• ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​សង់​ផ្លូវ​រថភ្លើង​បន្ត​តវ៉ា​

    • ថ្ងៃចេញផ្សាយ ១៦-ធ្នូ-២០១៥

    បន្ទាយ​មាន​ជ័​យៈ អ្នក​តវ៉ា​ប្រមាណ​ជាង ១០០ នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​កាលពី​ម្សិលមិញ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នករៀបចំ​ការតវ៉ា​ម្នាក់​ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​បាតុករ​បាន​ដុត​រូប​ទីងមោង​តំណាង​មន្ត្រី​ពុករលួយ និង​អូស​រូបនោះ​នៅតាម​ផ្លូវ​ខណៈ​សហគម​ន៍​របស់​ពួកគេ​ប្រឈម​នឹង​ការបណ្តេញ​ចេញពីផ្ទះ​រប​ស់​ខ្លួន​ដោយសារ​គម្រោង​ផ្លូវដែក និង​ខណៈ​អ្នក​តវ៉ា ៥ នាក់​ទៀត​ត្រូវបាន​កោះហៅ​ទៅ​ស្នងការ​ខេត្ត​សាកសួរ​។​​ លោក វ៉ន វ៉ាន់ អាយុ ៣៦ ឆ្នាំ​ដែលជា​បាតុករ​ម្នាក់​នៅក្នុង​ចំណោម​បាតុករ​ទាំង​នោះបាន​ថ្លែងថា​អ្នក​តវ៉ា​ប្រមាណ ១០០ នាក់​កំពុង​តវ៉ា​នៅមុខ​តុលាការខេត្ត​កាលពី​រសៀល​ម្សិលមិញ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក ឆេង ប៊ុន​ហាក់ ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​កាលពី​ថ្ងៃ​ចន្ទ​។​​លោក​បាន​ថ្លែងថា​៖ «​យើង​ចង់​ឲ្យ​តុលាការ​ដោះលែង​លោក ហាក់​»​។ «​ឥឡូវនេះ​យើង​សូម​យក​ឯកសារ​ពាក់ព័ន្ធ​ការតវ៉ា​មក​បង្ហាញ​អាជ្ញាធរ​»​។​​កាលពី​ថ្ងៃ​ចន្ទ​ក្រុមអ្នកតវ៉ា​ប្រមាណ ៥០ នាក់​បាន​ហែ​ក្បួន​តាមផ្លូវ​ក្នុង​ក្រុង​ប៉ោយប៉ែត​ដោយ​អូស​រូប​ទីង​ម៉ោង​ដែល​ប្រឡាក់​ជាមួយ​ឈាម​ក្លែងក្លាយ​ជាមួយនឹង​ការសរសេរ​ពាក្យ​ថា «​មន្ត្រី​ពុករលួយ​រំលោភបំពាន​លើ​ប្រជាពលរដ្ឋ និង​បង្កើត​អយុត្តិធម៌​ក្នុងសង្គម​»​។ បន្ទាប់ពី​ការហែក្បួន​ចប់​លោក ឆេង ប៊ុន​ហាក់ ដែលជា​អ្នករៀបចំ​ការតវ៉ា​នេះ​ត្រូវបាន​នគរបាល​ចាប់ខ្លួន​។​​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បដិសេធ​ធ្វើ​អធិប្បាយ​ដោយ​ថ្លែងថា​លោក​ជាប់រវល់​ធ្វើការ​ងារ​លើ​ករណីនេះ​។​​លោក ស៊ុំ ចន្ទ​គា អ្នកសម្របសម្រួល​អង្គ​ការ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​បាន​ថ្លែងថា​អ្នក​តវ៉ា ៥ នាក់​ក្នុងចំណោម​អ្នក​តវ៉ា​ទាំងនោះ​ត្រូវបាន​កោះហៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ត​។​​លោក​បាន​ថ្លែងថា​ការឃុំខ្លួន​នេះ​គឺជា​ការវាយប្រហារ​ទៅលើ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ជា​ប្រភេទ​នៃ​ការគំរាមកំហែង​អ្នក​តវ៉ា​។​​លោក​ថា​៖ «​នេះ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពលរដ្ឋ​មាន​សិទ្ធិ​តវ៉ា​ដើម្បី​បង្ហាញ​ពី​អ្វីដែល​ប៉ះពាល់​ដល់​ពួកគេ​ទៅ​អាជ្ញាធរ​»​។ «​ប៉ុន្តែ​អាជ្ញាធរ​បែរជា​ប្រើ​កម្លាំង​បង្ក្រាប​ខណៈ​ពលរដ្ឋ​កំពុង​ឈឺចាប់​បាត់បង់​ដី និង​ផ្ទះ​របស់ខ្លួន​»៕​ដកស្រង់​ពី​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ចេញផ្សាយ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​។​