• សមត្ថកិច្ច​ចាប់ខ្លួន​ពលរដ្ឋ​ម្នាក់​ជា​តំណាង​អ្នក​តវ៉ា​ដីធ្លី​អូស​រូប​ទីងមោង​នៅ​ក្រុង​ប៉ោយប៉ែត​

    • ថ្ងៃចេញផ្សាយ ១៥-ធ្នូ-២០១៥

    សមត្ថកិច្ច​ចាប់ខ្លួន​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ដែលមាន​ទំនាស់​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​១៤ ធ្នូ បន្ទាប់ពី​ពួកគាត់​តវ៉ា​ដោយ​ដើរ​អូស​រូប​ទីងមោង​តាម​ដងផ្លូវ ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ និង​ផ្ដល់​សំណង​សមរម្យ​ឲ្យ​បាន​ឆាប់រហ័ស​។ ទាក់ទិន​នឹង​បញ្ហា​នេះ អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បញ្ជាក់ថា ការចាប់ខ្លួន​នេះ ដោយសារ​ប្រជាពលរដ្ឋ​មិន​អនុវត្តតាម​ការណែនាំរ​បស់​សមត្ថកិច្ច​។​​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ការតវ៉ា​របស់​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត បាន​ប្រតិកម្ម​ភ្លាមៗ​ទៅនឹង​សមត្ថកិច្ច ដែល​ចាប់ខ្លួន​តំណាង​អ្នក​តវ៉ា​នោះ ថា​ជា​ទង្វើ​មួយ​គំរាមកំហែង និង​បិទ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​រប​ស់​ប្រជាពលរដ្ឋ​។​​តំណាង​ប្រជាពលរដ្ឋ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​ឈ្មោះ លោក ឆេង ប៊ុន​ហាក់ អាយុ ៣៨​ឆ្នាំ រស់នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។លោក ឆេង ប៊ុន​ហាក់ ឲ្យ​ដឹង​មុន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៤ ធ្នូ ថា ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី និង​អ្នក​រង​ផលប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ប្រមាណ ៤០​នាក់ នាំគ្នា​តវ៉ា​ដោយ​ធ្វើ​រូប​ទីងមោង​តំណាង​ឲ្យ​អ្នកស្លាប់ ជា​និមិត្តរូប​មន្ត្រី​ពុករលួយ​មួយចំនួន ហើយ​អូស​រូបនោះ​តាមផ្លូវ​ជាតិ​លេខ​៥ ពី​សង្កាត់​ផ្សារកណ្ដាល ឆ្ពោះទៅ​រង្វង់​មូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចំនួន ៣​ជុំ​។ លោក​បញ្ជាក់ថា ការតវ៉ា​នេះ ដើម្បី​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដោះស្រាយ និង​ផ្ដល់​សំណង​ជូន​ពួកគាត់​ពី​ការប៉ះពាល់​ដោយ​ការសាងសង់​ផ្លូវ​រថភ្លើង​ទៅតាម​តម្លៃ​ដី​ទីផ្សារ​៖ «​ការតវ៉ា​នេះ ដោយសារ​ការឈឺចាប់​ក​ន្ល​ង​មក ដែល​អាជ្ញាធរ​បាន​រំលោភបំពាន​ដីធ្លី​របស់​អ្នកភូមិ ដើម្បី​ដាក់​បណ្ដាសា​ទៅ​មន្ត្រី​ពុករលួយ​ទាំងនោះ ឲ្យ​ស្លាប់​ដូច​រូប​ទីងមោង​ដែល​បាន​អូស​នោះ​»​។​​ឆ្លើយតប​នឹង​បញ្ហា​នេះ អធិការនគរបាល​ក្រុង​ប៉ោយប៉ែត លោក អ៊ុំ សុផល មានប្រសាសន៍ថា លោក​មិន​ជំទាស់​ទេ​ចំពោះ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ដោយ​អហិង្សា​នោះ ប៉ុន្តែ​ការតវ៉ា​ដោយ​អូស​រូប​មនុស្ស​ស្លាប់​បែបនេះ ពុំមែន​ជា​ដំណោះស្រាយ​សមរម្យ​សម្រាប់​អ្នក​តវ៉ា​ទាំង​នោះឡើយ​៖ «​រឿង​ទំនាស់​ដីធ្លី​ជា​រឿង​របស់​អាជ្ញាធរ​។ ក្នុងករណីនេះ ខ្ញុំ​បាន​ហាម​ប្រជាពលរដ្ឋ​ឲ្យ​តវ៉ា​អូស​រូប​ទីងមោង និង​ដាក់​រូប​ក្ដារ​មឈូស​ជាច្រើនលើក​មកហើយ តែ​ប្រជាពលរដ្ឋ​មិន​ស្ដាប់​។ ម្យ៉ាងទៀត​ការឃាត់ខ្លួន​នេះ ខ្ញុំ​បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ទេ​»​។​​មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទ​គា ដែល​បាន​ឃ្លាំមើល​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​នោះ មានប្រសាសន៍ថា ប្រជាពលរដ្ឋ​តវ៉ា​អូស​រូប​ខ្មោច​សិប្ប​និមិត្ត​នេះ ពុំមាន​កំហុស​ដូចដែល​សមត្ថកិច្ច​ត្រូវ​ចាប់ខ្លួន​តំណាង​ពួកគាត់​នោះទេ​។ លោក​ថា ប្រជាពលរដ្ឋ​ជ្រើស​យក​ការតវ៉ា​បែបនេះ ដោយសារ​ខឹងសម្បា​នឹង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បន្ទាប់ពី​តវ៉ា​សុំ​ឲ្យ​ដោះស្រាយ​អស់​ជាច្រើនលើក​ច្រើនសា​មកហើយ តែ​ពុំ​ទទួលបាន​លទ្ធផល​៖ «​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​នោះ គ្រាន់តែ​ជាការ​តស៊ូ​បញ្ចេញមតិ​អត់​មាន​ខុសច្បាប់​អ្វី ដែល​ត្រូវដាក់​ទោសទណ្ឌ​ពួកគាត់​ធ្ងន់ធ្ងរ​នោះទេ​»​។​​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត ជា​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី អេ​.​ឌី​.​ប៊ី (ADB)​។ គម្រោង​នេះ ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ប្រមាណ ៤០០​គ្រួសារ​ដែល​រង​ផលប៉ះពាល់ ពុំទាន់​ទទួលបាន​សំណង​តាម​តម្លៃ​ដី​ទីផ្សារ​នៅឡើយ​។​​បច្ចុប្បន្ន តំណាង​ពលរដ្ឋ​ដែល​ចាប់ខ្លួន​នោះ ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥៕​