• សមត្ថកិច្ច​បំបែក​មន្ត្រី​សង្គម​ស៊ីវិល និង​សាច់ញាតិ​អ្នកស្លាប់​នៅ​ផ្លូវ​វ៉េងស្រេង​មិន​ឲ្យ​ប្រមូល​ផ្កុំ​ធ្វើ​ពិធី​បង្សុកូល​

    • ថ្ងៃចេញផ្សាយ ៤-មករា-២០១៦

    សមត្ថកិច្ច​បំបែក​ក្រុម​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​មន្ត្រី​សង្គម​ស៊ីវិល​មិន​ឲ្យ​ប្រមូលផ្ដុំ​ធ្វើ​ពិធី​បង្សុកូល​រំឭក​ខួប​២​ឆ្នាំ​ដល់​អ្នកស្លាប់​កាលពី​ឆ្នាំ​២០១៤ ​សមត្ថកិច្ច​រាប់រយ​នាក់​ប្រដាប់​ដោយ​ខែល និង​ដំបងឆក់​បាន​បំបែក​ក្រុម​ប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រី​សង្គម​ស៊ីវិល និង​សាច់ញាតិ​អ្នកស្លាប់​នៅ​ផ្លូវ​វ៉េងស្រេង​មិន​ឲ្យ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​ពិធី​បង្សុកូល​រំឭក​ខួប​២​ឆ្នាំ​ដល់​អ្នកស្លាប់​កាលពី​ឆ្នាំ​២០១៤ ក្រោម​ហេតុផល​ថា ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​។​​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ក្រុមមន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ក្រុមគ្រួសារ​ជនរងគ្រោះ គ្រោង​រៀបចំ​ធ្វើ​ពិធី​បង្សុកូល​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដោយ​ការបង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​កាល​ឆ្នាំ​២០១៤​នោះ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទទួលខុសត្រូវ និង​រក​យុត្តិធម៌​ជូន​អ្នកស្លាប់ និង​ជនរងគ្រោះ​។ ក៏ប៉ុន្តែ ការជួបជុំ​នេះ​ត្រូវបាន​រារាំង និង​បំបែក​ដោយ​កងកម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់​ដែលមាន​ប្រដាប់​ដោយ​ខែល និង​ដំបងឆក់​។ទោះយ៉ាងណា​ក៏ដោយ ពុំមាន​ការប៉ះទង្គិច​គ្នា​បាន​កើតឡើង​នោះទេ​។​​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការ​លីកាដូ​លោក អំ សំអាត ដែល​បាន​ចូលរួម​ពិធី​រំឭក​នេះ​មានប្រសាសន៍ថា ទង្វើ​របស់​អាជ្ញាធរ​គឺជា​ការបិទ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ប្រមូលផ្ដុំ និង​សេរីភាព​ក្នុង​ការគោរព​សាសនា ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ​។ លោក​ថា មូល​ហេតុដែល​សមត្ថកិច្ច​ព្យាយាម​បំបែក​ការ​ប្រារព្ធ​ពិធី​នេះ​គឺ​ដោយសារ​ពួកគេ​ចង់​បំបាត់​រឿង​ប្រវត្តិសាស្ត្រ​ពី​អតីតកាល​មិន​ឲ្យ​មានការ​ចោទប្រកាន់​លើ​សមត្ថកិច្ច​ដែល​បាន​បាញ់​បង្ក្រាប​លើ​កម្មករ​កាលពី​កន្លងទៅ​។​​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុងឌី​ម៉​ង់ ច្រានចោល​ការចោទប្រកាន់​នេះ ដោយ​លោក​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិនបាន​ដាក់​ពាក្យសុំ​ការអនុញ្ញាត​ដើម្បី​រៀបចំ​ពិធី​នេះ​នោះទេ​។​ កាលពី​ថ្ងៃ​ម្សិលមិញ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បានចេញ​លិខិត​មួយច្បាប់​ផ្ញើ​ទៅ កាន់​អភិបាលខណ្ឌ​មានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ជូនដំណឹង​ថា សាលា​រាជធានី​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ជួបជុំគ្នា​នៅតាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​នៅ​ផ្លូវ​វ៉េងស្រេង​នោះទេ ដោយ​តម្រូវ​ឲ្យ​ទៅ​រៀបចំ​ពិធី​នេះ​នៅតាម​ទី​វត្ត​អា​រ៉ា​ម និង​នៅផ្ទះ​វិញ​។សាលា​រាជធានី​ភ្នំពេញ​ក៏បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ជន​ណា​ដែល​សាលា​រាជធានី​ចាត់ទុកថា​បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ​ផងដែរ​។​​គួររំឭកថា កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ កងទ័ព​ឆ័​ត្រ​យោង​៩១១​បាន​បាញ់​បង្ក្រាប​ទៅលើ​ក្រុមកម្មករ​ដែល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​១៦០​ដុល្លារ​ក្នុង​មួយខែ បណ្ដាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់​នៅនឹងកន្លែង ម្នាក់​បាត់​ខ្លួន និង​ជិត​៤០​នាក់​រងរបួស​។ ម្នាក់​ក្នុងចំណោម​អ្នករងរបួស​បាន​ស្លាប់ នៅ​ប៉ុន្មាន​ខែក្រោយ​មក ចំណែក​អ្នក​ផ្សេងទៀត​ត្រូវ​ពិការ​មួយជីវិត​៕​ ដកស្រង់ចេញពីវិទ្យុសំលេងប្រជាធិបត្តេយ្យ VOD ចេញផ្សាយថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ។