• ជនជាតិដើម​ភាគតិច​នៅ​រតនគិរី​បន្ត​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​អ្នកភូមិ​បីនាក់​

    • ថ្ងៃចេញផ្សាយ ៤-ធ្នូ-២០១៥

    ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ភូមិបរ​ឡយ ឃុំ​កិ​ចុង ស្រុក​បរ​កែវ ខេត្តរតនគិរី សម្រេចចិត្ត​វិល​ទៅ​លំនៅឋាន​វិញ​ដើម្បី​បន្ត​ការទាមទារ​តាម​នីតិវិធី​ឲ្យ​តុលាការ​ដោះលែង​តំណាង​អ្នកភូមិ ៣​នាក់ ដែល​តុលាការ​ចាប់ខ្លួន​ក្នុង​រឿង​ដីធ្លី​។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ចាត់ទុក​ការចាប់ខ្លួន​តំណាង​អ្នកភូមិ គឺជា​ការគំរាមកំហែង​សិទ្ធិ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​។​​អ្នកភូមិ​បរ​ឡយ ជាង ២០០​នាក់ បាន​ផ្ដិតមេដៃ​លើ​លិខិតធានា​សុំ​ឲ្យ​តំណាង​ពួកគាត់​បីនាក់​បាន​នៅក្រៅ​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន នៅ​ថ្ងៃទី​៣ ខែធ្នូ នេះ មុននឹង​អ្នកភូមិ​សម្រេច​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​។​​កាលពី​ថ្ងៃទី​២ ធ្នូ កន្លងទៅនេះ អ្នកភូមិ ១៥០​នាក់ បាន​ច្រាន​រំលំ​ទ្វាររបង​សម្រុកចូល​ការិយាល័យ​តុលាការខេត្ត​រតនគិរី ខណៈដែល​មន្ត្រី​តុលាការ​បាន​ចាប់ខ្លួន​តំណាង​ពួកគាត់​បីនាក់​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ក្រោយពី​បើកសវនាការ​រឿងក្តី​ចោទប្រកាន់​អ្នកភូមិ​រំលោភ​ដីធ្លី​អ្នកដទៃ​។​​អ្នកភូមិ​ឈ្មោះ សុន សក្តិ សំដែង​ការខឹង​សម្បា​យ៉ាងខ្លាំង​ដោយ​ចាត់ទុក​ការចាប់ខ្លួន​តំណាង​អ្នកភូមិ​ថា ជា​រឿង​អយុត្តិធម៌​ហើយ​ហៅ​ការសម្រេច​ក្តី​របស់​មន្ត្រី​តុលាការ​ថា ពាក់ព័ន្ធ​ថា​ជា​រឿង​ពុករលួយ​។ គាត់​អំពាវនាវ​សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ចាត់វិធានការ​ស៊ើបអង្កេត និង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​អ្នកភូមិ​មកវិញ​៖ «​ស្ថាប័ន​ទាំងអស់​ជួយ​រក​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​យើងខ្ញុំ​ផង​។ អយុត្តិធម៌​ខ្លាំងណាស់ ជាមួយ​ប្រជាពលរដ្ឋ​យើងខ្ញុំ​ទាំងអស់នេះ​។ ពុំមាន​យុត្តិធម៌​ទេ​ពួកនេះ គឺ​វា​អាង​អំណាច អាង​លុយ​»​។​​ដូចគ្នានេះដែរ ភរិយា​តំណាង​អ្នកភូមិ​ម្នាក់​ដែល​កំពុង​ជាប់ឃុំ​ខ្លួន អ្នកស្រី យន់ រ៉​ន អះអាងថា ប្ដី​គាត់​មិនបាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ ពីព្រោះ​ប្ដី​គាត់​តំណាង​អ្នកភូមិ​ការពារ​ដីធ្លី​ដែល​ពួកគាត់​កំពុង​រស់នៅ​តាម​លក្ខណៈ​ប្រពៃណី​ជនជាតិដើម​ភាគតិច ហេតុនេះ​អ្នកស្រី​អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​កំពូល​ថ្នាក់ជាតិ​ផ្ដល់​យុត្តិធម៌​មក​អ្នកភូមិ​វិញ​៖ «​មក​កាត់ក្ដី​ភាគី​ម្ខាង​មិន​មក​ទេ ហៅ​តែ​ភាគី​ម្ខាង​មក ទន្ទឹមនឹងនេះ វា​យកប្ដី​ខ្ញុំ​ដាក់គុក ចូល​ផ្លូវ​មុខ ចេញ​ផ្លូវ​ក្រោយ​។ តុលាការ​អយុត្តិធម៌​ណាស់ ពុករលួយ​ណាស់​! សូម​ឲ្យ​ក្មួយ​រក​ភាពយុត្តិធម៌​ឲ្យ​ពួកយើងខ្ញុំ​ផង​»​។​​វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​ប្រធាន​តុលាការខេត្ត​រតនគិរី លោក សួស ឡា សុំ​បញ្ជាក់​ពី​ការចោទប្រកាន់​របស់​ព​ល​រដ្ឋ​បានទេ នៅ​ថ្ងៃទី​៣ ខែធ្នូ ក៏ប៉ុន្តែ​កាលពី​រាត្រី​ថ្ងៃទី​២ ធ្នូ កន្លងទៅ ប្រធាន​តុលាការ អាជ្ញាធរខេត្ត និង​មន្ត្រី​ស្នងការដ្ឋាន​ប៉ូលិស និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​បាន​ជួបពិភាក្សា​បន្ទាន់​មួយ ហើយ​ផ្ដល់យោបល់​ឲ្យ​អ្នកភូមិ​ដាក់ពាក្យ​ប្ដឹង​ទាស់​សាលក្រម​តុលាការ​សាលាដំបូង​ខេត្តរតនគិរី ដែល​បានសម្រេច​ចាប់ខ្លួន​តំណាង​អ្នកភូមិ​ដើម្បី​តុលាការ​សាលាឧទ្ធរណ៍​សម្រេច​ក្តី​នេះ​ឡើងវិញ​។​​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្តរតនគិរី លោក ឆាយ ធី អះអាង​ដែរ​ថា អ្នកភូមិ​បានទទួល​យក​យោបល់​របស់​អាជ្ញាធរ​ពា​ក់​ព័ន្ធ​។ ចំណែក​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​ទាំង​បីនាក់​បានធ្វើ​លិខិត​ប្ដឹង​ទាស់​រួចហើយ​ដែរ​។​​លោក​បន្តថា មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​សន្យាថា នឹង​បញ្ជូន​ពាក្យ​ប្ដឹង​ទាស់​របស់​មេធាវី​តំណាង​ជនជាប់ចោទ​ទៅ​សាលាឧទ្ធរណ៍​ឲ្យ​បាន​ឆាប់ ដើម្បី​ព​ន្លឿ​ន​នីតិវិធី​ធ្វើយ៉ាងណា​ឲ្យ​តំណាង​អ្នកភូមិ​បាន​រួច​ពី​ការចោទប្រកាន់​៖ «​ការចាប់ខ្លួន​បន្ទាប់ពី​សវនាការ​ចប់ យើង​ឃើញថា ការគំរាមកំហែង​បំបាក់ស្មារតី​ពលរដ្ឋ​ជា​តំណាង​សហគមន៍ ដែល​គាត់​លេចធ្លោ​ក្នុងការ​ប្ដឹងតវ៉ា​ទៅ​ឲ្យ​គ្នា​គាត់ ១១២​នាក់​ហ្នឹង​»​។​​ដីការ​ក្សា​ការពារ​របស់​ចៅក្រម​សាលាដំបូង​ខេត្តរតនគិរី កាលពី​ឆ្នាំ​២០១៣ ឈ្មោះ ហ៊ាង សុជាតិ មាន​ប័ណ្ណកម្មសិទ្ធិ ២០​ប្លង់​ដែលមាន​ម្ចាស់​កម្មសិទ្ធិ​ផ្សេងគ្នា​លើដី​សរុប ១៨៦​ហិកតារ បាន​ប្ដឹង​សុំ​ទៅ​តុលាការខេត្ត​រតនគិរី រក្សា​ការពារ​ដី​ដែល​ប្រជាពលរដ្ឋ​បាន​តាំងទី​លំនៅ និង​ប្ដឹង​ចោទ​អ្នកភូមិ​ថា បាន​រំលោភ​កាន់កាប់​អចលនទ្រព្យ​របស់ខ្លួន​។​​យ៉ាងណាក៏ដោយ អ្នកភូមិ​បរ​ឡយ នៅ​រសៀល​ថ្ងៃទី​៣ ខែធ្នូ នាំគ្នា​ចាកចេញ​ពី​ការិយាល័យ​អង្គការ​អាដហុក បន្ទាប់ពី​ពួកគាត់​បាន​ស្នាក់នៅ​តវ៉ា​សុំ​ឲ្យ​ដោះលែង​តំណាង​ពួកគាត់​មកវិញ​កាលពី​រាត្រី​ថ្ងៃទី​២ ខែធ្នូ​។ មុននឹង​ចាកចេញ​អ្នកភូមិ​បាន​ស្រែក​ថ្កោលទោស​មន្ត្រី​តុលាការ​ទៅនឹង​អំពើពុករលួយ​។ អ្នកភូមិ​អះអាងថា រយៈពេល ៥​ថ្ងៃ​ទៀត ប្រសិន​មិនមាន​ការដោះលែង​តំណាង​ពួកគាត់​វិញ​ទេ​។ អ្នកភូមិ​នឹង​នាំគ្នា​មក​បន្ត​ការតវ៉ា​ជាថ្មីទៀត​៕​ដកស្រង់​ចេញពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៥៕