• លោក នី ចរិយា នឹងមិន​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​តុលាការ​នៅ​ចុងខែ​នេះ​ទេ​

    • ថ្ងៃចេញផ្សាយ ១៦-តុលា-២០១៥

    ​មន្ត្រី​ការពារ​ផ្នែក​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក​(ADHOC) ប្រកាសថា នឹងមិន​ចូលទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកាកោះ​របស់​តុលាការ​ទេ​។ ការប្រកាស​ច្រានចោល​ដីកា​ឲ្យ​ចូលខ្លួន​បំភ្លឺ របស់លោក នី ចរិយា ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​នេះ គឺ​នៅ​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​លោក​បង្ហាញខ្លួន​នៅ​ថ្ងៃទី​២១ តុលា ខាងមុខ​។​​ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក​លោក នី ចរិយា ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣ តុលា ថា លោក នឹងមិន​បង្ហាញខ្លួន តាម​ដីកាកោះ​របស់​តុលាការ​នោះ ដោយសារ​ដីកា​នេះ ធ្វើឡើង​រំលោភ​ទៅនឹង​គោលការណ៍​ច្បាប់ ហេតុនេះ​លោក​នឹងមិន​ចូល​តាម​ការបង្គាប់បញ្ជា របស់​តុលាការ​ឡើយ​។​​ការ​ថ្លែង​បដិសេធ​ដូចនេះ របស់លោក នី ចរិយា មន្ត្រីជាន់ខ្ពស់​សមាគម​អាដហុក ក្រោយពី​ចៅក្រម​ស៊ើបសួរ នៃ​តុលាការ​ក្រុងភ្នំពេញ លោក វ៉េង ហ៊ត់ ចេញ​ដីកា​ឲ្យ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែតុលា ខាងមុខ​។លោក​បន្តថា ម្យ៉ាងវិញទៀត ដីកា​នេះ​គឺ​លោក​ពុំ​បានទទួល​ដោយផ្ទាល់ ពី​នគរបាល​យុត្តិធម៌​ទេ តែ​បែរជា​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទៅវិញ​។ ក្រៅពីនេះទៀត នគរបាល​យុត្តិធម៌ គួរ​ណាស់ បញ្ជូន​ត្រឡប់​ទៅវិញ ហើយ​ស្នើ​ឲ្យ​តុលាការ ចេញ​ដីកា​ថ្មី​ឡើងវិញ​មួយទៀត​។ លើសពីនេះ បើ​ដីកា​ដែល​តុលា​ការចេញ​ជាថ្មីទៀត​នោះ នៅតែ​កំណត់​ពេលវេលា ដូច​ក្នុង​ដីកា​ចាស់ គឺ​លោក​នឹងមិន​ចូលខ្លួន តាម​ការបង្គាប់បញ្ជា របស់​តុលាការ​ដដែល ព្រោះ​វា​ផ្ទុយ​នឹង​នីតិវិធី​នៃ​ក្រមព្រហ្មទណ្ឌ ដែល​កំណត់ទុក​រយៈពេល​៥​ថ្ងៃ ក្រោយពី​ទទួលបាន​ដីកា​រួច​៖ «​និយាយ​រួម​ទៅ​បើទោះបី​មាន​ដីកា​ថ្មី​ក៏ដោយ​ប៉ុន្តែ​ត្រឹម​ថ្ងៃទី​២១ គឺ​ខ្ញុំ​មិនអាច​ចូល​បានទេ ដោយសារ​អី ដោយសារ​កាលណា​ខ្ញុំ​ចូលខ្លួន​បាន​ន័យ​ខ្ញុំ​រំលោភ​នីតិវិធី​ច្បាប់​ហើយ ព្រោះ​នៅក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដីកា​ត្រូវតែ​យកមក​មុន ឲ្យ​បាន​មុន​ថ្ងៃ​ដែល​យើង​ចូល​ហ្នឹង​ឲ្យ​បាន​៥​ថ្ងៃ​»​។​​កាលពី​ថ្ងៃទី ៨ ខែ តុលា ចៅក្រម​ស៊ើបសួរ នៃ​តុលាការ​ក្រុងភ្នំពេញ បានចេញ​ដីកា​កោះហៅ​ឲ្យ​លោក នី ចរិយា ចូល​បង្ហាញខ្លួន នៅ​ថ្ងៃទី ២១ តុលា​ខាងមុខនេះ ដោយ ភ្ជាប់​យក​ករណី​ថ្មី​បន្ថែមទៀត ចំពោះ​ការធ្វើ​សន្និសីទកាសែត និង ប្រឆាំង​ការដាក់​ពាក្យបណ្តឹង​ទៅ​៤​ស្ថាប័ន របស់លោក នី ចរិយា បន្ថែមទៀត ពាក់ព័ន្ធ​ការចាប់​ឃុំខ្លួន​ពលរដ្ឋ​២​នាក់​ដោយ​ខុសច្បាប់ នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​​ជុំវិញ​រឿងនេះ លោក នី ចរិយា ធ្លាប់បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្ដង​រួចមកហើយ​កាលពី​ថ្ងៃទី​១៣ កក្កដា ជុំវិញ​បទ​ចោទ បទ​បរិហារកេរ្តិ៍ ឬ​បរិហារ​បង្កាច់​កេរ្តិ៍ និង ការដាក់​សម្ពាធ​លើ​យុត្តាធិការ​តុលាការ នៃ​ក្រមព្រហ្មទណ្ឌ​។​​ពាក់ព័ន្ធ​សំណុំ​រឿងនេះ គឺជា​វិវាទ​កើតឡើង​ដោយសារ​ជម្លោះដីធ្លី នៅ​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប ហើយ​ម្ចាស់​ដី​២​នាក់ ត្រូវបាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ​។ បញ្ហា​នេះ លោក នី ចរិយា យល់ឃើញថា ព្រះរាជអាជ្ញារង​លោក សុក កែវ​បណ្ឌិត និង​ចៅក្រម​ស៊ើបសួរ​ខេត្តសៀមរាប លោក គី ឬ​ទ្ធី ចោទប្រកាន់ និង​ឃុំខ្លួន​មនុស្ស​ដោយ​ខុសច្បាប់​។​​វិទ្យុ​អាស៊ីសេរី ពុំ​អាចទាក់ទង​មន្ត្រី​តុលាការខេត្ត​សៀមរាប​ទាំង​នេះ ដើម្បី​សុំ​ការឆ្លើយតប​ពី​បញ្ហា​នេះ បានទេ​នៅ​ថ្ងៃទី​១៣ តុលា​។ ដោយឡែក​ក្រុម​មេធាវី​ការពារ​ក្ដី របស់លោក នី ចរិយា ក៏​ពុំ​អាច​សុំ​ការអត្ថាធិប្បាយ​បាន​នៅឡើយ​ដែរ​។​​លោក អំ សំអាត មន្ត្រីជាន់ខ្ពស់​អង្គការ​លីកាដូ​(LICADHO) ចាត់ទុកថា នេះ​ជា​មធ្យោបាយ​ដាក់​សម្ពាធ​បន្ថែមទៀត ប្រឆាំង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​។ លោក​យល់ឃើញថា ការប្រើ​ប្រព័ន្ធតុលាការ ដើម្បី​ដាក់​គំនាប​មកលើ​អ្នកការពារ​សិទ្ធិមនុស្ស​នេះ គឺជា​ការ​បំបិទ​សិទ្ធិសេរីភាព ដ៏​ធ្ងន់ធ្ងរ ក្រោម​ហេតុផល ដើម្បី​ផលប្រយោជន៍​បុគ្គល ហើយ​ការពារ​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ប៉ុណ្ណោះ​៖ «​សាមីខ្លួន​បានទទួល​ដីកា​ពី​តុលាការ វា​ទាល់តែ​សាមីខ្លួន​ហ្នឹង​គាត់​បានទទួល​ពិតប្រាកដ ហើយ​មានការ​ចុះហត្ថលេខា​ទទួល​ស្គាល់​អំពី​ការទទួល​ដីកា ។​អាហ្នឹង​បាន​ទាក់ទង​នឹង​ការទទួល​ដីកា​តាមផ្លូវ​ច្បាប់ ហើយ​គាត់​ហត្ថលេខា​ទទួល​ហើយ​គាត់​មិន​ទៅ​ទើប​តុលាការ​សិទ្ធិ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ »​។​​អង្គការ​មិនមែន​រដ្ឋាភិបាល យល់ឃើញថា ការប្រើប្រាស់​ប្រព័ន្ធតុលាការ ក្រោម​ហេតុផល​ដើម្បី​យុត្តិធម៌​សង្គម ប្រឆាំង​សកម្មជន​ព្រៃឈើ អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​ការពារ​បរិស្ថាន និង​អ្នកនយោបាយ​ក្នុងដំណាក់កាល​ចុងក្រោយ​នេះ គឺ​មិន​ខុសគ្នា​ចំពោះ ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ កាល​ជាង ១០​ឆ្នាំមុន​ប៉ុន្មាន​នោះទេ​។​​មាន​មនុស្ស​ជាង​ច្រើន ដែល​ឃាតក​បាញ់សម្លាប់​ហើយ មិនទាន់​ទទួលបាន​យុត្តិធម៌​នៅឡើយ ដូចជា​តារាភាពយន្ត អ្នកស្រី ពិសិដ្ឋ ពី​លីកា ប្រធាន​សហជីព លោក ជា វិជ្ជា ព្រះ​តេជគុណ សំ ប៊ុន​ធៀន លោក ជួ ជា​ថា​រិ​ទ្ធ និង ចុងក្រោយ​គឺ​លោក ឈុត វុទ្ធី សកម្មជន​ការពារ​បរិស្ថាន​ដ៏​ល្បីល្បាញ តែ​មកទល់ពេលនេះ ជនល្មើស​នៅក្រៅ​សំណាញ់​ច្បាប់​នៅឡើយ​។​​ដោយឡែក​ករណី​លោក នី ចរិយា នេះ​វិញ ក្រុមមន្ត្រី​សិទ្ធិមនុស្ស​លើកឡើងថា លោក​បានធ្វើការ​ដើម្បី​ការពារ​សិទ្ធិ​សាធារណជន តែ​ត្រូវបាន​ប្រឈម​នឹង​ការប្រើប្រាស់​ប្រព័ន្ធតុលាការ ក្នុងការ​គាបសង្កត់​ទៅ​វិញ​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥៕