះ​ទេ លោក​បាន​លើកឡើងថា ការ​រឹតត្បិត​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ ប៉ះពាល់​ដល់​គោលការណ៍​តម្លាភាព គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុងការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្យា​យ​ណាមួយ ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។​​លោក ណា​រិ​ទ្ធ បាន​លើកយក​ការ​រឹតត្បិត​សិទ្ធិសេរីភាព​នៅ​កម្ពុជា​ក្នុង​របប​ខ្មែរក្រហម​ជា​ឧទាហរណ៍​ដ៏​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ ដោយសារ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​និយាយ ពួកគាត់​បិទមាត់​ខ្លួនឯង​មិន​ហ៊ាន​ការបញ្ចេញមតិ​។ ពលរដ្ឋ​បាន​ប្រាប់​មិន​ឲ្យ​បងប្អូន កូនចៅ សាច់ញាតិ​របស់គាត់​និយាយស្តី ដើម្បី​កុំ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​។​«​យើង​ដឹង​ហើយ​ថា សង្គម​ដែល​ល្អ​បំផុត​នោះ​គឺ​លទ្ធិប្រជាធិបតេយ្យ ដែល​ចូលរួម ដោយផ្ទាល់ ដោយ​ប្រជាពលរដ្ឋ​។ ហើយ​ដោយសារ​បច្ចុប្បន្ន​នេះ យើង​មាន​ប្រព័ន្ធ អ៊ីនធឺណិត​ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដូចជា Facebook Tweeter YouTube និង Blog ជាដើម​ហ្នឹង ធ្វើ​ឲ្យ​សាធារណជន ប្រជាពលរដ្ឋ​ជា​អ្នកបោះឆ្នោត​ហ្នឹង អាច​ចូលរួម​ដោយផ្ទាល់ នៅក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ជាពិសេស​នៅ​អំឡុងពេល​បោះឆ្នោត ៤​ឆ្នាំ​ម្តងនេះ​»​។​​នៅក្នុង​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា​បានឈ្នះ​បាន​៦៨​អាសនៈ​ប៉ុណ្ណោះ គឺ​ថយ​សំឡេងឆ្នោត​ពី​៩០​អាសនៈ​នៅ​ដែល​ប្រព័ន្ធ​សង្គម​មានការ​រីកចម្រើន​ខ្លាំង តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មានការ​រឹតត្បិត​ខ្លាំង​។​​លោក អំ សំអាត មន្ត្រី​គ្រប់គ្រង​បច្ចេកទេស​នៃ​អង្គការសិទ្ធិមនុស្ស លីកាដូ បាន​ថ្លែងថា ក្នុងពេល​ប្រជាពលរដ្ឋ​កំពុង​ពឹងផ្អែក​កាន់តែច្រើន​ឡើងលើ​ប្រព័ន្ធ​សង្គម​តាម​ប្រព័ន្ធ អ៊ី​ន​ធើ​ណិ​ត​នោះ ស្រាប់តែ​រដ្ឋាភិបាល​បង្កើត​ច្បាប់​នេះ​ទៅវិញ​។ និន្នាការ​នេះ​នឹងមិន​អាច​ជៀស​ផុតពី​ការ​រឹតត្បិត​សិទ្ធិសេរីភាព​អ្នកប្រើប្រាស់​ទេ​។​«​ព្រោះ​នៅ​កម្ពុជា​យើង យើង​ឃើញ​ហើយ​ថា ច្បាប់​មួយចំនួន​ដែល​បង្កើត​ឡើងមក​គឺជា​ការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ហ្នឹង​ច្រើនជាង​ការការពារ ហើយនឹង​ផ្តល់​សិទ្ធិ​ដល់​ពួកគាត់​ជា​ប្រជាពលរដ្ឋ​»​។​​លោក​ថ្លែង​ដូច្នេះ ដោយយោង​ថា នៅ​កម្ពុ​ជាមាន​ទូរទស្សន៍ វិទ្យុ កាសែត​តិចតួច ដែល​ឯករាជ្យ​។ អញ្ចឹង​ប្រជាពលរដ្ឋ​ប្រើ​ប្រព័ន្ធ​នេះ ដើម្បី​បញ្ចេញមតិ និង​ទទួលបាន​ព័ត៌មាន​។ ហើយ​មួយទៀត​អ្នក​តវ៉ា អ្នក​បញ្ចេញ​មិ​តិ​តាមរយៈ​ដោយ​ឧ​គ្ឃោ​សនៈ​ស័ព្ទ អាច​នឹងត្រូវ​ជាប់ទោស​ព្រហ្មទណ្ឌ ត្រូវ​ចោទប្រកាន់​ជាដើម​។​​លោក​ថា ច្បាប់​នេះ​ត្រូវ​បង្កើតឡើង​ក្រោមលេស​របស់​រដ្ឋាភិបាល ដែលថា ត្រូវមាន​វិធានការ​ចំពោះ​ការជេរប្រមាថ​មន្ត្រី​ថ្នាក់ដឹកនាំ និង​បុគ្គល ។​​បន្ថែម​ពីលើ​នេះដែរ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត ដែលជា​អង្គការ​ស្រាវជ្រាវ​គោលនយោបាយ បាន​និយាយថា ប្រទេស​កម្ពុជា​ត្រូវមាន​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​នេះ ដូច​ប្រទេស​ជឿនលឿន​ដែរ តែ​លោក​និយាយថា ការអនុវត្ត​នេះ​គឺជា​ការបារម្ភ​ខ្លាំង​ជាង​ខ្លឹមសារ​ច្បាប់​។​«​ហើយ​ការព្រួយបារម្ភ​មួយទៀត​គឺ​ទាក់ទង​នឹង​ការអនុវត្ត​។ ការអនុវត្ត ដោយសារ​ពី​ដើម​មក​យក​ច្បាប់ ទោះបី​ខ្លឹមសារ​ត្រឹមត្រូវ​ក៏​យកទៅអនុវត្ត​មិន​ត្រឹមត្រូវ ឬមួយ​ក៏​អនុវត្ត​លម្អៀង​។ តែ​ទាក់ទង​នឹង​ការអនុវត្ត​វា​ទាក់​នឹង​ប្រព័ន្ធតុលាការ បញ្ហា​ក្រសួងយុត្តិធម៌ បញ្ហា​ផ្សេងៗ​»​។​​លោក អ៊ូ វីរៈ បន្ថែមថា សេចក្តីព្រាង​នេះ​មិនគួរ​មានការ​ពាក់ព័ន្ធ​នឹង​ការបញ្ចេញមតិ​ទេ ព្រោះ​មានច្បាប់​ផ្សេងៗ​ហើយ​។ គួរតែមាន​ការពាក់ព័ន្ធ​តែ​លើ​បច្ចេកវិទ្យា​តែ​ប៉ុណ្ណឹង ទេ​។​«​មិនអាច​មានច្បាប់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ទាក់ទង​នឹង​សេរីភាព​បញ្ចេញមតិ​ទេ តែ​ទាក់ទង តែ​នឹង​ការគ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា​តែ​ប៉ុណ្ណឹង​ទេ ទាក់ទង​នឹង​ច្បាប់​ហ្នឹង​។ ហើយ​បើ សិន​ជា​ក្នុងករណី​ការសម្តែង​មតិ ការណ៍​ពិត​យើង​មានច្បាប់​ផ្សេងៗ ដូចជា​ច្បាប់ព្រហ្មទណ្ឌ​របស់​យើង​ទាក់ទង​រឿង​សេរីភាព​ហ្នឹង គឺ​ទាក់ទង​នឹង​បទ​បរិហារកេរ្តិ៍ ព័ត៌មាន​មិន​ពិត បទ​ញុះញង់​អីហ្នឹង​គឺ​យើង​មាន​រួចទៅហើយ​។ ដូច្នេះ​មិនមាន​មូលហេតុ​អី​ក្នុងការ​បញ្ចូល​បន្ថែម​ទៅក្នុង​ច្បាប់​ឧក្រិដ្ឋកម្ម​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ​»​។​​ទោះជា​យ៉ាងណាក៏ដោយ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែងថា រហូតមកដល់​ពេលនេះ លោក​មិនទាន់​ឃើញ​ព័ត៌មាន​ណាមួយ​ថា ក្រសួង​ទូរគមនាគមន៍ និង​ក្រសួងមហាផ្ទៃ​ផ្តួចផ្តើម​សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា ឬ​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ី​ធឺ​ណិ​ត​រួមគ្នា​ទេ​។​«​មិនទាន់មាន​នៅឡើយ​ទេ លើកលែងតែ​ពង្រាង​ចាស់​ដែល​គេ​បោះចោល​នោះ​»​។​​ទោះជា​យ៉ាងណាក៏ដោយ បើតាម​ប្រភព​ដែល​ផ្តល់​សេចក្តីព្រាងច្បាប់​នេះ​ឲ្យ VOA បាន​ឲ្យ​ដឹងថា សេចក្តីព្រាងច្បាប់​នេះ​កំពុង​ត្រូវបាន​បន្ត​តាក់តែង និង​ពិភាក្សា​។ សេចក្តីព្រាងច្បាប់​នេះ​ក៏​ផ្តល់​ការអនុញ្ញាត​ដល់​សមត្ថ​កិច្ច​នគរបាល​យុត្តិធម៌​អាច​ប្រើប្រាស់​បច្ចេកទេស​របស់​អ្នកផ្តល់​សេវា ឬ​ប្រើប្រាស់​លទ្ធភាព​ផ្សេងៗ​ក្នុងការ​តាមដាន ដោយ​ចាប់យក​ទិន្នន័យ ការប្រើប្រាស់ និង​រឹបអូស​ឧបករណ៍ ដែល​ផ្ទុក​ទិន្នន័យ ដូចជា​កុំព្យូទ័រ ចរាចរណ៍​ទិន្នន័យ ឬ​ទិន្នន័យ​ដែល​ទាក់ទង​ទៅនឹង​អ្នកប្រើប្រាស់ ដោយ​ទទួលបាន​ពី​បុគ្គល ឬ​អ្នកផ្តល់​សេវា ដើម្បី​ធើ្វ​ការថត​ចម្លង ប្រើប្រាស់​ធ្វើជា​ភស្តុតាង​។​​ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកតស៊ូ​មតិ​បាន​និយាយថា ច្បាប់​មួយចំនួន រួមទាំង ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ផង​នោះ មានការ​តាក់តែង​មិន​ច្បាស់លាស់ ប្រាសចាក​រដ្ឋធម្មនុញ្ញ​កម្ពុជា​នៅ​ចំណុច​ខ្លះ ដូចជា​រឿង​ទាក់ទង​នឹង​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​បញ្ហា​សន្តិសុខ​ជាតិ ដែល​រឿងនេះ​គេ​អាច​ដាក់ទោស​អ្នកសារព័ត៌មាន និង​ពលរដ្ឋ​ដោយ​ងាយ​ដូចដែល​បាន​កើតឡើង​កន្លងមក​ស្រាប់​។​​ប្រទេស​កម្ពុជា​ជាប់​ឈ្មោះថា ជា​ប្រទេស​ដែល​មានការ​រឹតត្បិត​ប្រព័ន្ធ​អ៊ីនធឺណិត និង បណ្តាញ​សង្គម​។ អ្នកប្រើប្រាស់​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន ចាប់​ដាក់គុក​ចំពោះ​កា​រស​សេរ និង​បង្ហោះ​មតិ​របស់ខ្លួន​។ ក្នុងនោះ​មាន​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។​​គណៈរដ្ឋមន្ត្រី​កម្ពុជា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ទូរគមនាគមន៍​កាលពី​ថ្ងៃ​សុក្រ ក្នុង​កិច្ចប្រជុំពេញអង្គ​ប្រចាំ​សប្តាហ៍​របស់ខ្លួន ក្នុង​គោលដៅ​កំណត់​សមត្ថកិច្ច​គ្រប់គ្រង ការចេញ​បទបញ្ញត្តិ និង​ការត្រួតពិនិត្យ​តាមដាន​ប្រតិបត្តិការ​លើ​វិស័យ​ទូរគមនាគមន៍ និង​បែបបទ​នៃ​អភិបាលកិច្ច​នៃ​វិស័យនេះ​។ បន្ថែម​ពីលើ​នេះ ថ្មីៗ​នេះ រដ្ឋាភិបាល​បានសម្រេច​បង្កើត​នាយកដ្ឋាន​មួយ​ក្នុង​ក្រសួងមហាផ្ទៃ​ទាក់ទង​នឹង​ការ​ប្រឆាំងនឹង​បទឧក្រិដ្ឋ​កម្ម​តាម​បច្ចេកវិទ្យា ឬ​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​៕​ដកស្រង់​ពី​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក ចេញផ្សាយ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៥៕​