• សមត្ថកិច្ច​នឹង​ចរចា​រក​ដំណោះស្រាយ​រឿង​កម្មករ​តវ៉ា​នៅ​ក្រុង​បាវិត​

    • ថ្ងៃចេញផ្សាយ ២២-ធ្នូ-២០១៥

    ​កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត​ដែល​តវ៉ា​បាន​បំបែក​គ្នា​អស់ហើយ ខណៈដែល​ភាគី​អាជ្ញា​ធរមាន​សមត្ថកិច្ច តំណាង​ក្រុមហ៊ុន និង​តំណាង​សហជីព​នឹង​ចរចា​រក​ដំណោះស្រាយ​ធំ​មួយ នា​រសៀល​ម៉ោង​២ ថ្ងៃទី​២២ ធ្នូ នៅ​សាលាខេត្ត​ស្វាយរៀង បន្ទាប់ពី​កម្មករ​បន្ត​តវ៉ា​ជាង​១​សប្ដាហ៍​។​​កាលពី​មិញ​មានការ​ប៉ះទង្គិច​គ្នា​សាជាថ្មី រវាង​សមត្ថកិច្ច​និង​កម្មករ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេ​ហាត​ធេ​ន​(Manhattan) នៃ​ក្រុង​បាវិត ខេត្តស្វាយរៀង​។​ ​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​កម្មករ​រាប់ពាន់នាក់ បាននាំគ្នា​វាយ និង​គប់​រថយន្ត​បាញ់​ទឹក​១​គ្រឿង របស់​សមត្ថកិច្ច​ឲ្យ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ខណៈដែល​សមត្ថកិច្ច​ព្យាយាម​វាយ​បំបែក​ក្រុមបាតុករ​ដែល​កំពុង​តវ៉ា​។​​ក្នុងពេល​ប្រទូស្ត​រាយ​គ្នា មាន​កម្មករ និង​សមត្ថកិច្ច​មួយចំនួន​បាន​រងរបួស​។​​កាលពី​ព្រឹក​ថ្ងៃទី​២១ ធ្នូ ក៏មាន​កម្មករ​ជិត​៦០​នាក់ ត្រូវ​អាជ្ញាធរ​ប្រើ​ឡាន​បាញ់​ទឹក​បួន​គ្រឿង​បំបែក​កម្មករ និង​ឈានដល់​ចាប់ខ្លួន ក្នុងពេល​តវ៉ា តែ​ពួកគេ​ត្រូវបាន​ដោះលែង​វិញ នា​ល្ងាច​ថ្ងៃទី​២១ ធ្នូ ដោយ​ភ្ជាប់​កិច្ចសន្យា​ឲ្យ​ពួកគេ​ឈប់​តវ៉ា​។​​កម្មករ​រោងចក្រ​រាប់ម៉ឺន​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន (Manhattan) និង​តាយសេង​(Tai Seng) ក្នុង​ក្រុង​បាវិត បានចេញ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល ២០​ដុល្លារ​បន្ថែម តាំងពី​ថ្ងៃទី​១៦ ធ្នូ មក ហើយ​មកទល់ពេលនេះ នៅ​មិនទាន់​ទទួលបាន​ដំណោះស្រាយ​នៅឡើយ​។​​រហូតមកដល់​ពេលនេះ​មាន​កម្មករ ៤​នាក់​ហើយ កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ដោយ​ចោទ​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ និង​ញុះញង់​ឲ្យ​មាន​ការតវ៉ា​ហិង្សា​។ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥។​​